ដោយៈ សុក្ខារិន / ពោធិសាត់: នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យមើលការសាងសង់ស្ថានីយ៍ផលិតទឹកស្អាត នៅសង្កាត់លលកស ក្រុងពោធិ៍សាត់ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលហៅកាត់ថា ចាយកា (JICA)។

ទាក់ទិននឹងការងារនេះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានមានប្រសាន៍ថាៈ ទាំងអស់នេះ គឺជាសមិទ្ធផល នៃការអភិវឌ្ឍន៍ពង្រីកហេដ្ឋារចនាសម្ព័ន្ធ ក្នុងវិស័យទឹកស្អាតដ៍ធំ និងថ្មីបន្ថែមទៀត នៅខេត្តពោធិ៍សាត់ បន្ទាប់ពីគម្រោងផ្លាស់ប្ដូរបណ្ដាញចាស់ពង្រីកបណ្ដាញថ្មី សម្រាប់អង្គភាពរដ្ឋាករទឹកខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ដែលបានបញ្ចប់ដោយជោគជ័យ ក្នុងខែមិថុនា ឆ្នាំ២០១៣ កន្លងទៅ។

គម្រោងនេះ នឹងជួយពង្រីកសមត្ថភាពផលិតនិងផ្គត់ផ្គង់បន្ថែម ដល់អង្គភាពរដ្ឋាករទឹកខេត្តពោធិ៍សាត់ ចំនួន ៦.៦០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ បន្ថែមពីលើសមត្ថភាពផលិត ដែលមានស្រាប់នាពេលបច្ចុប្បន្ន និងបង្កើនសេវាផ្គត់ផ្គង់ទឹកស្អាត ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងពោធិ៍សាត់ ប្រមាណ ៨៦% ក្រោយបញ្ចប់គម្រោង។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបន្ថែមទៀតថាៈ គម្រោងនេះ គឺជាហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន ដែលមានទឹកប្រាក់ប្រមាណ ២២,២ លានដុល្លារសហរដ្ឋអាមេរិក ហើយនឹងបញ្ចប់ការសាងសង់ជាស្ថាពរ នៅខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ៕/V-PC