ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ល្មេច
នាមសព្ទ
សត្វទឹកពួកអដ្ឋិចម្មជាតិមួយប្រភេទ សន្ដានអណ្ដើក ។ ស្រុកខ្លះហៅ ល្មិច ។
វង់ព្រះអាទិត្យ
នាមសព្ទ
ឈ្មោះប្រទាលមួយប្រភេទសន្ដានត្រាវ តែធាងនិងស្លឹកតូចជាង, ស្លឹកមានសម្បុរក្រហមត្រង់ផ្ទៃកណ្ដាល
ប្រទាលវង់ព្រះអាទិត្យ គេច្រើនដាំក្នុងផើងសម្រាប់ប្រើជាគ្រឿងតាំង ។
វោហារ
នាមសព្ទ
( បា.; សំ. វ្យាហារ) ពាក្យ, ពាក្យពេចន៍; សំនួនសម្ដី : បញ្ចេញវោហារ, បានវោហារ ។ វោហារកោសល ( –រ៉ៈកោសល់ ) អ្នកឈ្លាសវៃ, ប៉ិនប្រសប់ខាងវោហារ, ខាងពាក្យសម្ដីថ្វីមាត់ ( ប្រើជា គុ. ក៏បាន ) ។ វោហារកោសល្យ ( –សល់ ) ការឈ្លាសវៃ, ការប៉ិនប្រសប់ស្ទាត់ជំនាញក្នុងវោហារ, ការចេះនិយាយថ្លែងសេចក្ដីយ៉ាងពីរោះក្បោះក្បាយ ឥតមានរអាក់រអួល
វោហារកោសល្យ ជាឧបនិស្ស័យមានប្រចាំនៅក្នុងសន្ដាននៃបុគ្គលខ្លះ ។ វោហារទេសនា ( –រៈទេសៈន៉ា ឬ –ទេស្នា ) ការសម្ដែងវោហារ, ការសម្ដែងធម៌អធិប្បាយបញ្ចេញវោហារ ឲ្យទូលាយងាយស្ដាប់ងាយយល់ ។
នាមសព្ទ
( បា.; សំ. វ្យវហារ ) ទំនៀម, ទំនៀមទម្លាប់; ធម្មសាស្ត្រ, ច្បាប់បញ្ញត្តិ; វិវាទ, ក្ដី; ការលក់ដូរ, ជំនួញ ។ វោហារវិជ្ជា, –វិទ្យា ឬ –សាស្ត្រ វិជ្ជាឬសាស្ត្រខាងច្បាប់សម្រាប់ប្រទេស, ធម្មសាស្ត្រ ។ វោហារវិធី ឬ –កម្ម ដំណើរក្ដី ។ ល ។
សង្កិលេសិក
(សង់-កិល៉េ-សិ-កៈ ឬ –សិក)
គុណសព្ទ
( បា.; សំ. សំក្លេឝិក ) ដែលសៅហ្មង; ដែលជាមន្ទិល; ដែលនាំឲ្យអួអាប់, ឲ្យស្រអាប់ ។ សង្កិលេសិកចិត្ត ចិត្តដែលមានសៅហ្មង ។ សង្កិលេសិកធម៌ ធម៌សៅហ្មង ។ សង្កិលេសិកសន្ដាន ( –សន់-ដាន ) សន្ដានសៅហ្មង, សន្ដានចិត្តមិនបរិសុទ្ធ ។ ល ។
សាកសួរ
កិរិយាសព្ទ
សួរសាកមើលឲ្យជាក់, សួរសង្កេតពីមួយទៅមួយ ឬពីនេះទៅនោះឲ្យជាក់សេចក្ដី
សាកសួរឲ្យច្បាស់ការ ( និយាយថា សួរសាក ក៏បាន ) ។ ( ព. កា. ) : ល្គឹកឮពាក្យពេចន៍ សាកសួររកសាច់-សន្ដានព្រេងព្រឹទ្ធ រករិះកលអ្វី សុចរិតទុច្ចរិត ហើយហោងគួរគិត ឲ្យដឹងខ្ពស់ទាប ។ ( សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។