ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមមន្ត្រីអាម៉េរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៦មករាថា ការវាយឆ្មក់របស់យោធាអាម៉េរិកនៅក្នុងប្រទេសសូម៉ាលី ដែលបញ្ជាដោយប្រធានាធិបតី ចូ បៃដិន បានសម្លាប់មេដឹកនាំក្នុងតំបន់ដ៏សំខាន់មួយរូបនៃក្រុមរដ្ឋអ៊ីស្លាម (IS)គឺលោក ប៊ីឡាល់ អាល់ស៊ូដានី (Bilal al-Sudani)។
យោងតាមមន្ត្រីអាម៉េរិក លោកស៊ូដានីត្រូវបានសម្លាប់ក្នុងអំឡុងការប្រយុទ្ធគ្នាដោយកាំភ្លើង បន្ទាប់ពីទាហានអាម៉េរិកបានចុះមកដល់លើរូងភ្នំមួយនៅភាគខាងជើងប្រទេសសូម៉ាលីដោយសង្ឃឹមចាប់ខ្លួនគាត់។
ក្រុមមន្ត្រីបាននិយាយថា កូនចៅរបស់លោកស៊ូដានីប្រហែល១០នាក់នៅកន្លែងកើតហេតុត្រូវបានសម្លាប់ ប៉ុន្តែមិនមានទាហានអាម៉េរិកណាម្នាក់រងរបួសឬស្លាប់នោះទេ។
រដ្ឋមន្ត្រីការពារជាតិ លោក ឡយ អូស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កាលពីថ្ងៃទី ២៥ ខែមករា តាមបញ្ជាពីប្រធានាធិបតីយោធាអាម៉េរិកបានធ្វើប្រតិបត្តិការវាយលុកនៅភាគខាងជើងប្រទេសសូម៉ាលី ដែលបណ្តាលឱ្យសមាជិក ISISជាច្រើននាក់ស្លាប់ រួមទាំងលោក ប៊ីឡាល់ អាល់ស៊ូដានី”។
លោកអូស្ទីនបាននិយាយថា “អាល់ស៊ូដានីទទួលខុសត្រូវសម្រាប់ការជំរុញវត្តមានរបស់ ISISដែលកំពុងកើនឡើងនៅក្នុងទ្វីបអាហ្វ្រិកនិងសម្រាប់ការផ្តល់មូលនិធិដល់ប្រតិបត្តិការរបស់ក្រុមនេះនៅទូទាំងពិភពលោក រួមទាំងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានផងដែរ”។
មន្ត្រីអាម៉េរិកម្នាក់បាននិយាយក្នុងលក្ខខណ្ឌអនាមិកថា ពីមូលដ្ឋានភ្នំរបស់គាត់នៅភាគខាងជើងប្រទេសសូម៉ាលី គាត់បានផ្តល់និងសម្របសម្រួលថវិកាសម្រាប់សាខា ISមិនត្រឹមតែនៅក្នុងទ្វីបអាហ្វ្រិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្រុមរដ្ឋអ៊ីស្លាមខូរ៉ាសាន (Khorasan) ដែលជាសាខាប្រតិបត្តិការ ISIS នៅក្នុងប្រទេសអាហ្វហ្គានីស្ថានផងដែរ។
កាលពី ១០ ឆ្នាំមុន មុនពេលដែលគាត់ចូលរួមជាមួយរដ្ឋអ៊ីស្លាម លោកស៊ូដានីបានចូលរួមក្នុងការជ្រើសរើសនិងបណ្តុះបណ្តាលអ្នកប្រយុទ្ធសម្រាប់ចលនាជ្រុលនិយម អាល់សាបាប (al-Shabaab) នៅក្នុងប្រទេសសូម៉ាលី។
មន្ត្រីរូបនោះបាននិយាយថា”ស៊ូដានីមានតួនាទីប្រតិបត្តិការនិងហិរញ្ញវត្ថុដ៏សំខាន់ជាមួយនឹងជំនាញឯកទេសដែលធ្វើឱ្យគាត់ក្លាយជាគោលដៅសំខាន់សម្រាប់សកម្មភាពប្រឆាំងភេរវកម្មរបស់សហរដ្ឋអាម៉េរិក”៕
លោក ប៊ីឡាល់ អាល់ស៊ូដានី ត្រូវបានសម្លាប់ក្នុងការវាយឆ្មក់របស់អាម៉េរិកនៅសូម៉ាលីកាលពីទី២៥មករា ឆ្នាំ២០២៣