ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៦មករាថាអាកាសធាតុធ្ងន់ធ្ងរនៅព្រៃអាម៉ាហ្សូនកំពុងជះផលប៉ះពាល់ដោយផ្ទាល់ទៅលើតំបន់ខ្ពង់រាបទីបេតិ៍ ដោយព្រមានថាតំបន់ហេមពាន្ត ដែលមានសារៈសំខាន់សម្រាប់សន្តិសុខទឹករបស់មនុស្សរាប់លាននាក់កំពុងជិតឈានដល់ “ចំណុចប្រែប្រួល” ដ៏មហន្តរាយ។
ការបំពុលដែលបង្កកម្តៅផែនដីពីសកម្មភាពរបស់មនុស្សកំពុងបង្កើនសីតុណ្ហភាពពិភពលោក ហើយអ្នកវិទ្យាសាស្ត្របាននិយាយថានិន្នាការនេះកំពុងជំរុញប្រព័ន្ធអេកូឡូស៊ីសំខាន់ៗនិងតំបន់ទាំងមូលឆ្ពោះទៅរកការប្រែប្រួល ដែលមិនអាចស្តារឡើងវិញបាន។
តំបន់ងាយរងគ្រោះរួមមានផ្ទាំងទឹកកកតំបន់ប៉ូលដែលកំពុងរលាយ ដែលអាចបណ្តាលឱ្យមានកម្ពស់ទឹកសមុទ្ររាប់ម៉ែត្រក៏ដូចជាអាងទន្លេអាម៉ាហ្សូនកន្លែងដែលព្រៃឈើត្រូពិចកំពុងប្រឈមហានិភ័យក្នុងការប្រែក្លាយទៅជាវាលស្មៅសោះកក្រោះ។
ប៉ុន្តែតើចំណុចប្រែប្រួលមួយអាចមានឥទ្ធិពលដូមីណូ (Domino Effect)លើតំបន់ផ្សេងទៀតបានទេ? ការស្រាវជ្រាវថ្មីៗបានបង្ហាញថា រឿងនេះកំពុងកើតឡើងរួចទៅហើយ។
អ្នកវិទ្យាសាស្ត្រនៅប្រទេសចិន អឺរ៉ុប និងអ៊ីស្រាអែលបានរាយការណ៍នៅក្នុងឯកសារស្តីពីការប្រែប្រួលអាកាសធាតុធម្មជាតិកាលពីដើមខែនេះថា ការប្រែប្រួលអាកាសធាតុនៅអាងទន្លេអាម៉ាហ្សូនមានឥទ្ធិពលលើតំបន់ខ្ពង់រាបទីបេតិ៍ស្ថិតនៅចម្ងាយឆ្ងាយពីនោះ ២០.០០០ គីឡូម៉ែត្រ។
សហអ្នកនិពន្ធ លោក ជួហ្គិន ឃឺត (Jurgen Kurths) មកពីវិទ្យាស្ថានផតស៍ដាម (Potsdam)សម្រាប់ការស្រាវជ្រាវផលប៉ះពាល់អាកាសធាតុបាននិយាយថា”យើងមានការភ្ញាក់ផ្អើលដែលឃើញកម្រិតអាកាសធាតុធ្ងន់ធ្ងរនៅក្នុងតំបន់អាម៉ាហ្សូនត្រូវបានផ្សារភ្ជាប់ទៅនឹងអាកាសធាតុធ្ងន់ធ្ងរនៅតំបន់ទីបេតិ៍”។
អ្នកស្រាវជ្រាវបានប្រើប្រាស់ទិន្នន័យសីតុណ្ហភាពកៀកផ្ទៃផែនដីក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយនេះដើម្បីគូសផែនទីផ្លូវនៃទំនាក់ទំនងអាកាសធាតុ។ផែនទីផ្លូវនេះលាតសន្ធឹងពីអាម៉េរិកខាងត្បូងទៅអាហ្វ្រិកខាងត្បូងឆ្ពោះទៅមជ្ឈិមបូព៌ានិងចុងក្រោយចូលទៅតំបន់ខ្ពង់រាបទីបេតិ៍។
នៅក្នុងការសិក្សារបស់ពួកគេ អ្នកស្រាវជ្រាវបានប្រើការធ្វើគំរូតាមកុំព្យូទ័រដើម្បីតាមដានពីរបៀបដែលការឡើងកម្តៅផែនដីអាចផ្លាស់ប្តូរការជាប់ពាក់ព័ន្ធគ្នាពីចម្ងាយទាំងនេះរហូតដល់ឆ្នាំ ២១០០។
ពួកគេបានរកឃើញថា នៅពេលដែលវាកាន់តែក្តៅនៅអាម៉ាហ្សូន សីតុណ្ហភាពក៏កើនឡើងនៅក្នុងតំបន់ទីបេតិ៍ដែរ។ ប៉ុន្តែនៅពេលដែលភ្លៀងកើនឡើងនៅក្នុងព្រៃទឹកភ្លៀងរបស់អាម៉េរិកខាងត្បូង ព្រិលធ្លាក់នៅតំបន់ហេមពាន្ត ដែលជួនកាលគេហៅថា “ប៉ូលទីបី” ក៏ថយចុះដែរ៕
អាកាសធាតុនៅអាងទន្លេអាម៉ាហ្សូនមានឥទ្ធិពលលើតំបន់ខ្ពង់រាបទីបេតិ៍ស្ថិតនៅចម្ងាយឆ្ងាយពីនោះ ២០.០០០ គីឡូម៉ែត្រ