ដោយៈ វ៉ៃកូ/ស្វាយរៀងៈ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយក្រុមបាវិត អនុប្រធានទី១អាជ្ញាធរមីន នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅសង្កាត់ប្រាសាទ និងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនដល់ជនមានពិការភាពដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមកពីសង្កាត់ទាំង ៥ ក្នុងក្រុងបាវិត។
លោកបានលើកឡើងបន្តថា: ការធ្លាក់ខ្លួនពិការដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មិនមែនជាជម្រើសរបស់ប្រជាពលរដ្ឋទេ វាកើតចេញពីប្រវត្តិសាស្ត្រពិតនៃការបែកបាក់សាមគ្គី និងជម្លោះផ្ទៃក្នុងរវាងខ្មែរ និងខ្មែរ ដែលនាំឲ្យមានសង្គ្រាមអូសបន្លាយអស់ជាងបីទសវត្សរ៍នៅកម្ពុជា។ ការរក្សាឲ្យបាននូវសន្តិភាព គឺជាគុណតម្លៃដែលនាំឲ្យប្រទេសជាតិមានភាពរីកចំរើន ហើយជីវភាពរបស់ប្រជាពលរដ្ឋទាំងអស់កាន់តែប្រសើរឡើង តាមរយៈការទទួលបាននូវឱកាសការងារ ប្រាក់ចំណូល និងការអភិវឌ្ឍនៅមូលដ្ឋាន។ ទោះបីយើងធ្លាក់ខ្លួនពិការ ប៉ុន្តែមិនមែនពិការសមត្ថភាពទេ យើងនៅមានចក្ខុវិស័យក្នុងការចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ អភិវឌ្ឍសង្គម និងគ្រួសារ។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទាំងប្រទេស និងលើកកម្ពស់ដល់ជនមានពិការភាព តាមរយៈការជម្រុញឲ្យគ្រប់ក្រសួង ស្ថាប័ន និងបណ្តាក្រុមហ៊ុននានា ផ្តល់អាទិភាពឲ្យចូលរួមបម្រើការងារ៕/R