ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
សាច់
នាមសព្ទ
អាការៈមួយប្រភេទជាបឋវីធាតុនារាងកាយមនុស្សនិង**សត្វ ត្រង់សព៌ាង្គបន្ទាប់ពីស្បែកទៅស្រោបឆ្អឹង ទីទៃពីសរសៃ
**ពាក្យ “និង” ត្រូវបានកែតម្រូវពីពាក្យដើម “នឹង” ដោយហេតុថាពាក្យ “នឹង” ពុំមែនប្រើសម្រាប់ភ្ជាប់ពាក្យ ២ នោះទេ។
សាច់មនុស្ស, សាច់សត្វ ។
តួផ្លែឈើក្នុងសំបកក្រៅពីគ្រាប់, ក្រៅពីលលាដ៏
សាច់ផ្លែមៀន, សាច់ដូង ។
តួដើមឈើខាងក្នុងសំបក
ឈើសាច់រឹង ។
បឋវីធាតុដែលជារូបរបស់ឬវត្ថុផ្សេងៗ
សំពត់សាច់ម៉ដ្ឋ, សាច់ប្រាក់សុទ្ធ, សាច់ដែក, សាច់ស្ករ ។
សាច់ក្រក ( ស. សៃក្ច្រក អ. ថ. សៃក្រក ) សាច់ដែលចិញ្ច្រាំញាត់ក្នុងពោះវៀនហើយហាលថ្ងៃ ( ច្រើនតែសាច់ជ្រូកនិងពោះវៀនជ្រូក ) ។ សាច់ឈាម សាច់និងឈាម; សាច់ញាតិ ។ សាច់ញាតិ ឬញាតិសាច់ អ្នកដែលជាប់ជាញាតិនឹងគ្នា, ក្រសែញាតិ ។ សាច់ដុំកំភួន ញាតិជិត ។ សាច់ថ្លៃ បងថ្លៃឬប្អូនថ្លៃ ។ សាច់ធម៌ អត្ថន័យរបស់ធម៌, រូបសេចក្ដីធម៌ ។ សាច់បញ្ញើ ឬ សាច់ផ្ញើសាំ កូនសុំឬកូនចិញ្ចឹម; កូនសិស្ស; អ្នកដទៃដែលរាប់អានទុកស្មើញាតិជិត ។ សាច់សន្ដាន ញាតិសន្ដាន ។ សាច់សាលោហិត បងប្អូន ។ ល ។ ព. ទ. បុ. សាច់មិនបានស៊ី យកឆ្អឹងព្យួរ-ក អត់បើអត់ នាំឲ្យមានរវល់ឥតប្រយោជន៍ ឬប្រយោជន៍បានទៅគេ ខ្លួនបានតែខាងទទួលទុក្ខទោស ។ (ព. កា.)
ខំប្រឹងវក់វី សាច់ពុំបានស៊ី យកឆ្អឹងព្យួរ-ក ចាស់ទុំប្រាប់ថា បែបនុះពុំល្អ នាំឲ្យខ្លួនក្រ រងទុក្ខផងទៀត ។
សុរិយ
(—រ៉ិយ៉ៈ)
នាមសព្ទ
( បា.; សំ. សូយ៌ ) ព្រះអាទិត្យ ។ សុរិយករ, —ការ ឬ —រង្សី រស្មីព្រះអាទិត្យ ។ សុរិយកាល ពេលថ្ងៃត្រង់ ។ សុរិយគតិ ( —គៈតិ ) ដំណើរព្រះអាទិត្យ
ខែសុរិយគគិ ( ព. ផ្ទ. ចន្ទគតិ ។ ម. ព. រាសី ផង ) ។
