ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
រយ៉ា
នាមសព្ទ
( បា. រយា “ភក់; ដំណើរព្យួរចុះ, សំយុងចុះ, សម្ដោកចុះ” ); រំយោល, គ្រឿងព្យួរមានរំយោល ។ ឈើតូចមួយប្រភេទសន្ដានដើមច្បា ដើមស្ទើរជាវល្លិ ស្លឹកឆែកៗផ្កាក្រហម ទងផ្កាវែងត្រង់កណ្ដាល ផ្កាចេញជារំយោលត្រសុសប្លែកពីរំយោលផ្កាច្បា
ផ្ការយ៉ា ។
គ្រឿងប្រដាប់ត្រចៀកស្ត្រីមួយបែបសណ្ឋានស្រដៀងនឹងរំយោលផ្ការយ៉ា
នាងកញ្ញាពាក់រយ៉ាមាស ។
គោមព្យួរមានកម្រងកែវឬកម្រងអង្កាំសំយុងចុះជាលម្អ
គោមរយ៉ា ។ ល ។
រលាយ
កិរិយាសព្ទ
ប្រែពីរឹង, ពីខន់, ខាប់ ទៅជារាវ ឬពីកក, ពីគោកទៅជាទឹក
សំណរលាយ, ក្រមួនរលាយ, ឈាមរលាយ, ទឹកកករលាយ ។
ព. ប្រ. ត្រូវអន្តរាយ, វិនាស, ខូច, បាត់
រលាយទ្រព្យ, រលាយខ្លួន ។
រសាយ
រលាយកំហឹង ។
រលាយសាច់មួយ ដែលជិតចូលសាច់គ្នាតែមួយ
ភ្ជិតឈើរលាយសាច់មួយ ។
ព. ប្រ. ដែលត្រូវចិត្តគំនិតគ្នាយ៉ាងស្និទ្ធជិត
ត្រូវគំនិតគ្នា រលាយសាច់មួយ ។ ល ។
នាមសព្ទ
ឈ្មោះឈើមួយប្រភេទ សន្ដានជ្រួយ, គេច្រើនប្រើស្លឹកនិងសំបកធ្វើជាថ្នាំរម្ងាប់រោគ
សំបករលាយ ។
រែង
កិរិយាសព្ទ
ចងក្រងឲ្យកើតបានជារបែង
រែងរនាប, រែងព្រួល ។
ចាប់គ្រលែងអង្រង់ឲ្យលេចជ្រុះចេញតាមប្រហោងច្រែងឬកាតៅជាដើម
រែងអង្ករ, រែងដីខ្សាច់, រែងម្សៅ ។
និបាតសព្ទ
ជា កិ. នុ. រមែង, តែង, រមែងតែ; តែងតែ, ធ្លាប់តែ, ច្រើនតែ, សឹងតែ
អ្នកលក់រែងចង់បានចំណេញ អ្នកទិញរែងតែចង់បានថោក ។ ច្រើនប្រើក្នុងកាព្យជាងពាក្យរាយ : ខ្លៅរែងស្អប់ប្រាជ្ញ នាអ្នកខ្លួនខ្លាច រែងធ្វើជាហ៊ាន ខ្សត់ខ្សោយស្មុតទ្រុឌ រែងធ្វើជាមាន អ្នកឥតសន្ដាន រែងមើលងាយគេ ។ ( សាស្ត្រាច្បាប់រាជនេតិ ) ។
លម៉ើ
(លៈ—)
នាមសព្ទ
ឈ្មោះឈើមួយប្រភេទសន្ដានត្នោត តែមានស្លឹកនិងបន្លាផ្សេងគ្នាអំពីត្នោត ផ្លែតូចៗមានរសផ្អែមប្រើធ្វើជាបង្អែម
លម៉ើច្រើនដុះក្នុងប្រទេសក្ដៅ (សរសេរជា ល្ម៉ើ ក៏បាន តែនាំឲ្យទើសទែងច្រើនជាន់ ) ។
លំពាន់
នាមសព្ទ
ឈ្មោះប្រទាលមួយប្រភេទ សន្ដានតិណជាតិ ស្លឹកសំប៉ែត, ប្រើជាថ្នាំរម្ងាប់រោគ ។