ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ សមាជិកសភាគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាចបាននិយាយថា ចិន “ប្រាកដ ១០០ ភាគរយ”នឹងសងសឹកលើការគាំទ្ររបស់ជប៉ុនចំពោះការរឹតបន្តឹងរបស់រដ្ឋបាលបៃដិនលើការនាំចេញបន្ទះឈីប ហើយក្រុមហ៊ុន ដែលប្រឈមមុខនឹងជម្លោះនេះ គួរតែស្វែងរកទីផ្សារនៅកន្លែងផ្សេង។
លោក ស៊ីហ្គេហារូ អាអូយ៉ាម៉ា (Shigeharu Aoyama) ដែលបម្រើការនៅក្នុងគណៈកម្មាធិការរបស់គណបក្សដែលគ្របដណ្តប់លើពាណិជ្ជកម្មនិងឧស្សាហកម្ម បាននិយាយថា”ចិននឹងត្រឡប់មកវិញជាមួយនឹងការសងសឹកកាន់តែខ្លាំង ហើយក្រុមហ៊ុនជប៉ុនដែលធ្វើអាជីវកម្មនៅទីនោះប្រហែលជានឹងរងការខូចខាត”។
លោកបានធ្វើអត្ថាធិប្បាយបែបនេះនៅក្នុងបទសម្ភាសន៍កាលពីថ្ងៃព្រហស្បតិ៍ជាមួយសារព័ត៌មាន Bloomberg News បន្ទាប់ពីទូរទស្សន៍នេះបានរាយការណ៍ថាហូឡង់និងជប៉ុនជិតចូលរួមកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាម៉េរិកក្នុងការរឹតបន្តឹងការនាំចេញបច្ចេកវិជ្ជាបន្ទះឈីបទៅកាន់ប្រទេសចិន។
ជប៉ុននិងហូឡង់គឺជាកន្លែងសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ផលិតបន្ទះឈីបសំខាន់ៗ ប៉ុន្តែគេមិនទាន់ច្បាស់ថាតើការរឹតបន្តឹងរបស់ពួកគេនឹងធ្វើឡើងបែបណានោះទេ។
លោកបានបន្ថែមថា “ពួកគេគួរតែយកវាធ្វើជាចំណុចរបត់មួយ ហើយស្វែងរកទីផ្សារផ្សេងទៀត” ដោយនិយាយថាគាត់គាំទ្រការចូលរួមរបស់ជប៉ុននៅក្នុងវិធានការនេះ។
ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ជប៉ុន ហើយបាននិយាយថាកិច្ចខិតខំប្រឹងប្រែងរបស់អាម៉េរិកបានបង្ហាញពី “ផលប្រយោជន៍អនុត្តរភាពអាត្មានិយម” របស់ខ្លួន។រដ្ឋបាលបៃដិនបានចេញច្បាប់ថ្មីជាច្រើនក្នុងខែតុលា ដែលរួមមានការរឹតបន្តឹងលើការផ្គត់ផ្គង់ឧបករណ៍ផលិតបន្ទះឈីបទំនើបបំផុតរបស់ក្រុមហ៊ុនផលិតរបស់អាម៉េរិកដល់អតិថិជនចិន និងរឹតបន្តឹងលើជនជាតិអាម៉េរិកដែលធ្វើការឱ្យក្រុមហ៊ុនបន្ទះឈីបរបស់ចិន ដែលនេះជាចំណាត់ការមួយដើម្បីរារាំងការទទួលបានជំនាញឯកទេសជាក់លាក់។
ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់ហូឡង់ ASMLបានប្រាប់ទូរទស្សន៍ Bloomberg ថាវិធានការដឹកនាំដោយអាម៉េរិកក៏អាចជំរុញរដ្ឋាភិបាលក្រុងប៉េកាំងឱ្យអភិវឌ្ឍបច្ចេកវិជ្ជាផ្ទាល់ខ្លួននៅក្នុងគ្រឿងម៉ាស៊ីនផលិតបន្ទះឈីបកម្រិតខ្ពស់ផងដែរ។
រដ្ឋាភិបាលក្រុងប៉េកាំងកាលពីខែមុនបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោកក្នុងគោលបំណងលុបចោលការគ្រប់គ្រងការនាំចេញដែលដាក់ចេញដោយសហរដ្ឋអាម៉េរិក។ចិនក៏មានប្រវត្តិដាក់ទណ្ឌកម្មសេដ្ឋកិច្ចផងដែរចំពេលកំពុងមានជម្លោះនយោបាយជាមួយប្រទេសជិតខាង៕
មន្ត្រីជប៉ុនរំពឹងថា ចិននឹងវាយបកចំពោះកិច្ចសហការគ្នាបិទខ្ទប់ការអភិវឌ្ឍបច្ចេកវិទ្យាបន្ទះឈីបរបស់ខ្លួន