សុរិយគោត្ត ឬ សុរិយពន្ធុ គោត្រឬផៅពង្សព្រះអាទិត្យ, អាទិច្ចពន្ធុ, គោតមគោត្ត ( វង្សរបស់ព្រះសក្យមុនីគោតម ) ។ សុរិយចរ ឬ —យាត្រា ដំណើរព្រះអាទិត្យ ( សុរិយគតិ ) ។ សុរិយតាប កម្ដៅថ្ងៃ ។ សុរិយតេជះ អំណាចព្រះអាទិត្យ ។ សុរិយទេវបុត្ត ទេវបុត្តឈ្មោះសុរិយ ( ព្រះអាទិត្យ ) ។ សុរិយពង្ស ដូចគ្នានឹង សុរិយវង្ស ។ សុរិយមណ្ឌល ( —មន់-ឌល់ ) មណ្ឌលព្រះអាទិត្យ, ដួងព្រះអាទិត្យ ។ សុរិយមាលា កម្រងឬខ្សែរស្មីព្រះអាទិត្យ ។ សុរិយវង្ស ពង្សព្រះអាទិត្យ ( សុរិយគោត្ត, សុរិយពន្ធុ, អាទិច្ចពន្ធុ, គោតមគោត្ត ); វង្សរបស់ព្រះរាម ( ក្នុងរឿងរាមកេរ្ដិ៍ ) ។ សុរិយសន្ដាប ( សុរ៉ិយ៉ៈសន់-ដាប ) កម្ដៅថ្ងៃដែលក្ដៅខ្លាំង ។ សុរិយានុភាព ( បា. < សុរិយ + អានុភាវ ) អានុភាពនៃព្រះអាទិត្យ ។ សុរិយាភា ឬ សុរិយាលោក ( បា. < សុរិយ + អាកា ឬ អាលោក “ពន្លឺ” ) ពន្លឺព្រះអាទិត្យ ។ សុរិយោទ័យ ( បា. សុរិយ + ឧទយ “ការរះឡើង” ) ថ្ងៃរះ (អរុណោទ័យ) ។ ល ។
សែងព្រះអាទិត្យ
នាមសព្ទ
( ស. ល. សង “ពន្លឺ” ) ឈ្មោះប្រទាលមួយប្រភេទ សន្ដានត្រាវ ប៉ុន្តែធាងនិងស្លឹកតូចជាងត្រាវ, ស្លឹកមានសម្បុរក្រហមត្រង់ផ្ទៃកណ្ដាល ( អ្នកខ្លះហៅ ប្រទាលវង់ព្រះអាទិត្យ; ម. ព. នេះផង ) ។
ស្មៅ
នាមសព្ទ
ពូជពួកមួយដែលដុះឯងលើផែនដីឬក្នុងទឹក ស្លឹកសណ្ឋានជាចម្រៀកតូចៗ ( ហៅរួមថា តិណជាតិ ទីទៃពីរុក្ខជាតិ, លតាជាតិ, ធញ្ញជាតិ . . . ) មានច្រើនយ៉ាងជាអនេក
ស្មៅទឹក, ស្មៅគោក ។
ព. ប្រ. ស្មៅកិលេស ឬ ស្មៅតណ្ហា កិលេសឬតណ្ហាដែលទ្រុបទ្រុលក្នុងសន្ដានបុថុជ្ជន ដូចជាស្មៅដុះចាក់ឫសស្មូញស្មាញក្នុងដី។ ស្មៅព្រៅ ស្មៅដែលដុះទ្រុបទ្រុលតាំងពីនៅខ្ចីដល់ចាស់ចេញផ្កាផ្លែឥតដែលមានសត្វតិណភ័ក្សណាស៊ី; ឬស្មៅសម្ចាយ ។ ល ។
ស្មៅស្រូបពិសពស់
នាមសព្ទ
ឈ្មោះស្មៅមួយប្រភេទស្លឹកស្រួចៗ, មានដើមទន់ល្មម, សន្ដានស្មៅក្បាលកណ្ដៀរ ប៉ុន្តែត្រួយសម្បុរក្រហមប្រឿងៗ កាច់ឬកាត់ដាំរស់, គេច្រើនដាំធ្វើចំណារសួនឬដាំគាបធ្វើរបងជាចំណារទាបៗ គេកាត់តម្រឹមឲ្យមានកម្រាស់សមរម្យ; តាមពាក្យបរម្បរាថាជាស្មៅស្រូបពិសពស់ពីខ្លួនមនុស្សដែលពស់ចឹកឲ្យជារស់រានមានជីវិតបាន(សៀមហៅស្មៅនេះថា លូកខេយតាយម់ យាយជ័កប៉ក អ. ថ. លូកខឺយតាយម៉ែយ៉ាយឆ័កប៉ុក “កូនប្រសាប្រុសស្លាប់ម្ដាយក្មេកទាញគ្រប”; មានរឿងតំណាលព្រេងនាយវែង…) ។