ដោយៈ បាយ័ន / សៀមរាបៈ នៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប នារសៀលថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៣ បានរៀបចំកម្មវិធីបុណ្យអង្ករ លើកទី៥ និងជាលើកទី១ សម្រាប់ខេត្តសៀមរាប ដើម្បីចូលរួមអបអរសាទ អង្ករកម្ពុជា ជាប់ចំណាត់ថ្នាក់ពិភពលោក និងរួមគ្នាលើកស្ទួយកិត្យានុភាព វិស័យស្រូវអង្ករកម្ពុជា ឱ្យកាន់តែល្បីរន្ទឺ (ជាមាស “ស” កម្ពុជា) និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ដែលត្រូវបានចាត់ទុកថា “ ជាមាសបៃតង របស់កម្ពុជា” ក្នុងនោះ ក៏មានការចូលរួមគាំទ្រផ្សព្វផ្សាយទូលាយ តាមរយៈកញ្ញាចក្រវាឡ ចំនួន ២៦ ប្រទេសផងដែរ។
ព្រឹត្តិការណ៍នេះ មានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ដែលផ្តួចផ្តើគំនិតដោយ សមាគមក្លិបទេសចរណ៍សៀមរាប និងសហព័ន្ឋស្រូវអង្ករកម្ពុជា និង ទទួលបានការសហការគាំទ្រ ពីរដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជន កម្ពុជា ខេត្តសៀមរាប និងមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន ជាច្រើនទៀត ដោយមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព សភាពាណិជ្ជកម្ម និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត គរុសិស្ស និងនិស្សិត ព្រមទាំងវិស័យឯកជន ប្រមាណជាង ៤០០ នាក់ចូលរួម ។
លោក ហ្វីលីព កៅ ប្រធានសមាគមក្លិបទេសចរណ៍ខេត្តសៀមរាប បានប្រាប់ឱ្យដឹងថាៈ ការរៀបចំព្រឹត្តិការណ៍នេះឡើង គឺអនុលោមតាមយុទ្ធសាស្ត្រ ផែនការមេអភិវឌ្ឍវិស័យ ទេសចរណ៍ ២០២១-២០៣០ ខេត្តសៀមរាប ដែលបានសម្រេច ដោយរាជរដ្ឋាភិបាល កម្ពុជា សម្រាប់អនុវត្តប្រកបដោយនិរន្តរភាព និងបរិយាបន្ន ក្នុងអត្ថន័យ រួមចំណែកលើក កម្ពស់ និងសំរេចចក្ខុវិស័យមួយនេះ ដោយយោងលើភាពចាំបាច់ ក្នុងការស្ដារឡើងវិញ នូវវិស័យទេសចរណ៍ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ឱ្យមានភាពប្រសើរឡៀង។
ម្យ៉ាងទៀតក៏ជាការជំរុញឱ្យមានចលនាទេសចរណ៍ផ្ទែក្នុង និងអន្តរជាតិឡើងវិញ តាមរូបមន្ត “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ពីគ្រប់ភាគីពាក់ព័ន្ធ ស្រមតាមគោលការណ៍ Public Private Partnership និងចាប់ផ្តើមអនុវត្តផែនការផ្សេងៗទៀត ក្រោមបរិបទ Visit Cambodia Year 2023 សម្រាប់ចូលរួមផ្សព្វផ្សាយ គាំទ្រកម្ពុជា ជាម្ចាស់ផ្ទះលើកទី៣២ SeaGames និង ទី១២ ASEAN ParaGames “ក្រោមស្មារតីនៃយុទ្ធនាការ” ទស្សនាស្រុកយើង កម្ពុជាស្អាត ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ ។
លោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថាៈ វិស័យស្រូវអង្ករនៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ទ្រទ្រង់ដល់វិស័យសេដ្ឋកិច្ច ជាតិ ដែលបាននាំចេញអង្ករ ក្នុងឆ្នាំកន្លងទៅ បានចំនួនជាង ៦៣ ម៉ឺនតោន ដែលគិតជា ទឹកប្រាក់បានចំនួនជាង ៤១៨ លានដុល្លារសហរដ្ឋអាមេរិក និងនាំចេញស្រូវបានចំនួន ជាង ៣,៤ លានតោនស្រូវ ដែលគិតជាទឹកប្រាក់បាន ចំនួនជាង ៨៨១ លានដុល្លារ សហរដ្ឋអាមេរិក ដែលសរុបទាំងការនាំចេញអង្ករ និងស្រូវ បានទឹកប្រាក់សរុប ប្រមាណជាង ១.២០០ លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ ដែលជាចំណែកមួយ យ៉ាងសំខាន់ សម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ។
លោកបានបន្តថាៈ ក្រោមការដឹកនាំដ៏ប៉ិនស្រសព្វ និងឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យកម្ពុជា ធ្លាប់ជាប្រទេស ដែលខ្វះខាតស្បៀង ក្លាយជាប្រទេសដែលមានអតិរេកស្រូវ ប្រមាណជាង ៥លានតោន។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បាននិយាយថាៈ តំបន់សៀមរាប-អង្គរ គឺជាក្បាលម៉ាស៊ីន រុញកំណើនទេសចរណ៍កម្ពុជា ដោយអភិវឌ្ឍន៍ទេសចរណ៍ខេត្ត សៀមរាប ជា «គោលដៅទេសចរណ៍គុណភាព សុវត្ថិភាព និងបរិយាប័ន្ន» ស្របតាម គន្លងប្រក្រតីភាពថ្មី គឺជាការចាំបាច់ជាយុទ្ធសាស្រ្ត ដែលទាមទារឱ្យមានការអនុវត្ត តាមការចង្អុលទិស របស់ផែនការមេអភិវឌ្ឍន៍ ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។
លោកបានបន្ថែមទៀតថាៈ ដើម្បីអបអរសាទរអង្ករកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ពិភពលោក នៅក្នុងខេត្តសៀមរាប តាមរយៈបរវកញ្ញាចក្រវាលទាំង ២៦ ប្រទេស នាពេលនេះ គឺបានបង្ហាញពីការផ្សារភ្ជាប់ រវាងវិស័យកម្មសិកម្ម និងវិស័យទេសចរណ៍ ដែលជួយបំពេញ ឱ្យគ្នាទៅវិញទៅមក ហើយយើងជឿជាក់ថា តាមរយៈកម្មវិធីនេះ ក៏នឹងបានជួយផ្សព្វផ្សាយ ពីវិស័យទេសចរណ៍ខេត្តសៀមរាប ក៏ដូចជាវិស័យស្រូវអង្ករ កម្ពុជាយើង ឱ្យមានការទទួលស្គាល់ និងមានអ្នកប្រើប្រាស់ កាន់តែច្រើនឡើង នៅទូទាំង ពិភពលោក តាមរយៈបរវកញ្ញា ចក្រវាឡទាំង ២៦ ប្រទេស។
សូមជម្រាថា ព្រឹត្តិការណ៍បុណ្យអង្ករលើកដំបូង នៅខេត្តសៀមរាបនេះ មានការតាំង បង្ហាញពិព័រណ៍ស្រែ និងរូបភាពជាមួយនឹងស្តង់លក់ ផលិតផលផ្សេងៗ ជាង ៣០០ ស្តង់ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១១ យប់ និងមានការប្រគុំតន្ត្រីកម្សាន្តសប្បាយ ទៀតផង៕/V/R