ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ កូរ៉េខាងជើងនៅថ្ងៃអាទិត្យទី២៩មករានេះបានរិះគន់ការសំរេចចិត្តរបស់អាម៉េរិកក្នុងការបញ្ជូនរថក្រោះទៅអោយអ៊ុយក្រែន ដោយបានហៅវាថាជា«ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»ក្នុងបំណងធ្វើអោយសភាពការណ៍អន្តរជាតិបាត់បង់ស្ថិរភាពជារៀងរហូត។
សេចក្តីថ្លែងការណ៍មួយផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលKCNAបាននិយាយថា ការចោទប្រកាន់របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនដែលថា កូរ៉េខាងជើងផ្តល់សព្វាវុធដល់រុស្ស៊ី ជាកិច្ចខិតខំ«គ្មានមូលដ្ឋាន»មួយដើម្បីធ្វើអោយមើលទៅដូចជាត្រឹមត្រូវជំនួយយោធារបស់ខ្លួនទៅអោយអ៊ុយក្រែន ។ការប៉ុនប៉ងរបស់អាម៉េរិកដើម្បីផ្តល់គ្រឿងអាវុធវាយប្រហារ ដូចជារថក្រោះធុនធ្ងន់ដូច្នេះដល់អ៊ុយក្រែនដោយមិនអើពើនឹងការព្រួយបារម្ភព្រមទាំងការថ្កោលទោសពីសហគមន៍អន្តរជាតិ ជាឧក្រិដ្ឋកម្មមួយប្រឆាំងមនុស្សជាតិ ក្នុងគោលបំណងបង្កអស្ថិរភាពជាប្រចាំ»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ការអះអាងគ្មានមូលដ្ឋានដែលថារុស្ស៊ីនិងកូរ៉េខាងជើងមានកិច្ចព្រមព្រៀងសព្វាវុធជាមួយគ្នា ជា«ការមិនអាចទទួលយកបាននិងជាការបង្ករឿងធំមួយដែលត្រូវតែឆ្លើយតប»។
កាលពីថ្ងៃសៅរ៍ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោកស្រី គីម យ៉ូ ចុង(Kim Yo Jong)បានថ្កោលទោសការសន្យារបស់អាម៉េរិកក្នុងការប្រគល់រថក្រោះទៅអោយអ៊ុយក្រែន ដោយអះអាងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន«ធ្វើទៅហួសបន្ទាត់ក្រហម»ដើម្បីសំរេចការវាតទីរបស់ខ្លួនតាមរយៈបង្កើតសង្គ្រាមដោយកម្លាំងតំណាងរបស់ខ្លួន។
សូមបញ្ជាក់ថា កាលពីខែធ្នូ សេតវិមានបាននិយាយថា កូរ៉េខាងជើងបានបញ្ជូនគ្រាប់រ៉ុក្កែតនិងកាំជ្រួចទៅអោយក្រុមហ៊ុនយោធាឯកជនរបស់រុស្ស៊ីមួយ គឺក្រុមWagner Groupដើម្បីជួយគាំទ្រកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន តែនៅថ្ងៃអាទិត្យនេះ កូរ៉េខាងជើងបានបដិសេធថាខ្លួនមិនបានផ្តល់អាវុធដល់រដ្ឋាភិបាលទីក្រុងមូស្គូដូចការចោទប្រកាន់របស់អាម៉េរិកទេ។
នៅមុននេះក្នុងខែមករា សេតវិមានបានបង្ហាញរូបថតចារកម្មអាម៉េរិក ដែលបង្ហាញរថយន្តរុស្ស៊ីជាច្រើនបើកចូលកូរ៉េខាងជើង លើកដាក់គ្រាប់រ៉ុក្កែតនិងកាំជ្រួចចូលរថយន្ត និងបានវិលមកកាន់រុស្ស៊ីវិញ។
ទោះជាយ៉ាងណា នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋKCNA មន្ត្រីជាន់ខ្ពស់កូរ៉េម្នាក់បានច្រានចោលការចោទប្រកាន់ខាងលើនិងបានព្រមានថា អាម៉េរិកនឹងប្រឈម«លទ្ធផលដ៏មិនជាទីគាប់ចិត្ត»មួយ បើខ្លួននៅតែផ្សព្វផ្សាយ«ពាក្យចចាមអារ៉ាមប្រឌិតឡើងដោយខ្លួនឯង»បែបនេះ៕
កូរ៉េខាងជើងអះអាងថា អាម៉េរិកចោទប្រកាន់កូរ៉េខាងជើងដើម្បីធ្វើអោយការផ្តល់រថក្រោះរបស់ខ្លួនដល់អ៊ុយក្រែនជារឿងត្រឹមត្រូវ