ដោយៈ ចាន់តូ-សម្បត្តិ / ភ្នំពេញ៖ បុរសចំណាស់ម្នាក់មានជំងឺសសៃប្រសាទ ហើយខានលេបថ្នាំព្យាបាល ស្រាប់តែជំងឺរើឡើង ក៏បានវាយ សម្លាប់ប្រពន្ធខ្លួនឯង បណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាម។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង ៤ រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ភ្លាមៗ ជនដៃដល់ជាប្ដី ឈ្មោះ ស៊ាង សេត អាយុ ៥៩ ឆ្នាំ កំពុងរត់គេចខ្លួន ហើយនគរបាល ក៏កំពុងតាមចាប់ខ្លួនផងដែរ។ ចំណែកប្រពន្ធដែលជាជនរងគ្រោះ ឈ្មោះ លី សុភា អាយុ ៥៤ ឆ្នាំ អ្នកទាំង២ មានទីលំនៅ ផ្ទះកើតហេតុខាងលើ ។

តាមប្រភព បានប្រាប់ឲ្យដឹងថាៈ នៅមុនពេលកើតហេតុ ខណៈកូនចៅ រវល់ចេញក្រៅអស់ ពួកគាត់បានស្នាក់នៅក្នុងផ្ទះកើតហេតុតែ ២ នាក់ប៉ុណ្ណោះ។ ក្រោយមកពុំដឹងថា មានរឿងអ្វីកើតឡើងទេ ទើបប្ដីវាយសម្លាប់ប្រពន្ធ។ហេតុការណ៍នោះ បានកើតឡើង តាំងពីវេលាម៉ោង ១ រសៀល ថ្ងៃដដែលមកម្ល៉េះ ហើយពុំមាននរណាបានដឹងឡើយ ប៉ុន្តែនៅវេលានោះអ្នកជិតខាង បានឃើញបុរសជាប្ដី ដើរចេញពីក្នុងផ្ទះ ដោយនៅក្នុងដៃ មានកាន់ដំបងដែកបំពង់ទើបមួយកំណាត់ផងដែរ តែពុំបានចាប់អារម្មណ៍ថា គាត់វាយសម្លាប់ប្រពន្ធនោះទេ។ រហូតដល់វេលាម៉ោងប្រមាណជាង ៤ រសៀល ថ្ងៃដដែល ខណៈដែលកូនចៅគាត់ ចូលដល់ផ្ទះ ទើបឃើញម្ដាយ ដេកស្លាប់នៅក្នុងថ្លុកឈាម នៅក្នុងបន្ទប់ឡៅតឿ ក៏ស្រែកឆោឡោ បង្កការភ្ញាក់ផ្អើល និងបានហៅក្រុមសង្រ្គោះអង្គភាព៧១ ដើម្បីដឹកស្ត្រីរងគ្រោះ យកទៅសង្រ្គោះដែរ ប៉ុន្តែពេលទៅដល់ពិនិត្យឃើញជនរងគ្រោះ ស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ចោមចៅរួមជាមួយនគរគរបាល ខណ្ឌពោធិ៍សែនជ័យ និងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ ។ ជាលទ្ធផល សមត្ថកិច្ច បានពិនិត្យឃើញថា ស្រ្តីរងគ្រោះស្លាប់ ដោយផុងលលាដ៍ក្បាល។ បន្ទាប់មក សមត្ថកិច្ច បានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ប៉ុន្មានម៉ោងក្រោយមក ប្ដីមានជំងឺសសៃប្រសាទ វាយសម្លាប់ប្រពន្ធខ្លួនឯងនោះ ត្រូវបាននគរបាលឃាត់ខ្លួនបានហើយ ខណៈពេលដើរដោយគ្មានគោលដៅ នៅតាមផ្លូវវ៉េងស្រេងនៅក្នុងភូមិសាស្រ្តសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ៕/V-PC