ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ សហរដ្ឋអាម៉េរិកធានាបានកិច្ចព្រមព្រៀងមួយជាមួយប្រទេសហូឡង់និងជប៉ុនក្នុងការរឹតបន្តឹងការនាំចេញគ្រឿងម៉ាស៊ីនផលិតបន្ទះឈីបទំនើបខ្លះទៅកាន់ប្រទេសចិន នៅក្នុងកិច្ចពិភាក្សាដែលទើបបញ្ចប់កាលពីថ្ងៃសុក្រ នេះបើតាមការផ្សាយរបស់សារព័ត៌មានប្ល៊ុមប៊ឺក( Bloomberg)។
របាយការណ៍បាននិយាយថា កិច្ចព្រមព្រៀងនឹងពង្រីកការគ្រប់គ្រងការនាំចេញខ្លះដែលសហរដ្ឋអាម៉េរិកបានអនុម័តកាលពីខែតុលាលើក្រុមហ៊ុននៅក្នុងប្រទេសសម្ពន្ធមិត្តទាំងពីរ រួមមានក្រុមហ៊ុនASML Holding NV, Nikon Corp និង Tokyo Electron Ltd។
សូមបញ្ជាក់ថា ពួកមន្ត្រីទៅពីហូឡង់និងជប៉ុនបានស្ថិតនៅទីក្រុងវ៉ាស៊ីនតោនដើម្បីពិភាក្សាអំពីបញ្ហានេះ នៅក្នុងកិច្ចពិភាក្សាដឹកនាំធ្វើដោយទីប្រឹក្សាសន្តិសុខជាតិប្រចាំសេតវិមានលោក ជែក ស៊ុលលីវ៉ាន( Jake Sullivan)។
ចន ឃឺប៊ី(John Kirby)អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន មុននេះបាននិយាយថា ពួកមន្ត្រីបានកំពុងពិភាក្សាអំពីបញ្ហា«សំខាន់ចំពោះពួកយើងទាំងបីនៅទីនេះ។ពិតណាស់ វាពាក់ព័ន្ធនឹងសន្តិសុខនិងសុវត្ថិភាពនៃបច្ចេកវិទ្យាកំពុងងើបស្ទុះឡើង»។
ប្រភពដឹងបញ្ហានេះបាននិយាយថា ការកំហិតលើការនាំចេញគ្រឿងបរិក្ខារផលិតបន្ទះឈីប(អ៊ីសេ)ទៅកាន់ចិនស្ថិតក្នុងរបៀបវារកំពូលនៃកិច្ចពិភាក្សានៅក្រុងវ៉ាស៊ីនតោន។
ការទាក់ទាញអោយហូឡង់និងជប៉ុនចូលរួមការគ្រប់គ្រងការនាំចេញទៅកាន់ចិននេះនឹងជាជ័យជម្នះការទូតធំមួយសំរាប់រដ្ឋការរបស់លោកចូ បៃដិនដែលកាលពីខែតុលាបានប្រកាសធ្វើការរឹតបន្តឹងទូទៅលើរដ្ឋាភិបាលទីក្រុងប៉េកាំងចំពោះការទទួលបាននូវបច្ចេកវិទ្យាផលិតបន្ទះឈីបអាម៉េរិក ក្នុងគោលបំណងពន្យឺតភាពជឿនលឿនទៅមុខនៃយោធានិងបច្ចេកវិទ្យាចិន៕
អាម៉េរិកផ្តោតលើឧស្សាហកម្មបន្ទះឈីបចិននៅក្នុងការរឹតត្បិតការនាំចេញជុំថ្មី