ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោកស្រី ឌិត នីតា ភរិយាលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជន រាជធានីភ្នំពេញ បានអញ្ជើញដឹកនាំក្រុមការងារ សហភាពសហព័ន្ធយុវជន រាជធានីភ្នំពេញ ជួបសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន នៅសាលាមត្តេយ្យ ៨មីនា នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។
បញ្ជាក់ក្នុងពិធីនេះ លោកស្រី ឌិត នីតា បានមានប្រសាសន៍ថាៈ សហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ទៅលើសុខមាលភាពរបស់សង្គម តាមរយៈក្រុមការងារគ្រួសារយើង ដោយរៀបចំជាកម្មវិធីចុះជួបសំណេះសំណាល ពិនិត្យសុខភាពជូនក្រុមគ្រួសារ ដែលងាយរងគ្រោះ ផ្តល់នូវអំណោយមនុស្សធម៌ ក៏ដូចជា ការបង្កើតនូវវីដេអូអប់រំខ្លីៗស្តីពីសុខមាលភាព ក្នុងក្រុមគ្រួសារជាដើម។ ជាក់ស្តែង ក្នុងថ្ងៃនេះ ក្រុមការងារ បានរៀបចំកម្មវិធីសំណេះសំណាលនេះទ្បើង ដើម្បីបានជួបសួរសុខទុក្ខលោកគ្រូ អ្នកគ្រូទាំងអស់គ្នាដែលជាអ្នកបណ្តុះបណ្តាល មើលថែនូវពន្លកសង្គម តម្រែតម្រង់ឲ្យពន្លកទាំងអស់ ឲ្យដុះទ្បើង ប្រកបដោយភាពរឹងមាំ ក្លាយជាពលរដ្ឋដ៏ល្អនៃសង្គមជាតិ។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បាននាំនូវសម្ភារៈសិក្សា ថវិកា និងអាហារបំប៉នមួយចំនួន ដែលជាការជួយឧបត្តម្ភពីសប្បុរសជន សម្រាប់ចែកជូនមត្តេយ្យ ទាំង ១៩ ក្នុងរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម ក្នុងមត្តេយ្យសាលា។
ជាមួយគ្នានេះ លោកស្រី បានលើកទឹកចិត្តឱ្យសាលាមតេ្តយ្យទាំងអស់ ចូលរួមប្រឡង ប្រណាំង មេត្រីភាពបរិស្ថាន ដោយធ្វើការរៀបចំទុកដាក់សំរាម ឱ្យមានសណ្តាប់ធ្នាប់ និងរៀបចំទីធ្លាសាលា ឱ្យមានអនាម័យល្អ មានផាសុកភាព ស័ក្តិសមជាកន្លែងដែលផ្តល់នូវបំនិនជីវិត និងចំណេះដឹងស្នូល។ មត្តេយ្យសាលាដែលមានបរិស្ថានស្អាតល្អ គឺមានសារៈសំខាន់ក្នុងការជំរុញការសិក្សាស្វែងយល់របស់កុមារតូច។
ក្នុងពិធីនេះដែរ លោកស្រី ឌិត នីតា ក៏សូមកោតសរសើរ និងថ្លែងអំណរគុណ ជូនចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលមានភាពអំណត់ អត់ធ្មត់ បញ្ចេញអស់កម្លាំងកាយចិត្តក្នុងការធ្វើឱ្យកូនៗ តូចៗ មានឱកាសចាប់យកនូវការសិក្សាស្វែងយល់ ក្នុងមជ្ឈដ្ឋានខាងក្រៅដែលមិនមែនជាសមាជិក នៃក្រុមគ្រួសាររបស់គាត់ តាំងពីអាយុពីរ-បីឆ្នាំ ដោយរៀនធ្វើកិច្ចការជាមួយគ្នា រៀនរស់នៅជាមួយគ្នា ដែលទាំងអស់នេះជាបំនិនជីវិតមួយ យ៉ាងសំខាន់ ក្នុងការធ្វើឱ្យក្មួយៗ តូចៗ មានភាពជឿជាក់លើខ្លួនឯង។ មិនត្រឹមតែបំនិនជីវិតទេ លោកគ្រូ អ្នកគ្រូ ក៏បានផ្តល់នូវចំណេះដឹងស្នូល ហើយទាំងអស់នេះ វាជាទុនមួយ យ៉ាងសំខាន់ សម្រាប់ពួកគាត់ប្រើប្រាស់ នៅពេលឈានចូលបឋមវ័យ និងយុវវ័យ។
លោកស្រី ឌិត នីតា បានថ្លែងបញ្ជាក់ថាៈ លើសពីបំនិនជីវិត លើសពីចំណេះដឹងស្នូល លោកគ្រូ អ្នកគ្រូ បានផ្តល់ទៅឱ្យក្មួយៗ លោកគ្រូ អ្នកគ្រូ ផ្តល់ឱ្យយើងខ្ញុំទាំងអស់គ្នាជាមាតា បិតា នូវឱកាសក្នុងការធ្វើការងារ ប្រកបរបរចិញ្ចឹមជីវិតផងដែរ ព្រោះថា បើមិនមានសាលាមតេ្តយ្យ ដែលជាកន្លែងមានសុវត្ថិភាព និងមិនមានលោកគ្រូ អ្នកគ្រូ ដែលជាអ្នកមានទំនុកចិត្តទេ យើងខ្ញុំដែលជាមាតាបិតា មិនអាចទុកកូនចោល ហើយចេញទៅប្រកបរបបានទេ៕/V/R