ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ អ៊ុយក្រែនបាននិយាយថា វានឹងចំណាយពេលប្រាំមួខែដើម្បីបង្រៀនអាកាសយាននិករបស់ខ្លួនប្រើយន្តហោះប្រយុទ្ធរបស់លោកខាងលិច ដូចជាយន្តហោះF-16របស់អាម៉េរិកនៅពេលដែលរដ្ឋាភិបាលទីក្រុងគៀវបង្កើនយុទ្ធនាការសុំយន្តហោះចម្បាំងជំនាន់ទីបួនដើម្បីទប់ទល់នឹងការឈ្លានពានរុស្ស៊ី។
អ៊ុយក្រែនទទួលបានជំនួយយោធាសន្ធឹកសន្ធាប់ណាស់នៅសប្តាហ៍នេះ នៅពេលអាល្លឺម៉ង់និងអាម៉េរិកបានសន្យាប្រគល់រថក្រោះប្រយុទ្ធធុនធ្ងន់ទៅអោយកងកម្លាំងអ៊ុយក្រែន។រដ្ឋាភិបាលទីក្រុងគៀវឥឡូវរំពឹងថាលោកខាងលិចនឹងផ្តល់កាំជ្រួចចម្ងាយឆ្ងាយនិងយន្តហោះប្រយុទ្ធថែមទៀត។
សូមបញ្ជាក់ថា ការគាំទ្រយោធាលោកខាងលិចសំខាន់ខ្លាំងណាស់សំរាប់រដ្ឋាភិបាលទីក្រុងគៀវនិងបានវាវិវត្តយ៉ាងឆាប់រហ័ស។មុនរុស្ស៊ីចូលឈ្លានពាន គំនិតស្តីពីការផ្តល់ជំនួយដែលអាចសម្លាប់មនុស្សទៅអោយអ៊ុយក្រែនមានការប្រទាំងប្រទើសខ្លាំង តែចាប់តាំងពីពេលនោះមកបំរាមនេះក្លាយជាគ្មានន័យ។
អ្នកនាំពាក្យទ័ពអាកាសលោកយូរី អ៊ីណាត បាននិយាយថា F-16អាចជាជំរើសល្អបំផុតសំរាប់យន្តហោះប្រយុទ្ធពហុតួនាទីដើម្បីជំនួសកងយន្តហោះប្រយុទ្ធចាស់ៗតាំងពីសម័យសូវៀតរបស់អ៊ុយក្រែន។
លោកបាននិយាយថា« ពួកអាកាសយានិកនិយាយថាវាមិនមានបញ្ហាទេក្នុងការបើកយន្តហោះF-16។ពួកគេអាចរៀនចេះតែក្នុងពេលប៉ុន្មានសប្តាហ៍។ប្រយុទ្ធដោយប្រយន្តហោះនេះនេះវាខុសគ្នាឆ្ងាយណាស់ វាប្រើគ្រប់សព្វាវុធ។ពួកអាកាសយានិកនិយាយថា ពួកគេអាចបញ្ជាគ្រប់គ្រងយន្តហោះនេះតែក្នុងពេលប្រាំមួយខែ»។
អ៊ុយក្រែនប្រើយន្តហោះដើម្បីបេសកកម្មស្ទាក់ផ្លូវនិងវាយប្រហារទីតាំងរុស្ស៊ី។
នៅអាម៉េរិក ទីប្រឹក្សារងទទួលបន្ទុកសន្តិសុខជាតិរបស់សេតវិមាន បាននិយាយថា អាម៉េរិកនឹងពិភាក្សាអំពីគំនិតផ្តល់យន្តហោះប្រយុទ្ធដល់អ៊ុយក្រែនជាមួយរដ្ឋាភិបាលទីក្រុងគៀវនិងសម្ពន្ធមិត្តដោយ«ប្រុងប្រយ័ត្នបំផុត»៕
ក្រោយទទួលបានរថក្រោះប្រយុទ្ធ អ៊ុយក្រែនឥឡូវសម្លឹងរកកាំជ្រួចចម្ងាយឆ្ងាយនិងយន្តហោះប្រយុទ្ធថែមទៀត