ដោយៈសុផល/ភ្នំពេញ៖គណៈប្រតិភូដឹកនាំដោយ កីឡាការិនីដើមកំណើតខ្មែរ ស្រួង ភាវី តារាកីឡាប៊ីយ៉ាការ៉ុមកូរ៉េ និងសហការី គឺ លោក រស់ សាត សហស្ថាបនិក និងជានាយកប្រតិបត្តិ លោក ឈន បូណា សហស្ថាបនិក និង ប្រធានផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុន R2SCambodia និង កញ្ញា អន ម៉ូនីតា យុវតីឆ្នើមរបស់កម្ពុជាដែលមានហេស្សនាមនារីពហុជំនាញ បានមកទស្សនកិច្ចនៅការិយាល័យកយកា-KOICAប្រចាំប្រទេសកម្ពុជាកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ។
ដំណើរទស្សនកិច្ចនេះត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីលោក លោក នោ ហ្យន់ជូន (Rho Hyunjun)ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA)ប្រចាំប្រទេសកម្ពុជា លោកស្រី Shin Jungyeon អនុប្រធានតំណាងប្រទេសជាន់ខ្ពស់ លោក Kim Junsu អនុប្រធានតំណាង លោក Song Youngjun អនុប្រធានតំណាង និងលោកស្រី Shin Hojin ប្រធានគ្រប់អ្នកស្ម័គ្រចិត្ត ព្រមទាំង លោក ហ៊ត ស្រ៊ឺ អ្នកឯកទេសកម្មវិធីជាន់ខ្ពស់។
ដំណើរទស្សនកិច្ចនេះ មានគោលបំណងពិភាក្សាអំពី កិច្ចសហប្រតិបត្តិការនាពេលអនាគត ទាក់ទងទៅនឹងការធ្វើសកម្មភាពសង្គមរួមគ្នានៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀត ដំណើរទស្សនកិច្ចនេះ មានគោលបំណងសិក្សាបន្ថែមអំពីសកម្មភាពរបស់ការិយាល័យកយកា-KOICA)ប្រចាំប្រទេសកម្ពុជា។
ក្នុងឱកាសនោះ លោក នោ ហ្យន់ជូន (Rho Hyunjun)បានស្វាគមគណៈប្រតិភូ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងសកម្មភាពសង្គមនៅកម្ពុជា។ លោកក៏បានលើកឡើងថា កយកា-KOICA បាននិងកំពុងរៀបចំសកម្មភាពសង្គមជាច្រើនដោយសហការជាមួយស្ថាប័នសាធារណៈ និងឯកជន និងអង្គការក្រៅរដ្ឋាភិបាល។ បន្ថែមពីនេះទៅទៀត លោកបានគូសបញ្ជាក់ថា ក្រុមសមាជិកអ្នកស្ម័គ្រចិត្តជនជាតិកូរ៉េរបស់ កយកា-KOICAនៅកម្ពុជា បានអនុវត្តសកម្មភាពស្ម័គ្រចិត្តមួយឈ្មោះថា “សុខសប្បាយ” ហើយអតីតកម្មសិក្សារី និង និស្សិត ដែលបានឆ្លងកាត់កម្មវិធីបណ្តុះបណ្តាលតាមរយៈកយកា-KOICA ហៅថា “សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ” ដោយមានការគាំទ្រពីកយកា-KOICA បានធ្វើសកម្មភាពសង្គម ឬ/និងយុទ្ធនាការផ្សេងៗជារៀងរាល់ឆ្នាំ។
ជាងនេះទៅទៀត លោក នោ ហ្យន់ជូន (Rho Hyunjun) បានជម្រាបជូនគណៈប្រតិភូអំពីសកម្មភាពរបស់ កយកា-KOICA បាននឹងកំពុងជួយដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមលើវិស័យស្នូលចំនួនបួន ការគ្រប់គ្រងទឹក និងសុខភាពសាធារណៈ ការអប់រំ កសិកម្ម ការអភិវឌ្ឍន៍ជនបទ និងការដឹកជញ្ជូន តាមរយៈគម្រោង និងកម្មក្របខ័ណ្ឌ ជំនួយអភិវឌ្ឃន៍ផ្លូវការ (ODA) ផ្សេងៗ ដែលមានតម្លៃប្រហែល ៣៣៦,៧ លានដុល្លារអាមេរិក ចាប់ពីឆ្នាំ១៩៩១-២០២២។
ជាការឆ្លើយតប គណៈប្រតិភូបានមានប្រសាសន៍ថា ពួកគេនឹងពិនិត្យមើលឱកាសដែលអាចធ្វើទៅបាន នាពេលខាងមុខ ដើម្បីធ្វើសកម្មភាពសង្គមជាមួយ កយកា-KOICA នៅកំឡុងពេលប៉ុន្មានខែខាងមុខនេះ ឬឆ្នាំក្រោយ។
នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់ពួកគេ គណៈប្រតិភូត្រូវបានអញ្ជើញឲ្យធ្វើទស្សនកិច្ចនៅក្នុងការិយាល័យកយកា-KOICAប្រចាំប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីដំណើរការរបស់ស្ថាប័នមួយនេះ និងពួកគាត់ជួបជាមួយបុគ្គលិករបស់កយកា-KOICA ទាំងក្រុមគម្រោង និងក្រុមអ្នកស្ម័គ្រចិត្ត៕