ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រដ្ឋាភិបាល ដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ាបានអនុម័តច្បាប់ថ្មីមួយស្តីពីការចុះឈ្មោះគណបក្សនយោបាយដែលនឹងធ្វើឱ្យមានការលំបាកសម្រាប់ក្រុមប្រឆាំងក្នុងការប្រជែងជាមួយបេក្ខជនដែលគាំទ្រដោយកងទ័ពនៅក្នុងការបោះឆ្នោតទូទៅ ដែលនឹងត្រូវធ្វើឡើងនៅចុងឆ្នាំនេះ។
ច្បាប់បោះឆ្នោតថ្មី ដែលចេញផ្សាយកាលពីថ្ងៃសុក្រទី២៧មករានៅក្នុងកាសែតរដ្ឋ Myanma Alinn គឺកំណត់ការផ្តល់មូលនិធិអប្បបរមានិងកំហិតចំនួនសមាជិកភាពសម្រាប់គណបក្សដែលចូលរួមក្នុងការបោះឆ្នោត។ ច្បាប់នេះក៏ហាមឃាត់ការចូលរួមដោយគណបក្ស ឬបេក្ខជនដែលត្រូវបានចាត់ទុកថាខុសច្បាប់ឬជាប់ពាក់ព័ន្ធនឹងអង្គការនានាដែលប្រកាសដោយរដ្ឋាភិបាលយោធាថាជាក្រុមភេរវករផងដែរ។
រំលឹកថា កងទ័ពបានដណ្តើមអំណាចនៅខែកុម្ភៈ ឆ្នាំ ២០២១ ពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន សូជីដោយចាប់ខ្លួនលោកស្រីនិងសមាជិកកំពូលនៃគណបក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យដែលកំពុងគ្រប់គ្រងអំណាចរបស់លោកស្រី ដែលបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីសម្រាប់អាណត្តិទីពីរនៅក្នុងការបោះឆ្នោតសកលខែវិច្ឆិកា ឆ្នាំ ២០២០។
កងកម្លាំងសន្តិសុខបានបង្ក្រាបការប្រឆាំងជាទូទៅដោយប្រើកម្លាំងយ៉ាងសាហាវសម្លាប់ជនស៊ីវិលជិត ២.៩០០ នាក់ និងចាប់ខ្លួនមនុស្សរាប់ពាន់នាក់ទៀតដែលចូលរួមក្នុងការតវ៉ាអហិង្សា។ ការបង្ក្រាបយ៉ាងសាហាវនេះបានបង្កឱ្យមានការតស៊ូប្រដាប់អាវុធនៅក្នុងផ្នែកភាគច្រើននៃប្រទេស។ រដ្ឋាភិបាលយោធាបានចាត់ទុកអង្គការធំៗដែលប្រឆាំងនឹងការគ្រប់គ្រងរបស់កងទ័ពថាជាក្រុម “ភេរវករ” ហើយការប្រាស្រ័យទាក់ទងជាមួយពួកគេត្រូវបានប្រកាសថាខុសច្បាប់។
ច្បាប់ថ្មីនេះផ្តល់ពេលពីរខែដើម្បីចុះឈ្មោះឡើងវិញជាមួយគណៈកម្មការរៀបចំការបោះឆ្នោតសហភាព ហើយនិយាយថា បក្សណាដែលមិនមកចុះឈ្មោះ “នឹងត្រូវអសុពលភាពដោយស្វ័យប្រវត្តិ”ហើយចាត់ទុកថាត្រូវបានរំលាយចោល។
គណបក្សដែលប្រកួតប្រជែងទូទាំងប្រទេសត្រូវមានសមាជិកយ៉ាងតិច ១០០.០០០ នាក់ក្នុងរយៈពេលបីខែបន្ទាប់ពីការចុះឈ្មោះ ដែលខ្ពស់ជាងកម្រិតអប្បបរមា ១០០ដងដែលមានចែងក្នុងច្បាប់ដែលបានប្រើក្នុងការបោះឆ្នោតឆ្នាំ ២០២០។ ច្បាប់នេះចែងថា គណបក្សនានាក៏ត្រូវបើកការិយាល័យយ៉ាងហោចណាស់ពាក់កណ្តាលនៃទីប្រជុំជនចំនួន ៣៣០ របស់ប្រទេសក្នុងរយៈពេលប្រាំមួយខែ ហើយត្រូវតែអាចប្រកួតប្រជែងបានយ៉ាងហោចណាស់ពាក់កណ្តាលនៃមណ្ឌលបោះឆ្នោតទាំងអស់។
ក្រុមអ្នករិះគន់បាននិយាយរួចហើយថា ការបោះឆ្នោតដែលរៀបចំដោយយោធានឹងមិនសេរីឬយុត្តិធម៌នោះទេ ដោយសារតែមិនមានប្រព័ន្ធផ្សព្វផ្សាយសេរីហើយមេដឹកនាំភាគច្រើននៃគណបក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីស៊ូជីត្រូវបានចាប់ខ្លួន។ លោកស្រីស៊ូជី អាយុ ៧៧ ឆ្នាំ កំពុងជាប់ពន្ធនាគារសរុបចំនួន ៣៣ ឆ្នាំបន្ទាប់ពីត្រូវបានផ្តន្ទាទោសនៅក្នុងការកាត់ក្តីជាបន្តបន្ទាប់ដែលមានចរិតនយោបាយ ដែលប្តឹងដោយអាជ្ញាធរយោធា៕
មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងហ្លាំង ថ្លែងសារនៅក្រុងមូស្គូកាលពីថ្ងៃទី២៣ មិថុនា ឆ្នាំ២០២១