ដោយៈ ប.ខុន / ភ្នំពេញៈ ត្រីសម្រាប់ធ្វើប្រហុកផ្អក មានសញ្ញាចាប់បាន មានចំនួនកើនឡើងវិញហើយ នៅថ្ងៃ ៦ កើត ខែមាឃ ត្រូវនឹងថ្ងៃទី២៧ ខែមករានេះ ដោយនៅភាគខាងលើក្នុងខេត្តកណ្តាល លើកម្តង បានត្រីប្រមាណជា ១០០ គីឡូក្រាម និងនៅភាគខាងក្រោម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងមួយម៉ោង លើកម្តង បានត្រីពី ២០ ទៅ ៣០ គីឡូក្រាមដោយមានចំនួន បានកើនឡើងជាលំដាប់។
លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផលរាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ថាៈ ត្រីសម្រាប់ធ្វើប្រហុកផ្អក នៅតាមគន្លងដាយអាជីវកម្ម ក្នុងដងទន្លេសាប ចាប់ផ្តើមត្រូវ (ចាប់បាន់) កើនឡើងជាថ្មីម្តងទៀត ហើយនៅថ្ងៃ ៦ កើតខែមាឃ ត្រូវនឹងថ្ងៃទី២៧ ខែមករានេះ ដោយនៅភាគខាងលើ ក្នុងភូមិសាស្ត្រខេត្តកណ្តាលលើកម្តង បានត្រីប្រហែល ១០០ គីឡូក្រាម ឯនៅតាមគន្លងដាយ ភាគខាងក្រោម លើកម្តងបានត្រីពី ២០ ទៅ ៣០ គីឡូក្រាម។
លោក ម៉ូត ហូសាន់ អ្នកធ្វើជាជីវកម្មនេសាទតាមគន្លងដាយត្រី ជួលពីរដ្ឋបាលជលផល នៅជួរលេខ៤ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ថាៈ ត្រីសម្រាប់ធ្វើប្រហុកផ្អក ឃើញចាប់បានប្លែក នៅថ្ងៃនេះ ដោយលើកម្តង បានត្រីពី ២០ ទៅ ៣០ គីឡូក្រាម ក្នុងរយៈពេលជិត មួយម៉ោង។
អ្នកធ្វើអាជីវកម្មនេសាទ ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ដោយសារស្ថានភាពទឹកហូរខ្សោយការចាប់ត្រី នៅក្នុងខ្នើតនេះ គ្រប់គ្នាបានប្រើវិធីកៀរ ។ គ្រប់គន្លងដាយ គេបានប្តូរសាច់ដាយ ពីក្រឡាធំ មកក្រឡាតូច អស់ហើយ ដើម្បីចាប់ត្រី សម្រាប់ធ្វើប្រហុកផ្អក។ ត្រីសម្រាប់ធ្វើប្រហុកផ្អក ក្នុងខ្នើតនេះ អាចចាប់ បានច្រើន នៅពេលចាស់ខ្នើតបន្តិច៕/V/R