ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
មមាញ
នាមសព្ទ
ឈ្មោះស្មៅពួកមួយសន្ដានផ្ទី មានក្លិនហាងឆួល, ប្រើការជ្រក់បរិភោគបាន ។ មានមួយប្រភេទផ្សេងហៅថា មមាញខ្មោច ប្រើការជ្រក់បរិភោគពុំបានឡើយ ។
មាក់ប្រេង
នាមសព្ទ
( ស. មះប្រិង អ. ថ. ម៉ៈព្រិង ) ឈ្មោះឈើមួយប្រភេទសន្ដានមាក់ប្រាង តែស្លឹកធំៗជាងបន្តិច ផ្លែតូចៗជាងមាក់ប្រាង; ( ច្រើនមានសម្បូណ៌នៅព្រៃភ្នំខ្លះដោយអន្លើក្នុងខែត្រកំពត, អ្នកស្រុកកំពតច្រើនហៅ មាក់ប្រិង ) ។
រកា
នាមសព្ទ
ឈ្មោះឈើព្រៃមួយប្រភេទ សន្ដាននឹងគដើមមានបន្លាធំៗ រង្វើលៗ ផ្លែតូចៗ ខ្លីៗជាងផ្លែគ មានប៉ុយសាច់ម៉ដ្ឋត្រសុសសម្បុរសស្រអាប់
ប៉ុយរកា ។
នាមសព្ទ
ឈ្មោះឆ្នាំទី ១០ ( មាន់ )
ឆ្នាំរកា ។
រងាវកក
នាមសព្ទ
ឈ្មោះបក្សីមួយប្រភេទ សន្ដានចចាតជាសត្វឆាបជ្រមុជខ្លួនក្នុងទឹកចាប់ត្រីជាអាហារ
ថ្ងៃណាមានរងាវកកយំស៊ាន តែងតែមានភ្លៀងក្នុងថ្ងៃនោះ ។
រពាក់
នាមសព្ទ
វល្លិតូច សន្ដាននឹងផ្ដៅ តែដើមតូចជាងសាច់ស្រួយបន្តិចជាងផ្ដៅ, ប្រើជាប្រយោជន៍បានតាមគួរដល់ការប្រកប
ខ្សែរពាក់, កំប្រោងរពាក់, ត្រករពាក់, ក្មេងៗចូលចិត្តផ្លែរពាក់ទុំ ។
ឧទានសព្ទ
សូរឮខ្ពាក់ៗរឿយៗ ( ម. ប្រ., ច្រ. ប្រ. កខ្ពាក់ ជាង ។ ម. ព. រពុក ផង ) ។