ដោយៈ ភ្នំស្វាយ / វិញឡុង – វៀតណាមៈ ប្រធានក្រុមហ៊ុនមីឆ្អិនស្រាប់ដ៏ធំរបស់ជប៉ុន នៅខេត្តដុងថាប់ របស់វៀតណាម បានអះអាងថាៈ ការវិនិយោគពីបរទេស មានតួនាទីសំខាន់ ក្នុងការបំពេញបន្ថែម ឬជាដៃគូជាមួយការវិនិយោគក្នុងស្រុក សម្រាប់ជំរុញជីវភាពប្រជាជន ឱ្យធូរធារ និងសេដ្ឋកិច្ចរីកចម្រើន ។
លោក អាន ង៉ុកឡុង ប្រធានក្រុមចំណីអាហារ អេស៊ីឃុគ (ACECOOK , Vietnam ) បានជម្រាបគណៈប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ដែលបានអញ្ជើញទស្សនកិច្ច ស្វែងយល់សង្វាក់ផលិតកម្ម នៅរោងចក្រផលិតមីឆ្អិនស្រាប់ នៃក្រុមហ៊ុន ACECOOK ,Vietnam កាលពីពេលកន្លងមកនេះ ។
លោក អាន ង៉ុកឡុង បានបន្តថាៈ ACECOOK ជាក្រុមហ៊ុនឯកជនជប៉ុន បង្កើតនៅឆ្នាំ១៩៩៧ ដែលវិនិយោគ ដើម្បីនាំចេញទៅ ៤០ ប្រទេស និងក្នុងប្រទេស ។
នៅវៀតណាម វាមានមជ្ឈមណ្ឌលគ្រប់គ្រងកណ្តាល និងរោងចក្រ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ហើយនៅខេត្ត ១៣ នៃវៀតណាម ភាគនិរតី វាមានសាខាទី១ ដែលធំ ស្ថិតនៅទីរួមខេត្តវិញឡុងនេះ ពីឆ្នាំ១៩៩៣ មក ។
លោកបានបន្តថាៈ បច្ចុប្បន្ន សាខាក្រុមហ៊ុននៅវិញឡុងនេះ បានស្រូបទាញកម្លាំងពលកម្ម ក្នុងស្រុក ៨០០ នាក់ ហើយផ្តល់ប្រយោជន៍ លើកម្ពស់ជីវភាពប្រជាជន ជាង ៨០ ម៉ឺននាក់។ ផលិតកម្មរោងចក្រ អាចផលិតមីឆ្អិនស្រាប់ និងម្ហូបអាហារពីមឹក បង្ការ សាច់មាន់ សាច់ជ្រូក ច្រើនប្រភេទ មានម៉ាកអានលៀន មីកា… បាន ៧.៦០០ កេស ក្នុង១ខែ ឬបាន ២ លានកេស ក្នុង ១ឆ្នាំ ។
អំពីវត្ថុធាតុដើម លោកប្រធាន បាននិយាយថាៈ សម្រាប់ម្សៅមី បាននាំចូលពីប្រទេស អូស្ត្រាលី ប្រេងឆា នាំមកពីប្រទេសម៉ាឡេស៊ី បង្ការ មឹក សាច់មាន់ សាច់ជ្រូក… នាំចូលពីជប៉ុន (ភាគច្រើន) និងក្នុងស្រុក (តិចតួច)។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងសមាជិកប្រតិភូ ដែលមានជំនាញ ពាក់ព័ន្ធ បានស្វាគមន៍វិនិយោគពីបរទេស រួមទាំង ជប៉ុន វៀតណាមផង ទៅបណ្តាក់ទុន រកស៊ី បើករោងចក្រ នៅខេត្តបន្ទាយមានជ័យ ជាទីដែលមានសក្តានុពល និងអំណោយ ផលខ្លាំង។
លោកបានបន្តថាៈ បទពិសោធន៍ពីរោងចក្រនេះ គឺវាបានផ្តល់ការងារ ជូនពលរដ្ឋធ្វើ បានជួយលើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចមូលដ្ឋានខេត្ត បើទោះបីជាវត្ថុធាតុដើម នាំស្ទើរទាំងស្រុង ពីបរទេសក៏ដោយ ។
មន្ត្រីជំនាញពាណិជ្ជកម្ម និងជំនាញម្ហូបអាហារ នៅខេត្តបន្ទាយមានជ័យ បានប្រាប់ រស្មី្មកម្ពុជា កាលពីថ្ងៃទី២៧ ខែមករាថាៈ ដោយចំពោះតែមីឆ្អិនស្រាប់ និងប្រភេទក្រុម អាហារនេះ នៅក្នុងខេត្ត បាននាំចូលទាំងស្រុង។ ក្នុងនោះ ផលិតផលថៃ គេពេញនិយម ជាងគេ បន្ទាប់មកផលិតផលកូរ៉េខាងត្បូង ឯមីឆ្អិន ផលិតផលខ្មែរ ចិន វៀតណាម និងជប៉ុន ហើយក្នុងខេត្ត ដែលមានពលរដ្ឋជាង ៨ ០ម៉ឺននាក់ នាភាគពាយ័ព្យ កម្ពុជាមួយនេះ មិនទាន់មានរោងចក្រមីឆ្អិនស្រាប់ទេ ។ ខេត្តមានតំបន់សេដ្ឋកិច្ចពិសេស ៥ កន្លែង បានដំណើរការជាក់ស្តែងខ្លះ ហើយមានរោងចក្រធុនធំជិត ២០ កន្លែង ដែលជាវិនិយោគ បរទេស មកពីជប៉ុន ថៃ ចិននិងក្នុងស្រុក ហើយស្រូបទាញកម្លាំងពលកម្មជាង ១ ម៉ឺននាក់ ៕/V-PC