ប្រែសម្រួល : កញ្ញាដាលីស,បំណង (ស្ត្រេតថែមស៍) ៖ តារាស្រីតៃវ៉ាន់ម្នាក់បានល្បីលើសារព័ត៌មាននៅក្នុងប្រទេសថៃក្នុងសប្តាហ៍នេះបន្ទាប់ពីនាងអះអាងថានាងត្រូវបានបង្ខំឱ្យបង់ប្រាក់សំណូកដោយប៉ូលីសថៃក្នុងអំឡុងពេលនាងទៅលេងទីក្រុងបាងកកកាលពីដើមខែមករា។
តារាស្រីរូបនេះបានព្រមានអ្នកដទៃឱ្យប្រុងប្រយ័ត្នពេលទៅលេងប្រទេសនេះ។
នាង អាន យូឈីង (An Yuqing)ឬ ឆាលីន អាន (Charlene An)បានសរសេរនៅលើគណនី Instagram របស់នាងថា តាក់ស៊ីរបស់នាងត្រូវបានប៉ូលីសឃាត់ក្នុងទីក្រុងបាងកកហើយនាងត្រូវបានបង្ខំឱ្យចេញពីឡាន។
នាងនិយាយថា ប៉ូលីសបានធ្វើការឆែកឆេររាងកាយនាង ហើយឆែកមើលហោប៉ៅ កាបូបយួរដៃ និងកាបូបលុយមុនពេលសួរអំពីទិដ្ឋាការ។
នាងឆាលីនបាននិយាយថា ទិដ្ឋាការរបស់នាងគឺជាទិដ្ឋាការពេលមកដល់ (VOA) ប៉ុន្តែប៉ូលិសបាននិយាយថា VOA មិនអាចទទួលយកបានទេ ហើយវាត្រូវតែបោះលើលិខិតឆ្លងដែនដែលមាននិមិត្តសញ្ញាផ្លូវការតែប៉ុណ្ណោះ។
នាងបាននិយាយថា ក្រុមរបស់នាងបានថតវីដេអូនៃការឆែកឆេរ ប៉ុន្តែមន្ត្រីប៉ូលីសបានប្រាប់ពួកនាងឱ្យលុបវាចោល។
នាងបានអង្វរប៉ូលីសឱ្យដោះលែងពួកនាង ហើយការចរចាបានចំណាយពេលប្រហែលពីរម៉ោងមុននឹងមន្ត្រីប៉ូលីសម្នាក់បានយកនាងទៅម្ខាង ហើយទាមទារប្រាក់ចំនួន ២៧.០០០ បាត។
នាងឆាលីនបាននិយាយថា បន្ទាប់ពីនាងបង់ប្រាក់ឱ្យប៉ូលិស ពួកមន្ត្រីបានហៅតាក់ស៊ីឱ្យពួកនាង ហើយឱ្យពួកនាងទៅ។
នាងបាននិយាយថាមានស្ត្រីកូរ៉េប្រាំនាក់ផ្សេងទៀតត្រូវបានឃាត់នៅប៉ុស្តិ៍ត្រួតពិនិត្យដែរ ហើយនាងមិនប្រាកដទេថាតើពួកគេនឹងត្រូវបង្ខំឱ្យបង់លុយសំណូកដែរឬអត់។
នាងបាននិយាយថា “ខ្ញុំនឹងមិនត្រឡប់ទៅប្រទេសថៃវិញទេ ហើយខ្ញុំចង់ព្រមានប្រជាជនតៃវ៉ាន់ថា ពួកគេគួរតែប្រយ័ត្នពេលទៅលេងថៃ ហើយកុំយកលុយច្រើនដាក់ក្នុងកាបូប”។
រឿងរ៉ាវរបស់នាងបានល្បីពេញកោះតៃវ៉ាន់ និងបានផ្ទុះពេញព័ត៌មានក្នុងប្រទេសថៃក្នុងសប្តាហ៍នេះ។
នាង ឆាលីន អាន សរសេររៀបរាប់រឿងដែលប៉ូលីសថៃជំរិតទារប្រាក់ពីនាងនៅបាងកក បង្ហោះលើ Instagram
ទោះជាយ៉ាងណា សារព័ត៌មានបាងកកប៉ុស្តិ៍ចុះផ្សាយនៅថ្ងៃសៅរ៍នេះបានអះអាងថា កាម៉េរ៉ាសុវត្ថិភាពបីបួននៅកន្លែងកើតហេតុបានបង្ហាះទិដ្ឋភាពផ្សេងខុសពីការអះអាងរបស់តារារូបនេះ គឺថាអត់មានឃើញសកម្មភាពប៉ូលីសទារឬទទួលប្រាក់ពីនាងទេ។
អ្នកនាំពាក្យប៉ូលីសបានអះអាងថា រូបក្នុងការម៉េរ៉ាបានបង្ហាញនាង អាន យូឈីងនិងបុរសបីនាក់ទៀតឈរនិយាយជាមួយប៉ូលីសដ៏យូរ មុនតាក់ស៊ីពណ៌ក្រហមមួយចូលមកនិងនាំពួកគេចេញទៅ។
ឥឡូវ ប៉ូលីសថៃបានទាក់ទងទៅប៉ូលីសតៃវ៉ាន់អោយស៊ើបអង្កេតរឿងនេះថាការអះអាងរបស់នាងជាការពិតឬជាការបំភ្លៃ។កាលពីថ្ងៃព្រហស្បតិ៍ប៉ូលីសប្រាំពីរនាក់ដែលជាប់ចោទថាជំរិតទារប្រាក់ពីនាងក៏ត្រូវបានហៅទៅសួរនាំហើយពួកគេបានបដិសេធថាមិនបានធ្វើដូចការចោទប្រកាន់ទេ៕