ប្រែសម្រួលៈបំណង(ស្ពុតនិច)៖អ៊ីតាលីនិងបារាំងបានយល់ព្រមរួមគ្នាផ្តល់ប្រព័ន្ធការពារដែនអាកាសទំនើបធុនSamp/Tជាមួយនឹងកាំជ្រួចប្រឆាំងយន្តហោះAster-30 ប្រមាណ៧០០គ្រាប់ ទៅអោយអ៊ុយក្រែន នេះបើតាមកាសែតអ៊ីតាលីចុះផ្សាយកាលពីថ្ងៃសៅរ៍។
ប្រព័ន្ធនិងកាំជ្រួចដែលអាចស្ទាក់កំទេចការគំរាមក្នុងអាកាសស្ទើរទាំងអស់នេះរួមមានកាំជ្រួចនិងយន្តហោះនៅចម្ងាយ១០០គីឡូម៉ែត្រ មានតំលៃសរុប៨៧៩លានដុល្លារ។
របាយការណ៍អះអាងថា ទម្រកាំជ្រួចSAMP/Tមានសមត្ថភាពស្ទាក់កំទេចគោលដៅក្នុងអាកាសដល់១៣០ក្នុងពេលដំណាលគ្នានិងអាចបាញ់ចេញកាំជ្រួចដប់ដើមដាក់គោលដៅទាំងនោះក្នុងពេលដំណាលគ្នាផងដែរ។
មុននេះក្នុងខែមករា ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការបរទេសអ៊ីតាលីបាននិយាយថា ចំនួនជំនួយរបស់អ៊ីតាលីសំរាប់អ៊ុយក្រែនបានកើនឡើងប្រមាណ១ពាន់លានអឺរ៉ូ និងកាលពីថ្ងៃអង្គការសភាអ៊ីតាលីបានអនុញ្ញាតអោយបន្តការគាំទ្រនិងផ្តល់ជំនួយយោធាដល់អ៊ុយក្រែននៅឆ្នាំ២០២៣។
រដ្ឋាភិបាលអ៊ីតាលីបច្ចុប្បន្នកំពុងត្រៀមផ្តល់ជំនួយយោធាលើកទីប្រាំមួយដល់អ៊ុយក្រែន ហើយកាសែតអ៊ីតាលីបាននិយាយថា ក្នុងជំនួយមួយកញ្ចប់ថ្មីនេះរួមមាន ប្រព័ន្ធការពារអាកាស Samp/T គ្រាប់រំសេវ ដ្រូនរចនាឡើងដោយអ៊ីស្រាអែល ព្រមទាំងកាំភ្លើងធំ។
កាលពីឆ្នាំកន្លងទៅ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានព្រមានថាការដឹកជញ្ជូនគ្រឿងសព្វាវុធលោកខាងលិចនៅលើទឹកដីអ៊ុយក្រែននឹងជាគោលដៅស្របច្បាប់របស់កងកម្លាំងរុស្ស៊ី។អ្នកនាំពាក្យវិមានក្រឹមឡាំងក៏បាននិយាយថាការបង្ហូរគ្រឿងធ្វើសង្គ្រាមចូលអ៊ុយក្រែនវាមិនមានលក្ខណៈស្ថាបនាចំពោះការចរចារកសន្តិភាព ហើយកាន់តែពង្រីកជម្លោះនិងបង្កទុក្ខវេទនាដល់ប្រជាជនអ៊ុយក្រែន៕