ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ខ្មាន់កាំភ្លើងប៉ាឡេស្ទីនម្នាក់បានសម្លាប់មនុស្សប្រាំពីរនាក់នៅខាងក្រៅសាលាប្រជុំមួយនៅជាយក្រុងហ្ស៊េរុយសាឡិមភាគខាងកើតក្នុងអំឡុងថ្ងៃឈប់សម្រាករបស់ជនជាតិជ្វីហ្វកាលពីថ្ងៃសុក្រទី២៧មករានៅក្នុងការវាយប្រហារដ៏សាហាវបំផុតមួយសំដៅលើជនជាតិអ៊ីស្រាអែលក្នុងរយៈពេលជាច្រើនឆ្នាំ ដែលប្រថុយបង្កឱ្យមានអំពើហិង្សារីករាលដាល។
ការបាញ់ប្រហារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីការកើនឡើងដ៏ធំនៅក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន រួមទាំងការវាយឆ្មក់របស់កងទ័ពនៅតំបន់កាន់កាប់វេសប៊ែងដែលសម្លាប់មនុស្សប្រាំបួននាក់ ការបាញ់គ្រាប់រ៉ុក្កែតពីតំបន់ហ្គាហ្សា និងការវាយប្រហារសងសឹករបស់អ៊ីស្រាអែល។
មេប៉ូលិសអ៊ីស្រាអែល លោក កូប៊ី សាបតៃ (Kobi Shabtai) បានហៅការបាញ់ប្រហារនៅតំបន់នីវយ៉ាកូវ (Neve Yaakov) ថាជា”ការវាយប្រហារដ៏អាក្រក់បំផុតមួយដែលយើងមិនធ្លាប់ជួបប្រទះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ”។ រឿងនេះក៏បានកើតឡើងក្នុងទិវារំលឹកដល់ការសម្លាប់រង្គាលជនជាតិជ្វីហ្វជាអន្តរជាតិផងដែរ។
ប៉ូលិសបាននិយាយថា “នៅម៉ោងប្រហែល ៨៖១៥ នាទីយប់ ភេរវករបានមកដល់សាលាប្រជុំមួយនៅមហាវិថីនីវយ៉ាកូវក្នុងទីក្រុងហ្ស៊េរុយសាឡិមហើយបានបាញ់ប្រហារទៅលើមនុស្សមួយចំនួននៅក្នុងតំបន់”។
ប៉ូលិសបាននិយាយថា “ជាលទ្ធផលនៃការវាយប្រហារភេរវកម្មនេះ ជនស៊ីវិលប្រាំពីរនាក់ត្រូវបានប្រកាសស្លាប់ ហើយជនស៊ីវិលបីនាក់ទៀតបានរងរបួស”។
ពួកគេបាននិយាយថា ខ្មាន់កាំភ្លើងបានរត់គេចខ្លួនពីកន្លែងកើតហេតុតាមរថយន្ត ប៉ុន្តែត្រូវបានតាមយ៉ាងរហ័ស ហើយត្រូវបានសម្លាប់នៅក្នុង “ការបាញ់ប្រហារ” ជាមួយប៉ូលិស។
ប៉ូលិសបានកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើងនោះថាជាជនជាតិប៉ាឡេស្ទីនរស់នៅទីក្រុងហ្ស៊េរុយសាឡិមខាងកើត ដែលត្រូវបានកាត់យកដោយអ៊ីស្រាអែល បន្ទាប់ពីសង្គ្រាមប្រាំមួយថ្ងៃក្នុងឆ្នាំ ១៩៦៧។
អំពើហិង្សាកើនឡើងនេះបានកើតឡើងមួយខែបន្ទាប់ពីរដ្ឋាភិបាលថ្មីដឹកនាំដោយនាយករដ្ឋមន្ត្រីជើងចាស់ បេនចាមីន ណេតាន់យ៉ាហ៊ូ ឡើងកាន់អំណាច។
អ្នកកាសែត AFP នៅកន្លែងកើតហេតុបាននិយាយថា លោកណេតាន់យ៉ាហ៊ូនិងរដ្ឋមន្ត្រីសន្តិសុខជាតិស្តាំនិយមបំផុតរបស់លោក គឺ លោក អ៊ីតាម៉ា បិនជីវៀ (Itamar Ben-Gvir)បានចុះទៅកន្លែងកើតហេតុកាលពីថ្ងៃសុក្រ ខណៈហ្វូងមនុស្សបានស្រែកថា “ស្លាប់ទៅពួកអារ៉ាប់”។
ថ្លែងតាមកញ្ចក់ទូរទស្សន៍បន្ទាប់ពីបានចុះទៅមើលកន្លែងកើតហេតុ លោកណេតាន់យ៉ាហ៊ូបាននិយាយថា គណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោកនឹងប្រកាសពី “វិធានការជាបន្ទាន់” ជាការឆ្លើយតប ហើយបានជំរុញប្រជាជនអ៊ីស្រាអែលកុំឱ្យ “យកច្បាប់ដាក់ក្នុងដៃរបស់ពួកគេ”៕
កងកម្លាំងសន្តិសុខអ៊ីស្រាអែលដាក់ពង្រាយនៅកន្លែងកើតហេតុ