ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ គណបក្សកំពុងកាន់អំណាចថៃ គឺគណបក្សផាឡាង ប្រាចារ៉ាត(Palang Pracharat)កាលពីថ្ងៃសុក្របានជ្រើសតាំងអ្នកនយោបាយជើងចាស់និងជាមេទ័ពលោកប្រាវីត វង់ស៊ូវ៉ុន(Prawit Wongsuwon)ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន នៅពេលគណបក្សនយោបាយនានាកំពុងត្រៀមខ្លួនសំរាប់ការបោះឆ្នោតសកលមួយដែលទំនងជានឹងធ្វើឡើងនៅខែឧសភា។
លោកប្រាវីត ទំនងជានឹងប្រជែងខ្លាំងជាមួយគណបក្សប្រឆាំងភឿថៃ ដែលកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត ទំនងជានឹងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីតំណាងអោយបក្សមួយនេះ។
ក្រោយកិច្ចប្រជុំមួយក្នុងបក្ស អនុប្រធានបក្សលោក ផៃប៊ូន នីតធីថាវ៉ាន( Paiboon Nititawan)បាននិយាយថា« លោក(ប្រាវីត)ជាស្នូលរបស់បក្ស…សមាជិករបស់យើង សមាជិកសភា ទាំងអស់គ្នាមើលឃើញលោកជាបុគ្គលស័ក្តិសមនិងមានទេពកោសល្យ»។
លោកប្រាវីត អាយុ៧៧ឆ្នាំ ក៏ប្រឈមនឹងនាយករដ្ឋមន្ត្រីជិតចេញពីតំណែង ប្រាយុទ្ធ ចាន់អូចា វ័យ៦៨ឆ្នាំ ដែលបានបែកចេញពីបក្សផាឡាង ប្រាចារ៉ាត ហើយទៅចូលរួមជាមួយគណបក្សទើបបង្កើតថ្មីមួយនិងក៏ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីផងដែរ។លោកទាំងពីរជាអតីតមេទ័ពដែលតែងត្រូវគេនិយាយថាជាបងតូចបងធំនិងចេញមកពីក្រុមកងអង្គរក្សមហាក្សត្រិយ៍ដូចគ្នា។ពួកលោកបានជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលដែលគ្រប់គ្រងដោយត្រកូលថាក់ស៊ីន។
ក្នុងសារបង្ហោះក្នុងហ្វេសប៊ុកកាលពីថ្ងៃពុធ លោកប្រាវីតបាននិយាយថា «អ្នកនយោបាយត្រូវតែចេះធ្វើការជាមួយគណបក្សទាំងអស់ ស្រុះស្រួលមតិគ្នាដើម្បីបន្ថយជម្លោះ និងប្រកាន់ខ្ជាប់ផលប្រយោជន៍សាធារណៈ»៕
ក្រោយប្រជុំ គណបក្សផាឡាង ប្រាចារ៉ាត បានតែងតាំងលោកប្រាវីត ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន