ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ ក្នុងសប្តាហ៍ទី៤ ក្នុងខែមករានេះ មានព្រឹត្តិការណ៍ជាតិជាច្រើន បានកើតឡើង។ ក្នុងនោះ ការបើកយុទ្ធនាការជាតិ រាប់ថយក្រោយ ១០០ ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម រួមទាំងមហាសន្និបាតវិសាមញ្ញគណបក្សប្រជាជនកម្ពុជា ជាដើម។

១- រាជរដ្ឋាភិបាល គ្រោងដាក់ដំណើរការកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនយុវជនគ្រួសារក្រីក្រ ដោយមិនគិតថ្លៃ ភ្ជាប់ជាមួយប្រាក់ឧបត្ថម្ភ នៅចុងឆ្នាំនេះ ឬយ៉ាងយូរ នៅដើមឆ្នាំក្រោយ

ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតបញ្ចប់ការសិក្សា កាលពីព្រឹកថ្ងៃចន្ទ ទី២៣ ខែមករា សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា រាជរដ្ឋាភិបាល កំពុងសិក្សា ដើម្បីដាក់ឱ្យដំណើរការ នូវកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ជូនយុវជនគ្រួសារក្រីក្រ ដោយមិនគិតថ្លៃ ភ្ជាប់ជាមួយប្រាក់ឧបត្ថម្ភ។ កម្មវិធីពិសេសនេះ នឹងចាប់ផ្តើម នៅចុងឆ្នាំ២០២៣ នេះ ឬយ៉ាងយូរ នៅដើមឆ្នាំ២០២៤ ខាងមុខ។ បើតាមសម្តេចតេជោ យុវជនមកពីគ្រួសារក្រីក្រយ៉ាងហោចណាស់ ១លាន ៥សែននាក់ នឹងទទួលបានផលប្រយោជន៍ ពីគម្រោងថ្មីមួយនេះ។

២- សម្តេចតេជោ ហ៊ុន សែន រម្លឹកពលរដ្ឋកម្ពុជា សូមចូលរួមយុទ្ធនាការជាតិ រាប់ថយក្រោយ ១០០ ថ្ងៃ ឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម

កាលពីថ្ងៃទី២៣ ខែមករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានថ្លែងរម្លឹកជាថ្មី ឱ្យពលរដ្ឋកម្ពុជាគ្រប់រូប ចូលរួមផ្សព្វផ្សាយយុទ្ធនាការរាប់ថយក្រោយ ១០០ ថ្ងៃ ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ យុទ្ធនាការនេះ ធ្វើឡើង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។ សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ ជាមោទកភាព ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា ក្រោយខកខាន និងមិនអាចរៀបចំព្រឹត្តិការណ៍កីឡា ក្នុងតំបន់អាស៊ាននេះ ជាងកន្លះសតវត្សទៅហើយ។

៣-សិក្ខាកាមអ៊ុយក្រែន ទស្សនាប្រាសាទ អង្គរវត្ត ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញដោះមីនពីកម្ពុជា

ក្រុមអ្នកដោះមីនអ៊ុយក្រែន ចំនួន ១៥នាក់ បានបញ្ចប់ការបណ្តុះបណ្តាល ជំនាញដោះមីនពីកម្ពុជា រយៈពេលមួយសប្តាហ៍។ ក្នុងថ្ងៃបិទបញ្ចប់វគ្គបណ្តុះបណ្តាល កាលពីចុងសប្តាហ៍មុន នៅខេត្តសៀមរាប សិក្ខាកាម អ៊ុយក្រែន ក៏បានធ្វើទស្សនកិច្ចប្រាសាទអង្គរវត្ត។ ទស្សនកិច្ចនេះ គឺជាបំណងប្រាថ្នាក្នុងជីវិតរបស់សិក្ខាកាមអ៊ុយក្រែន ក្នុងពេលអ៊ុយក្រែន កំពុងទទួលរងនូវសង្គ្រាម ដែលបង្កឡើងដោយរុស្ស៊ី។

៤-ក្រសួង ប្រកាសឱ្យប្រុងប្រយ័ត្នបញ្ហាសុខភាព ខណៈអាកាសធាតុ នឹងចុះត្រជាក់ ពីថ្ងៃទី២៥-៣១ ខែមករា

កាលពីថ្ងៃទី២៤ ខែមករា ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសអំពាវនាវឱ្យសាធារណជន ថែទំាសុខភាពឱ្យល្អ ខណៈប្រទេសកម្ពុជាយើង ចុះត្រជាក់ពីកម្រិតមធ្យម ទៅខ្លាំង ចាប់ពីថ្ងៃទី២៥-៣១ ខែមករា ឆ្នាំ២០២៣។ ក្នុងនោះ ត្រជាក់ខ្លាំងជាងគេ នៅខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលសីតុណ្ហភាពអប្បបរមា អាចធ្លាក់ចុះមកនៅ ១៥-១៧ អង្សាសេ នៅពេលព្រឹក និងនៅពេលយប់។

៥- បក្សនយោបាយចំនួន ៣ បានដាក់បេក្ខជនប្រកួតប្រជែង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី

គណបក្សនយោបាយចំនួន ៣ បានដាក់បេក្ខជន ចូលរួមប្រកួតប្រជែង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។ គណបក្សនយោបាយ ទាំង ៣ នោះ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សភ្លើងទៀន។ ការបោះឆ្នោតនេះ ជាការបោះឆ្នោតអសកល ដែលមានតែក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកតំណាងរាស្ត្រ ក្នុងតំណែង ជាអ្នកបោះឆ្នោត។

៦- រដ្ឋាភិបាលបារាំង សន្យាបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ដើម្បីស្វែងរកផលប្រយោជន៍រួម

កាលពីព្រឹកថ្ងៃទី២៥ ខែមករា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក អូលីវីយេ បិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង បានអះអាងថា រដ្ឋាភិបាលបារំាង បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីជួយ ក៏ដូចជា ធ្វើកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា លើវិស័យអប់រំ វិនិយោគ បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ រទេះភ្លើង សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្ម ជាដើម ដើម្បីរួមចំណែកដល់ ការអភិវឌ្ឍន៍នៅកម្ពុជា។

៧- វិមានរម្លឹកដល់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងសង្រ្គាមលោក លើកទី១ ត្រូវបានសាងសង់ឡើងវិញ ក្រោយបាត់រូបរាងជិត ៥០ឆ្នាំ

វិមានរម្លឹកដល់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងសង្រ្គាមលោក លើកទី១ ដែលត្រូវបានបំផ្លាញ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅពេលនេះ ត្រូវបានបញ្ចុះបឋមសិលា សាងសង់ឡើងវិញ កាលពីព្រឹកថ្ងៃទី២៥ ខែមករា។ វិមាននេះ ត្រូវសាងសង់ឡើង ក្បែរទីតាំងចាស់ គឺនៅក្នុងបរិវេនសួនច្បារ មុខស្ថានទូតបារាំង ហើយគម្រោងប្លង់ស្ថាបត្យកម្ម និងគ្រឿងបង្គុំឡើងវិញ គឺផ្អែកតាមបំណែកផ្ទាំងចម្លាក់ ដែលរក្សាទុកនៅសារមនី្ទរជាតិភ្នំពេញ និងឯកសារជាច្រើនទៀត។

៨- កម្ពុជា ចាប់ផ្តើមយុទ្ធនាការជាតិ រាប់ថយក្រោយ ១០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម

យុទ្ធនាការជាតិ រាប់ថយក្រោយ ១០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម បានប្រារព្ធឡើង កាលពីថ្ងៃទី២៥ មករា។ ពិធីជួបជុំ ដើម្បីទូងស្គរ ចាប់ផ្តើមយុទ្ធនាការជាតិនេះ បានធ្វើឡើង នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

៩-សម្តេចតេជោ ហ៊ុន សែន ណែនាំថ្នាក់ដឹកនាំសាកលវិទ្យាល័យទំាងអស់ រួមគ្នាពង្រឹងគុណ ភាពអប់រំ ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតបញ្ចប់ការសិក្សា កាលពីថ្ងៃទី២៦ ខែមករា សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យថ្នាក់ដឹកនាំសាកលវិទ្យាល័យទំាងអស់ ទំាងរដ្ឋ និងទាំងឯកជន ត្រូវរួមគ្នា ពង្រឹងគុណភាពអប់រំ ដើម្បីបំប្លែងធនធានមនុស្ស ដែលមានបរិមាណស្រាប់នៅកម្ពុជា បច្ចុប្បន្ន ទៅជាធនធានមនុស្ស ដែលមានគុណភាព។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា កត្តាធនធានមនុស្សនេះ គឺជាដើមចមសំខាន់មួយ ហើយការកំណត់គោលនយោបាយដឹកនាំប្រទេសខុស គឺជាដើមចមសំខាន់មួយទៀត ដែលធ្វើឱ្យកម្ពុជា នៅតែបន្តរក្សាឈ្មោះ ជាប្រទេសក្រីក្រ គ្រាដែលកម្ពុជា មានធនធានធម្មជាតិសម្បូរបែបទៅហើយ។

១០- សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា ជួយបណ្ដុះបណ្ដាល អ្នកដោះមីនអ៊ុយក្រែន គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សា នៅព្រឹកថ្ងៃទី២៦ ខែមករា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាគ្មានសមត្ថភាព ដើម្បីផ្ដល់ជំនួយយោធា ទៅឱ្យអ៊ុយក្រែនទេ។ ក្នុងនោះ កម្ពុជាបានជួយបណ្ដុះបណ្ដាលអ្នកដោះមីនអ៊ុយក្រែន កាលពីថ្មីៗនេះ គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ។

១១- លោក ហ៊ុន ម៉ានី៖ ស្រុកថ្ពង និងស្រុកឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ ប្រែក្លាយពីតំបន់សមរភូមិ ទៅជាតំបន់សន្តិភាព និងការអភិវឌ្ឍន៍

សាលាធម្មសភា និងសមទ្ធិផលនានា ក្នុងវត្តកោះពន្លាជ័យ ស្ថិតនៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ។ ក្នុងពិធីសម្ពោធនេះ លោក ហ៊ុន ម៉ានី លើកឡើងថា ស្រុកថ្ពង និងស្រុកឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ បានប្រែក្លាយពីតំបន់សមរភូមិ ទៅជាតំបន់សន្តិភាព និងការអភិវឌ្ឍន៍។

១២-សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប ១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា

កាលពីព្រឹកថ្ងៃទី២៧ ខែមករា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួប ១០០ឆ្នាំ នៃសាសនាគ្រិស្ត នៅកម្ពុជា។ ពិធីជួបជុំនេះ មានអ្នកចូលរួមជាង ១ម៉ឺន ៥ពាន់នាក់ ត្រូវបានរៀបចំធ្វើឡើង នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។

១៣- ក្រសួងធនធានទឹក អំពាវនាវឱ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុ នឹងចុះត្រជាក់ខ្លាំង នៅចុងខែមករានេះ

ជាថ្មីម្តងទៀត ក្រសួងធនធានទឹក និង ឧតុនិយម បានប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈអាកាសធាតុ នឹងចុះត្រជាក់ខ្លាំង រហូតដល់ ១៤អង្សាសេ នៅតំបន់ខ្ពង់រាប និងតំបន់ពាយព្យ នាចុងខែមករានេះ។

១៤- មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឡើងនៅថ្ងៃសៅរ៍នេះ

មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨ មករា រហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នេះ។ តាមគម្រោង មហាសន្និបាតនេះ នឹងចូលរួមតាំងពីសមាជិកបក្សថ្នាក់មូលដ្ឋាន ដល់សមាជិកបក្សថ្នាក់ជាតិ ដើម្បីផ្ដល់ជាមតិយោបល់ផ្សេងៗ ដល់កម្មវិធីនយោបាយរបស់គណបក្ស សម្រាប់អនុវត្តរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣ នេះ រហូតដល់ឆ្នាំ២០២៨។

១៥-ក្លិបអ្នកកាសែតកម្ពុជា បោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការនាយក អាណត្តិទី៧ ឆ្នាំ២០២៣-២០២៦

ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំបោះឆ្នោតជ្រើសតាំងសមាសភាព គណៈកម្មាធិការនាយកថ្មី សម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣-២០២៦។ លទ្ធផលបោះឆ្នោត គណៈកម្មាធិការនាយកថ្មី ទាំង ៩រូប កាលពីល្ងាចថ្ងៃទី២៧ ខែមករា រួមមាន៖ ១-លោក ខៀវ កូឡា ស្ថាបនិកក្លិបអ្នកកាសែតកម្ពុជា ២-លោក ជេត សន ស្ថាបនិកក្លិបអ្នកកាសែតកម្ពុជា ៣-លោកស្រី ថុង សុវណ្ណរង្សី អគ្គនាយិកាសារព័ត៌មានកោះសន្តិភាព ៤-លោក ទាវ សារៈមុនី និពន្ធនាយកសារព័ត៌មានរស្មីកម្ពុជា ៥-លោក នៅ សុភ័ស្ស នាយកសារព័ត៌មាន Click News នៃCBS ៦-លោក ពុយ គា ប្រធានអ្នកឆ្លើយឆ្លងឱ្យទីភ្នាក់ងារសារព័ត៌មានជប៉ុន ក្យូដូ ៧-កញ្ញា យ៉ាន់ លីណា នាយិកាវិទ្យុវាយោ FM ៨-លោក លាង ដឺលុច សហស្ថាបនិកសារព័ត៌មានថ្មីៗ និង៩-លោក សៅ ភិរុណ អគ្គនាយករង BTV។ ក្នុងនោះ លោក ពុយ គា ត្រូវបានជ្រើសតាំងជាប្រធានក្លិបអ្នកកាសែតកម្ពុជា ខណៈដែលលោកស្រី ថុង សុវណ្ណរង្សី ត្រូវបានជ្រើសតាំងជាអគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា។

១៦-គណបក្សប្រជាជនកម្ពុជា រៀបចំមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស រយៈពេល ២ថ្ងៃ

មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល ២ថ្ងៃ របស់គណបក្សប្រជាជនកម្ពុជា បានចាប់ផ្តើមហើយ នៅព្រឹកថ្ងៃទី២៨ ខែមករានេះ នៅវិមាន ៧មករា ក្នុងរាជធានីភ្នំពេញ។ មហាសន្និបាត បានប្រារព្ធឡើង ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណបក្សទូទាំងប្រទេស ចាប់តាំងពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ជាតិ។

១៧-ជប៉ុនផ្តល់ជំនួយ ២២ ម៉ឺនដុល្លារ ដល់សាលាក្តីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម

ជប៉ុន បានផ្ដល់ជំនួយ ២២ ម៉ឺនដុល្លារ បន្ថែមទៀត ដល់ភាគីអន្តរជាតិ នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដែលគេស្គាល់ជាទូទៅថា សាលាក្តីកាត់ទោសខ្មែរក្រហម ដែលរួមគ្នាបង្កើតឡើងដោយអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។ ជំនួយបន្ថែមថ្មីនេះ ដើម្បីជួយផ្សាយលទ្ធផល ជុំវិញរឿងក្ដីខ្មែរក្រហម៕/V