ប្រែសម្រួលៈបំណង(ស្ពុតនិច,ដេល្លីម៉េល)៖ សព្វថ្ងៃនេះមនុស្សកាន់តែបារម្ភថា ភាពតានតឹងសកលនឹងកាន់តែវិវត្តអាក្រក់ទៅនិងអាចឈានដល់ការផ្ទុះសង្គ្រាមនុយកលេអ៊ែរមួយ។នៅពេលស្ថានការណ៍កាន់តែអាក្រក់ទៅ មនុស្សម្នាងាកទៅពិនិត្យមើលវិបត្តិនៅជុំវិញពួកគេនិងសញ្ជឹងសួរថាតើនឹងមានអ្វីការពារខ្លួនក្នុងករណីផ្ទុះសង្គ្រាមប្រល័យលោកដូច្នេះមែន។
កាលពីថ្ងៃ២៧មករា ឆ្នាំ២០២៣ដែលជាពេលដំបូងចាប់តាំងពីឆ្នាំ២០១៧ អង្គការសុខភាពពិភពលោក(WHO)បានធ្វើបច្ចុប្បន្នភាពបញ្ជីថ្នាំរបស់ខ្លួនដែលអាចយកមកប្រើព្យាបាលការត្រូវសារធាតុវិទ្យុសកម្មនិងក្នុងពេលជួបស្ថានភាពគ្រាអាសន្ននុយក្លេអ៊ែរ។
យោងតាមបណ្ឌិត ម៉ារៀ នៀរ៉ា(Maria Neira)អគ្គនាយករងរបស់អង្គការWHO វាសំខាន់ដែលប្រទេសនានាត្រៀមចែកចាយថ្នាំជួយសង្គ្រោះអាយុជីវិត ដែលអាចកាត់បន្ថយហានិភ័យនិងព្យាបាលការត្រូវជាតិវិទ្យុសកម្ម។
នៀរ៉ាបាននិយាយថា« ក្នុងគ្រាអាសន្នវិទ្យុសកម្ម ប្រជាជនអាចរងជាតិវិទ្យុសកម្មពីកំរិតស្រាលដល់គំរាមជីវិត។រដ្ឋាភិបាលនានាចាំបាច់ត្រូវត្រៀមថ្នាំព្យាបាលដោយខ្លួនឯង…។ការព្យាបាលទាំងនេះបង្ការឬកាត់បន្ថយការត្រូវវិទ្យុសកម្ម »។
យោងតាមWHO ប្រទេសជាច្រើនខ្វះការត្រៀមខ្លួនសំរាប់គ្រាអាសន្ននុយក្លេអ៊ែរ ។ក្នុងចំណោមសេណារីយ៉ូដែលអាចកើតមានសំរាប់គ្រាអាសន្នដូច្នេះ ក្រៅពីគ្រាប់បែកនុយក្លេអ៊ែរ វាក៏អាចមានឧបទ្ទវហេតុនៅតាមរោងចក្រនុយក្លេអ៊ែរ រោងចក្រឳសថឬសិក្សាស្រាវជ្រាវ ការកំពប់ខ្ចាយសារធាតុវិទ្យុសកម្មក្នុងពេលដឹកជញ្ជូន និងការប្រើសារធាតុដូច្នេះក្នុងគោលបំណងព្យាបាទ។
ការក្រើនរំលឹករបស់រWHOកើតឡើងចំពេលមន្ត្រីអឺរ៉ុបម្នាក់បាននិយាយថា «រុស្ស៊ីឥឡូវចូលពាក់ព័ន្ធក្នុងសង្គ្រាមមួយប្រឆាំងអង្គការណាតូនិងលោកខាងលិច»នៅពេលកាណាដាបានក្លាយជាប្រទេសទី១២ដែលសន្យាជួយរថក្រោះដល់អ៊ុយក្រែន។
លោកស្ទេហ្វាណូ សាន់នីណូ (Stefano Sannino)អគ្គលេខាខាងសេវាក្រៅប្រទេសរបស់សហភាពអឺរ៉ុប បាននិយាយថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីនបានឈានទៅហួស«ប្រតិបត្តិការយោធាពិសេស»កាលពីដំបូងរបស់លោកនិងកំពុង«រុញសង្គ្រាមនេះចូលទៅដំណាក់កាលផ្សេង»មួយ។
លោកថា សម្ពន្ធមិត្តអ៊ុយក្រែនត្រូវបង្ខំអោយបង្កើនការគាំទ្រយោធាដល់អ៊ុយក្រែនជាការឆ្លើយតបនឹងការដែលរុស្ស៊ីដូរចំណុចផ្តោតនៃសង្គ្រាមនេះទៅកាន់លោកខាងលិច។
ក្នុងពេលជាមួយគ្នា អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថាការប្រគល់រថក្រោះលោកខាងលិចដល់អ៊ុយក្រែនជាភស្តុតាងអំពី«ការចូលពាក់ព័ន្ធផ្ទាល់»កាន់តែខ្លាំងឡើងរបស់អាម៉េរិកនិងអឺរ៉ុបនៅក្នុងសង្គ្រាមនេះ៕
លទ្ធភាពផ្ទុះសង្គ្រាមនុយគ្លេអ៊ែរមួយកំពុងលេចឡើងស្ទុងៗក្រោយលោកខាងលិចចូលពាក់ព័ន្ធកាន់តែខ្លាំងក្នុងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ដែលកាន់តែធ្វើអោយលោកពូទីន ខឹងក្រេវក្រោធឡើង
លោកស្ទេហ្វាណូ សាន់នីណូ ថាពូទីនកំពុងរុញសង្គ្រាមនេះចូលទៅកាន់ដំណាក់កាលផ្សេងមួយ