ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ សមាគម​ក្រុម​ប្រឹក្សា​ថ្នាក់​មូលដ្ឋា ​នៅខេត្តបន្ទាយ មានជ័យ បាន​ប្រជុំ​ប្រចាំ​ឆ្នាំ ​ក្រុម​ប្រឹក្សា​សមាគម​ គណៈកម្មាធិការ​ប្រតិបត្តិ ​អាណត្តិទី៣ ឆ្នាំ២០២២ ដែលធ្វើនៅសាល​ប្រជុំ​មន្ទីរ​អប់រំ​ យុវជន និងកីឡាខេត្ត នាថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៣​ ។

លោក ជាម សុខ ប្រធានសមាគមក្រុមប្រឹក្សាស្រុក ក្រុង ឃុំ សង្កាត់ ខេត្ត បានឱ្យដឹងថាៈ កិច្ចប្រជុំប្រចាំឆ្នាំនេះ បានផ្ដោតសំខាន់គឺៈ
ទី១-ពិភាក្សានិងអនុម័តការកែប្រែអត្រាប្រាក់បេសកកម្ម ប្រាក់ធ្វើដំណើររបស់សមាគម ។ ទី២-ពិភាក្សានិងអនុម័តរបាយការណ៍វឌ្ឍនភាពការងារសម្រេចបាន នៅឆ្នាំ២០២២ ។
ទី៣ -ពិភាក្សានិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២២ របស់សមាគម ។
ទី៤-ពិភាក្សានិងអនុម័តសកម្មភាព និងថវិកា ឆ្នាំ២០២៣ ដោយផ្តោតលើអាទិភាព មួយចំនួន ដូចជា ការបណ្តុះបណ្តាលស្មៀនឃុំ សង្កាត់ និងការផ្សព្វផ្សាយក្រមសីលធម៌ សម្រាប់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងបន្តចុះប្រឹក្សាយោបល់ ជាមួយក្រុមប្រឹក្សាទាំងនេះ ។

លោក សយ កុសល ប្រធានសម្ព័ន្ធជាតិ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងវាគ្មិនដទៃ ទៀត បានលើក ពិភាក្សាពីបញ្ហានានា ដែលមានខ្លឹមសារនៅជុំវិញគោលបំណង និង ទិសដៅ នៃសមាគម ដែលលើកកម្ពស់ឋាន: អភិវឌ្ឍន៍សមត្ថភាព ការពារផលប្រយោជន៍ របស់សមាគម និងកសាងភាពជាដៃគូ ជាមួយក្រសួង ស្ថាប័ន។ ពង្រឹងសមាគម ចីរភាពហិរញ្ញវត្ថុ សមត្ថភាពសមាជិក ទំនាក់ទំនងជាមួយអង្គការជាតិ អន្តរជាតិ មន្ទីរ ក្រសួង ស្ថាប័ន អភិវឌ្ឍន៍សេដ្ឋកិច្ចនិងយែនឌ័រជាដើម ។

លោក​ យឹម​ សំណាង​ អភិបាលរងខេត្តបន្ទាយមានជ័យ ដែលអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំនោះ បានស្នើ និងជំរុញឱ្យប្រធាន និងសមាជិកសមាគម បន្តខិតខំអនុវត្ត ឱ្យសម្រេចបាន តាមគោលបំណង គោលដៅនិងការប្តេជ្ញាចិត្តរបស់ខ្លួននៅឆ្នាំ២០២៣នេះ សំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍មូលដ្ឋាន ក៏ដូចជាខេត្ត និងប្រទេសជាតិ ជាពិសេស ផ្តល់សេវា និងការលើកម្ពស់ជីវភាពប្រជាពលរដ្ឋ ឱ្យល្អ និងមានប្រសិទ្ធភាព៕/V-PC