ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសអូស្ត្រាលីនៅថ្ងៃសុក្រទី២៧មករានេះបានជំរុញឱ្យមន្ត្រីកីឡាវាយតេន្នីសហាមឃាត់ឪពុករបស់កីឡាករ ណូវ៉ាក់ ឌីចូកូវិក (Novak Djokovic) ពីព្រឹត្តិការណ៍ Australian Open បន្ទាប់ពីគាត់បានថតរូបជាមួយអ្នកគាំទ្រដែលលើកទង់ជាតិរុស្ស៊ី។
ឯកអគ្គរដ្ឋទូត វ៉ាស៊ីល មីរ៉ូស្នីឆិនកូ (Vasyl Myroshnychenko) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “គាត់គួរតែត្រូវបានដកហូតប័ណ្ណសម្គាល់ខ្លួន”។
លោកមីរ៉ូស្នីឆិនកូក៏បានអំពាវនាវឱ្យឌីចូកូវិក ដែលកំពុងត្រៀមជួបកីឡាករ ថូមមី ផូល (Tommy Paul)ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតនេះសុំទោសដោយផ្ទាល់និងបញ្ជាក់ពីជំហររបស់គាត់ចំពោះការឈ្លានពានរបស់រុស្ស៊ីផងដែរ។
គាត់បាននិយាយថា “វាមានសារៈសំខាន់សម្រាប់ណូវ៉ាក់ដើម្បីដោះស្រាយស្ថានភាពនេះ។ គាត់គួរតែសុំទោសចំពោះអ្វីដែលបានកើតឡើង ហើយថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន”។
វីដេអូមួយដែលត្រូវបានបង្ហោះចូលទៅក្នុងគណនី YouTube របស់ជនជាតិអូស្ត្រាលីគាំទ្ររុស្ស៊ីមួយរូបកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញឪពុករបស់ឌីចូកូវិក លោកស្រាឌីចាន់ (Srdjan)ឈរជាមួយបុរសម្នាក់កាន់ទង់ជាតិរុស្ស៊ីជាមួយនឹងរូបលោក វ្ល៉ាឌីមៀ ពូទីន នៅលើនោះ។
វីដេអូនេះត្រូវបានគេដាក់ចំណងជើងថា “ឪពុករបស់ណូវ៉ាក់ ឌីចូកូវិក កំពុងធ្វើសេចក្តីថ្លែងការណ៍នយោបាយយ៉ាងក្លាហាន”។
អ្នករាយការណ៍ព័ត៌មានកីឡាតេន្នីសែប៊ីជាច្រើនរូបបានបញ្ជាក់ថាវាជាឪពុករបស់ឌីចូកូវិក ហើយកាសែត Melbourne Age បានរាយការណ៍ថា គាត់បាននិយាយជាភាសាសែប៊ីថា “ជយោរុស្ស៊ី”៕
ឪពុករបស់ឌីចូកូវិកឈរស្រែកជយោរុស្ស៊ីក្នុងចំណោមអ្នកគាំទ្រពូទីន