ប្រមុខ​រាជរដ្ឋាភិបាល​ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​ចំពោះ​នាយករដ្ឋមន្ត្រី និង​ប្រជាជន​ជប៉ុន​

1901
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្ញើលិខិត​១​ច្បាប់​ជូន នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ( Shinzo Abe) ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​រដ្ឋាភិបាល​ជប៉ុន និង​ប្រជាជន​ជប៉ុន ចំពោះ​ករណី​គ្រោះទឹកជំនន់ ដែល​បណ្តាលឱ្យ​ពលរដ្ឋ​ជប៉ុន​ស្លាប់​កើន​ដល់ ១៧៩​នាក់ បាត់​ខ្លួន​ជាង ៥០​នាក់ និង រងរបួស​ជាច្រើន​នាក់​។​

​ក្នុង​សារលិខិត​សម្តេច​តេ​ជោ​ហ៊ុន សែន ចុះ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ បាន​បញ្ជាក់ថា «​ខ្ញុំ​មាន​អារម្មណ៍​សោកសៅ​ជា​ពន់ពេក នៅពេល​បានទទួល​ព័ត៌មាន​អំពី​ការបាត់​បង់ជីវិត​មនុស្ស​ជាច្រើន ក្នុង​គ្រោះទឹកជំនន់ និង​បាក់​ដី​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​បាន​បង្ក​ការខូចខាត យ៉ាងធ្ងន់ធ្ងរ​នៅ​ប៉ែក​ខាងត្បូង និង​ខាងលិច ប្រទេស​ជប៉ុន​តាំងពី​ចុង​សប្តាហ៍​មុន​»​។​

​សម្តេច​បាន​បន្តថា «​តាងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​សម្តែង​នូវ​ការចូលរួម​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ចំពោះ​ឯកឧត្តម និង​ប្រជាជន​ជប៉ុន​ពិសេស​គ្រួសារ នៃ​សព​ក្នុង​គ្រា​ទុក្ខសោក ដោយ​ការបាត់បង់​ដ៏​ធំធេង​នេះ​។ ខ្ញុំ​សូម​ឯកឧត្តម​ទទួល​នូវ​ការគោរព​រាប់អាន​ដ៏​ខ្ពង់ខ្ពស់ និង​មនោសញ្ចេតនា​សាម​គី្គ​ភាព​ដ៏​ជ្រាលជ្រៅ​បំផុត​របស់ខ្ញុំ​»​។​

​សូមបញ្ជាក់ថា អាជ្ញាធ​ជប៉ុន​បាន​អះអាង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​បំណាក់​ដី និង​គ្រោះទឹកជំនន់​ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​យ៉ាងគំហុក នៅតាម​តំបន់​ភាគ​ខាងលិច ប្រទេស​ជប៉ុន​បាន​កើន​ដល់ ១៧៩ នាក់​ហើយ រីឯ​មនុស្ស​បាត់​ខ្លួន ៥៦​នាក់ ទៀត​ត្រូវបាន​គេ​ជឿជាក់ថា ជាប់​ក្រោម​ល្បាប់​ភក់ និង​គំនរ​អគារ​-​លំនៅឋាន ដែល​បាក់បែក​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទូរទស្សន៍​ជប៉ុន NHK នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១១ ខែកក្កដា ឆ្នាំ​២០១៨​។​

​រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជូន​ប៉ូលិស ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ និង​កងទ័ព​រាប់ម៉ឺន​នាក់ រួមទាំង​ឧទ្ធម្ភាគចក្រ​ជិត​មួយ​ពាន់​គ្រឿង​គ្រឿង ឱ្យទៅ​ចូលរួម​ក្នុង​ប្រតិបត្តិ​ការរុករក និង​ជួយសង្គ្រោះ​នៅតាម​តំបន់​រងគ្រោះ​ធ្ងន់​ខ្លាំង ដូចជា​ខេត្ត​ហ៊ី​រ៉ូ​ស៊ី​ម៉ា អូ​កា​យ៉ាម៉ា​, អ៊ី​ហ៊ី​មី​, ក្យូ​តូ​, យ៉ាម៉ា​ហ្គូ​ជី​, ហ្វូ​គូ​កា​,​ខា​ហ្គូ​ស៊ី​ម៉ា​, ក្យូ​ហ្គោ​, ស្ស៊ី​ហ្គា​, ជី​ហ្វូ​,​កូ​ជី​, និង​សា​ហ្គា​។​

​គួរ​បញ្ជាក់ថា ការ​បំ​ផិ្ល​ច​បំផ្លាញ​ដោយ​គ្រោះធម្មជាតិ​ដ៏​អាក្រក់​នេះ​មាន​សភាព​ធ្ងន់ធ្ងរ ស្របពេល​ផ្ទះ ១១,២០០​ខ្នង គ្មាន​អគ្គិសនី ប្រើប្រាស់ និង​៣០០,០០០​ខ្នង​ទៀត​គ្មាន​ទឹកស្អាត​ប្រើប្រាស់​នៅក្នុង​ខេត្ត​ចំនួន​១២​។

​តាម​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ជប៉ុន ក្រុម​ជួយសង្គ្រោះ​ប្រមាណ ៧៣ ០០០​នាក់ ដែលមាន​តាំង​ប៉ូលិស ក្រុម​ពន្លត់​អគ្គិភ័យ ហើយ​និង​កងទ័ព​ជប៉ុន កំពុង​ស្វែង រុករក មនុស្ស​ដែល​បាត់​ខ្លួន នៅ​តំបន់​លិច​ទឹក​។ ប្រឈម​នឹង​ស្ថានភាព​ធ្ងន់ធ្ងរ ដោយសារតែ​គ្រោះមហន្តរាយ​ទឹកជំនន់​នៅក្នុង​ប្រទេស នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ីន​ហ្សូ អា​បេ បានសម្រេច​លុបចោល​ទ​ស្សន​កិច្ច​របស់លោក ដែល​ត្រូវ​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ពុធ នៅ​ប្រទេស​បារាំង ប៊ែ​ល​ហ្សិ​ក អា​រ៉ា​ប៊ី សា​អូឌីត ហើយ​និង​នៅ​អេ​ហ្ស៊ី​ប​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម