ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ ឌី មាន​សារៈសំខាន់​ដល់​វិស័យ​ឯកជន ក្នុងការ​នាំចេញ​កសិផល​

1855
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: មន្ត្រី​នៃ​ក្រសួងពាណិជ្ជកម្ម​បានបញ្ជាក់​ជាថ្មី​ថា ការបើក​ឲ្យ​មាន​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ ឌី (D) សម្រាប់​ការនាំចេញ​កសិផល​ពិត​ជាមាន​សារៈសំខាន់​ណាស់​ដល់​វិស័យ​ឯកជន ពិសេស​បង្កើន​ភាព​ទំនាក់ទំនង​រវាង​ប្រទេស​អាស៊ាន​កាន់តែ​ល្អប្រសើរ​ក្នុងការ​បញ្ជូន​ទិន្នន័យបឋម​។​

​ប្រាប់​កាសែត​រស្មី​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ មន្ត្រី​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ បាន​ឲ្យ​ដឹងថា តាមរយៈ​ការអនុវត្ត​ក្របខណ្ឌ​យុទ្ធសាស្ដ្រ​ពី​កំណែទម្រង់​វិមជ្ឈការ​និង​វិសហមជ្ឈការ មកដល់ពេលនេះ ក្រសួងពាណិជ្ជកម្ម​បាន​ធ្វើ​ប្រតិភូកម្ម​នៃ​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ ឌី (D) សម្រាប់​នាំចេញ​កសិផល​ដល់​មន្ទី​រ​ពាណិជ្ជកម្ម​ខេត្ត​ចំនួន​០៦​ហើយ រួមមាន​៖ ខេត្ត​ប៉ៃលិន ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ បាត់ដំបង ត្បូងឃ្មុំ និង​ខេត្តរតនគិរី និង​នៅ​មួយកន្លែង​ផ្សេងទៀត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន តាយសេង និង​សាន​ដុង សាន់​សែ​ល ស្ថិតក្នុង​ខេត្តស្វាយរៀង​។
​លោក​ឲ្យ​ដឹង​ទៀតថា ក្រសួង​នឹង​បន្តទៅ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ផ្សេងទៀត ដែល​តម្រូវ​ធ្វើការ​បណ្តុះ​ប​ណា្ត​ល​ដល់​មន្ត្រីរាជការ​មន្ទី​រ​ពាណិជ្ជកម្ម​ជាមុន ទាំង​កម្រិត​ជំនាញ​នៃ​វិធាន​ប្រភពដើម​ទំនិញ ក៏​ដូច​ការប្រើប្រាស់​នូវ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នៃ​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​នេះ​។​

​តាម​ប្រសាសន៍​លើកឡើង​របស់លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពីពេល​កន្លងទៅនេះ​បាន​បញ្ជាក់ថា ការបើក​ឲ្យ​មាន​ធ្វើ​ប្រតិភូកម្ម​នៃ​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ ឌី សម្រាប់​នាំចេញ​កសិផល​បានចាប់ផ្តើម​នៅ​ដើមឆ្នាំ​២០១៥​។ ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្មនេះ​បាន​ភ្ជាប់​ដោយ​ជោគជ័យ​ទៅនឹង​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ និង​កំពុងត​ភ្ជាប់​ទៅនឹង​ប្រព័ន្ធ​បញ្ជរ​តែមួយ​អាស​ស៊ាន ដែល​ត្រូវអនុវត្ត​នា​ចុងឆ្នាំ​២០១៨ ក្នុង​ការបញ្ជូន​ទិន្នន័យបឋម​ស្តីពី​ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ម​ទំនិញ​ទម្រង់ ឌី ទៅ​បណ្តា​ប្រទេស​អា​សាន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែលជា​ផ្នែក​ជាមួយ​នៃ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​របស់​អាស៊ាន ក៏​ដូច​សម្រាប់​បញ្ជូន​ទិន្នន័យបឋម​ស្តីពី​ការផ្តល់​វិញ្ញ​ប​នប​ត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ ទម្រង់​ផ្សេងៗ​ទៅ​បណ្តា​ប្រទេស​ដៃគូ​អាស៊ាន​ផងដែរ​នាពេល​ឆាប់ៗ​ខាងមុខ​។​

​ទន្ទឹមនេះ​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែមថា ក្រសួង​នឹង​បន្ត​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម នៃ​ការ​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់​ផ្សេងៗ​ទៀតផង​ដែរ​។ និង​បាន​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន ផលិតករ និង​អ្នក​នាំចេញ​ទាំងអស់​នៅតាម​បណ្តា​ខេត្ត​ស្នើសុំ​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ ឌី តាម​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្មនេះ ដើម្បី​សម្រួល​ដល់​ការកាត់បន្ថយ​ចំណាយ និង​ពេលវេលា​ក្នុងការ​នាំចេញ​ទំនិញ​ទៅ​បរទេស​។​

​សូមបញ្ជាក់ថា ការនាំចេញ​តាម​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ ឌី (D) ទៅកាន់​ទីផ្សារ​តំបន់​អាស៊ាន​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​ប្រមាណ​ជាង​៦៦​ភាគរយ បើ​ប្រៀបធៀប​ឆ្នាំ​២០១៦ មាន​ទឹកប្រាក់ ៧២៨​លាន​ដុល្លារ​អាមេរិក បាន​កើន​ដល់​១.២១៤​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៧៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម