ដោយៈ ទេព មង្គល / ភ្នំពេញៈ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមរយៈលិខិតមួយច្បាប់ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានជម្រាបជូន អភិបាលរាជធានី-ខេត្ត ដោយស្នើឱ្យចាត់វិធានការ ចំពោះរថយន្តគិលានសង្គ្រោះ ដែលគ្មានជំនាញបច្ចេកទេស និងគ្មានការអនុញ្ញាតពី ក្រសួងសុខាភិបាល ដែលកំពុងឈរជើងប្រចាំការ នៅតាមដងផ្លូវសាធារណៈ គ្មានសណ្តាប់ធ្នាប់ រង់ចាំដឹកអ្នករងរបួស ដោយ គ្រោះថ្នាក់ចរាចរណ៍ យកទៅមូលដ្ឋាន សុខាភិបាលឯកជន។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានជម្រាបជូនអភិបាលរាជធានី-ខេត្ត ឱ្យជ្រាបថាៈ ” មួយរយៈកាលកន្លងមក ក្រសួងសុខាភិបាល ធ្លាប់បានធ្វើសេចក្ដីណែនាំ ជាច្រើន លើកច្រើនសាររួចមកហើយ ដោយមិនអនុញ្ញាតឱ្យរថយន្តគិលានសង្គ្រោះ ខុសច្បាប់ និងរថយន្តគិលានសង្គ្រោះរបស់មូលដ្ឋាន សុខាភិបាលឯកជន ទៅដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវ ដោយមូលហេតុថា រថយន្តសង្គ្រោះទាំងនោះ ពុំមានគ្រូពេទ្យជំនាញ និងពុំមានឧបករណ៍ សម្ភារបរិក្ខារពេទ្យ ត្រឹមត្រូវ គ្រប់គ្រាន់ ក្នុងការសង្គ្រោះបន្ទាន់ នៅនឹងកន្លែង ទាំងការ លើកដាក់ និងការបញ្ជូនជនរងគ្រោះ។ ក្នុងន័យនេះ សូម ឯកឧត្តម លោកជំទាវ ធ្វើការណែនាំដល់ សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការ ចំពោះរថយន្តគិលានសង្គ្រោះ ខុសច្បាប់ទាំងនោះ ទៅតាមបទបញ្ញត្តិជាធរមាន និងឈានទៅបិទមូលដ្ឋាន សុខាភិបាលឯកជនទាំងឡាយ ណា ដែលនៅតែបន្តសហការជាមួយម្ចាស់រថយន្ត គិលានសង្គ្រោះ ខុសច្បាប់ទាំងនោះ ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលសូម ឯកឧត្តម លោកជំទាវ ណែនាំក្រើនរំលឹកឱ្យមន្ទីរ សុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ពង្រឹងបន្ថែម នូវសេវារថយន្តគិលានសង្គ្រោះ បម្រើការក្នុងសេវាសាធារណៈ នៅក្នុងដែនសមត្ថកិច្ច រៀងៗខ្លួន ឱ្យបានកាន់តែប្រសើរ ឡើងថែមទៀត” ៕/V