ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្សបីនាក់បានស្លាប់និងយ៉ាងហោចណាស់ម្នាក់កំពុងបាត់ខ្លួនក្រោយការធ្លាក់ភ្លៀងខ្លាំងបំផុតមិនដែលធ្លាប់ជួបនៅទីក្រុងធំបំផុតទីពីររបស់នូវែលសេឡង់។
នាយករដ្ឋមន្ត្រី គ្រីស ហ៊ីបគីនស៍(Chris Hipkins)បានជិះយន្តហោះយោធាទៅកាន់ទីក្រុងអក់លឹន(Auckland)បន្ទាប់ពីប្រកាសដាក់តំបន់នេះក្នុងស្ថានភាពគ្រាអាសន្ន។លោកបាននិយាយថា« អាទិភាពរបស់យើងគឺដើម្បីធានាថា ប្រជាជនក្រុងអក់លឹនមានសុវត្ថិភាព មានជម្រកនិងទទួលបានសេវាចំបាច់តាមសេចក្តីត្រូវការ»។
លោកបាននិយាយថា ទីក្រុងនេះកំពុងធ្វើការលាងសម្អាតដ៏ធំមួយ និងថាប្រជាជនគួរនៅក្នុងផ្ទះសិនបើអាច នៅពេលអាកាសធាតុឈប់ភ្លៀងប្រហែលគ្រាន់តែជាបណ្តោះអាសន្ន ដោសារតែការព្យាករណ៍ថានឹងមានការធ្លាក់ភ្លៀងច្រើនទៀត។
បើតាមនាយករដ្ឋមន្ត្រីថ្មីរូបនេះ ការធ្លាក់ភ្លៀងដ៏ខ្លាំងនេះជាព្រឹត្តិការណ៍មិនដែលធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ទីក្រុង។
បុគ្គលិកគ្រាអាសន្ននិងបុរសម្នាក់ដើរលុយទឹកជំនន់នៅអក់លឹនកាលពីថ្ងៃសុក្រទី២៧មករា
នាយករដ្ឋមន្ត្រី គ្រីស ហ៊ីបគីនស៍ ជិះយន្តហោះយោធាទៅកាន់ក្រុងអក់លឹនកាលពីថ្ងៃសៅរ៍ទី២៨មករាដើម្បីពិនិត្យមើលប្រតិបត្តិការជួយសង្គ្រោះនិងវាយតំលៃការខូចខាត
ការធ្លាក់ភ្លៀងខ្លាំងនិងអាកាសធាតុអាក្រក់នៅទីក្រុងនេះបានបង្កការរំខានទូទាំងទីក្រុង និងបណ្តាលអោយតន្ត្រីករ អែលថុន ចន(Elton John)លុបចោលការប្រគំតន្ត្រីនៅទីក្រុងនេះ
ភ្លៀងបានបណ្តាលអោយបិទផ្លូវហាយវ៉េនិងទឹកហូរចូលផ្ទះ។មនុស្សរាប់រយនាក់ក៏បានជាប់នៅអាកាសយានដ្ឋានក្រុងអក់លឹនកាលពីយប់ថ្ងៃសុក្របន្ទាប់ពីអាកាសយានដ្ឋានបញ្ឈប់ការហោះហើរទាំងអស់ដោយសារទឹកលិចកន្លែងខ្លះក្នុងអាកាសយានដ្ឋាននេះ។
បើតាមប៉ូលីស មនុស្ស១២៦នាក់ត្រូវបានជួយសង្ក្រោះចេញពីការជាប់ក្នុងផ្ទះ ក្នុងរថយន្តលិចទឹក ឬក្នុងរថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍៕