ដោយៈ ទេព មង្គល / តាកែវៈ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារ អភិវឌ្ឍ និងគ្រប់គ្រង ក្របខ័ណ្ឌអនុវត្ត ការជំរុញបង្កើនការងារ ថែទាំសុខភាពបឋម (ក.ជ.ស.ប) បានមានប្រសាសន៍ថាៈ ” ការចូលរួមរបស់សហគមន៍ ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន បានត្រឹមត្រូវ ធ្វើឱ្យសហគមន៍ នោះ មានសុខភាពល្អ និងអាយុវែង រួមចំណែកឱ្យមានកំណើនសេដ្ឋកិច្ចគ្រួសារ និង សេដ្ឋកិច្ចជាតិ ” ។
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងដូច្នេះ នៅពេលលោកស្រីបានដឹកនាំប្រតិភូ ក្រសួងសុខាភិបាល ចុះបំពេញបេសកកម្មការងារ រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៦ និង ២៧ ខែមករា ឆ្នាំ២០២៣ នៅខេត្តតាកែវ។
បើតាមប្រភពពីក្រសួងសុខាភិបាល បានឱ្យដឹងថាៈ បន្ទាប៉ពីបានចុះពិនិត្យដំណើរការ ចាក់វ៉ាក់សាំង នៅរោងចក្រសូឡាម៉ូឡា ស្រុកបាទី លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានដឹកនាំប្រតិភូ ក្រសួងសុខាភិបាល បន្តជួបពិភាក្សាការងារ ជាមួយលោក អ៊ូច ភា អភិបាលខេត្តតាកែវ ស្តីពីការបង្កើនការថែទាំសុខភាព នៅបឋមសហគមន៍ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣ ដោយមានវត្តមាន លោកស្រី វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត នៅសាលប្រជុំសាលាខេត្តតាកែវ ។
ពាក់ព័ន្ធនឹងកិច្ចការនេះ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថាៈ ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ និងជំរុញបង្កើនការងារថែទាំសុខភាពបឋម នៅសហគមន៍ ដែលជាមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅសម្រេចបាននូវ ការគ្របដណ្តប់ សុខភាពជាសាកល (UHC) ជាមួយនឹងការពង្រឹងការងារផ្តល់សេវា នៅតាមមណ្ឌល សុខភាព ដោយផ្តោតលើការផ្តល់សេវា តាមបែបអភិក្រមប្រជាជន ជាមជ្ឈមណ្ឌល កណ្តាល ដើម្បីធ្វើឱ្យបានល្អប្រសើរឡើង នូវសុខភាពប្រជាជនទូទៅ។ ការរៀបចំបង្កើត ឱ្យមានសហគមន៍គំរូ ដែលមានប្រជាជនសុខភាពល្អ និងអាយុវែង នឹងជួយជំរុញឱ្យមាន កំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ព្រមទាំងឆ្ពោះទៅរកការធ្វើទំនើបកម្ម ឌីជីថល ក្នុងផ្នែកនេះផងដែរ។ ទោះជាយ៉ាងណាក្តី ការពង្រឹងសម្ថភាពការងាររបស់ គណ:កម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) ក្រុមទ្រទ្រង់សុខភាព (VHSG) និងក្រុមប្រឹក្សាពិគ្រោះយោបល់ស្ត្រី និងកុមារ (គ.ក.ន.ក) ឱ្យមានគុណភាព និងនៅតាមតំបន់ ឱ្យមានការចូលរួមពីសហគមន៍ ដើម្បីកាត់បន្ថយហានិភ័យលើសុខភាព និងហិរញ្ញវត្ថុ ដែលត្រូវចំណាយ ក្នុងការព្យាបាលជំងឺ គឺជាកត្តាចាំបាច់មួយដែលអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាព ដោយមានផែនការត្រឹមត្រូវ និងមានការគាំទ្រលើកទឹកចិត្ត។
ក្នុងនាម គណៈអភិបាលខេត្តតាកែវ លោក អ៊ូច ភា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាព ពិភពលោក នៅលើទឹកដីខេត្តតាកែវ ព្រមទាំងបានប្តេជ្ញា ជាមួយក្រសួងសុខាភិបាល ចូលរួមអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម (PHC) នៅខេត្តតាកែវ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឱ្យកាន់តែរីកចម្រើន។
លោកស្រី វេជ្ជបណ្ឌិត លី អាយឡែន បានលើកឡើង ៣ ចំណុច ដែលអង្គការសុខភាព ពិភពលោកប្រចាំកម្ពុជា នឹងជួយគាំទ្រដល់រដ្ឋាភិបាលកម្ពុជា (១) ការគ្រប់គ្រងជំងឺកូវីដ -១៩ និងត្រៀមខ្លួនឆ្លើយតបនឹងវិបត្តិសុខភាពនានា ដែលអាចកើតមានឡើង នាពេលអនាគត (២) បន្ថែមការវិនិយោគ លើសុខភាពសាធារណៈ (៣) វិនិយោគលើ ការងារថែទាំសុខភាពបឋម (PHC) ឆ្លើយតបបានតាមតម្រូវការពិតប្រាកដរបស់ សហគមន៍។
លោកស្រី វេជ្ជបណ្ឌិត បានលើកទឹកចិត្តអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ពង្រឹងការទទួលខុសត្រូវ ក្នុងភាពជាម្ចាស់ ធានាឱ្យបាននូវការអនុវត្ត ការជំរុញបង្កើនការងារថែទាំសុខភាពបឋម នាពេលអនាគត ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងនិរន្តភាព។ ការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ជាការកំណត់គោលដៅ ដែលមានសុពលភាព និងជាក់ស្តែង អាចអនុវត្តបាននាពេលអនាគត ។
លុះដល់ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ លោកស្រី រដ្ឋលេខាធិការ ក៏បានដឹកនាំប្រតិភូក្រសួងសុខាភិបាល និងតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បន្តដំណើរ បេសកកម្មជួបផ្ទាល់ ជាមួយប្រជាជននៅសហគមន៍ ក្នុងបរិវេណវត្តពុទ្ធគីរី ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការចូលរួមពី គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) ក្រុមទ្រទ្រង់សុខភាព (VHSG) និងក្រុមប្រឹក្សាពិគ្រោះយោបល់ស្ត្រី និងកុមារ (គ.ក.ន.ក) ដើម្បីសិក្សាស្វែងយល់ពីស្ថានភាពសុខភាព និងតម្រូវការសេវា សុខាភិបាល នាពេលអនាគត ព្រមទាំងឆ្លៀតឱកាសសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ ក្នុងសហគមន៍ នៅទីនោះ ដោយផ្តល់នូវសារអប់រំសុខភាពផង លើកទឹកចិត្ត ឱ្យពួកគាត់ យល់បន្ថែមទៀត ពីសារសំខាន់នៃ វ៉ាក់សាំងកូវីដ-១៩ផង និងបំផុសគំនិត ពួកគាត់ ឱ្យចេះបន្តការយកចិត្តទុកដាក់ លើការថែទាំសុខភាពបឋមផងដែរ៕/V