ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
អនស្ចារ្យ
(អៈន៉័ស-ស្ចារ ឬ —ស្ចា)
គុណសព្ទ
( សំ. អនាឝ្ចាយ៌ < អន៑+ អាឝ្ចាយ៌; បា. អនច្ឆរិយ < អន៑ + អច្ឆរិយ ) ដែលមិនមែនជាអស្ចារ្យ, ដែលមិនគួរទះដៃស្ងើច, ដែលមិនគួរស្ងើច
ហេតុការណ៍នេះជាអនស្ចារ្យពុំគួរស្ងើចប៉ុន្មានទេ ។ ព. ទេ. ថា : ព្រះសព្វញ្ញូជាបរមគ្រូទ្រង់ត្រាស់ប្រាប់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ, រីភ្លៀងបោក្ខរព័រ្សដែលបង្អុរចុះមកក្នុងគ្រានេះជាអនស្ចារ្យ ដ្បិតអញតថាគតបានត្រាស់ជាព្រះពុទ្ធប្រាកដក្នុងលោកហើយ, ន៏កាលដែលអញតថាគតកើតជាស្ដេចវេស្សន្តរ ពុំទាន់បានសម្រេចលោកុត្តរធម៌ ភ្លៀងដ៏បវរបង្អុរចុះមកក្នុងកណ្ដាលប្រជុំញាតិ ឲ្យរវាតចាកក្ដីក្រោធចាស់ចេញចាកខន្ធសន្ដាននោះទើបបានពេញជាអស្ចារ្យ ។ ល ។ ព. កា. ធៀបព្រះពុទ្ធតម្រាស់ក្នុងវេស្សន្តរជាតកនោះថា : ហៃភិក្ខុទាំងឡាយ ភ្លៀងអុរធ្លាក់ខ្ចាយ ជាបោក្ខរព័រ្ស គ្រាន់តែឲ្យញាតិ- អញមានអំណរ គេថាបវរ ប៉ុន្តែអនស្ចារ្យ ។ ល ។
អនាសវៈ
(អៈន៉ាសៈវ៉ៈ)
គុណសព្ទ
( បា. អនាសវ < អន៑ “មិន, មិនមាន, ពុំ, ឥត” + អាសវ “គ្រឿងត្រាំ, ទឹកតម្រាំ”; សំ. អនាឝ្រវ < អន៑ + អាឝ្រវ, ខ្មែរប្រើ ឝ្រ > ស្រ, វ > ព ជា អនាស្រព ) ដែលមិនមានអាសវៈ ; អ្នកដែលឥតកិលេសជាគ្រឿងត្រាំក្នុងសន្ដាន ( អរហន្ត ); បើស្ត្រីជា អនាសវា ( ប្រើជា អនាស្រព ក៏បាន ) ។ វេវ. ក្សីណាស្រព ឬ ខីណាស្រព ។ អនាសវបុគ្គល បុគ្គលជាអនាសវៈ ( អរហន្ត; អរហន្តី ) ។
នាមសព្ទ
( បា. អនាសវ < អន៑ “មិន, មិនមាន, ពុំ, ឥត” + អាសវ “គ្រឿងត្រាំ, ទឹកតម្រាំ”; សំ. អនាឝ្រវ < អន៑ + អាឝ្រវ, ខ្មែរប្រើ ឝ្រ > ស្រ, វ > ព ជា អនាស្រព ) ដែលមិនមានអាសវៈ ; អ្នកដែលឥតកិលេសជាគ្រឿងត្រាំក្នុងសន្ដាន ( អរហន្ត ); បើស្ត្រីជា អនាសវា ( ប្រើជា អនាស្រព ក៏បាន ) ។ វេវ. ក្សីណាស្រព ឬ ខីណាស្រព ។ អនាសវបុគ្គល បុគ្គលជាអនាសវៈ ( អរហន្ត; អរហន្តី ) ។
អភិមង្គល
(អៈភិមង់-គល់)
នាមសព្ទ
( សំ. បា. ) មង្គលដ៏ឧត្តម, ហេតុដែលនាំឲ្យមានសេចក្ដីចម្រើនក្រៃលែង, អភិវុឌ្ឍករណ៍ ( ព. កា. ) ប្រើជា អភិមង្គល៍ ( អៈភិមង់ ) ក៏បាន
ព្រះពុទ្ធស្ដេចទ្រង់ ប្រទានអភិមង្គល៍ ដោយព្រះឱវាទ ឲ្យសត្វលោក តាំងចិត្តឲ្យស្អាត កុំឲ្យគ្រោតគ្រាត ច្របូកច្របល់ ។ ប្រព្រឹត្តប្រតិបត្តិ កម្ចាយកម្ចាត់ ធម៌ជាអកុសល ជម្រះសន្ដាន ឲ្យបានលុះដល់ អរិយមគ្គផល ដល់និព្វានហោង ។ ឬ មួយបែបទៀតថា : អ្នកកាន់សីលគង់ កបដោយអភិមង្គល៍ សព្វទិនរាត្រី ប្រាសចាកឧបទ្រព កបដោយសិរី ចម្រើនសួស្ដី ឥតបីមោះហ្មង ។
អមត្តញ្ញុតា
(អៈម៉័ត-ត័ញ-ញុតា)
នាមសព្ទ
( បា. ) ភាពនៃជនអ្នកមិនដឹងប្រមាណ, ការមិនស្គាល់ប្រមាណក្នុងទីប្រជុំ, ក្នុងភោជនាហារ, ក្នុងវេលានីមួយជាដើម
អមត្តញ្ញុតាជាគុណវិបត្តិមួយយ៉ាងធំ ដែលបុគ្គលគ្រប់រូបគួរតែបំបាត់ចោលចាកខន្ធសន្ដាន ។
អមនុស្ស
(អៈមៈនុស)
នាមសព្ទ
( បា.; សំ. អមនុឞ្យ ) សត្វអទិស្សមានកាយមិនមែនមនុស្ស គឺទេវតា, ភូត, បិសាច, ខ្មោច, យក្ស, អសុរកាយ, . . . ( ច្រើនសំដៅភូត, បិសាច, ខ្មោច, អសុរកាយ )
ពួកអមនុស្ស; ព្រៃមានអមនុស្សកាន់កាប់ ។ អមនុស្ស ! ខ្មោច ! ( ព. ស្ន. ឬ ព. ម. ) ។
អមនុស្សធម៌ ( —នុស-សៈ— ) អំពើឬសន្ដានចិត្តកាចសាហាវឃោរឃៅដូចសត្វតិរច្ឆាន ។