ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ឧបនិស្ស័យ
(អ៊ុប៉ៈនិស-សៃ)
នាមសព្ទ
( បា. ឧបនិស្សយ ) កុសលធម៌ដែលដេកឬអាស្រ័យនៅក្នុងខន្ធសន្ដាន គឺកុសលដែលបានកសាងសន្សំអប់រំទុកមក, សំណាង, ភ័ព្វព្រេងសំណាង; ចំណុចចិត្ត
មានឧបនិស្ស័យបរិបូណ៍ មានកុសលក្រាស់ក្រែល ។
ក្នុងគម្ពីរពុទ្ធសាសនាថា ឧបនិស្ស័យមាន ៣ យ៉ាង គឺ ១- ទានូបនិស្ស័យ សំណាងដែលបានសាងទុកមក ដោយការបរិច្ចាគទ្រព្យធ្វើទាន; ២- សីលូបនិស្ស័យ សំណាងដែលបានសាងទុកមកដោយការរក្សាសីល; ៣-ភាវនូបនិស្ស័យ សំណាងដែលបានសាងទុកមកដោយភាវនា ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ឧបនិស្សយ ( អ. ថ. អ៊ុប៉ៈនិស-សៈយ៉ៈ ), ដូចជា ឧបនិស្សយការណ៍ ហេតុឬដំណើរនៃឧបនិស្ស័យឬក៏ជាឧបនិស្ស័យ ។ ឧបនិស្សយធម៌ ធម៌ជាឧបនិស្ស័យ ( កុសលធម៌ ) ។ ឧបនិស្សយពល ( –ពល់ ) កម្លាំងនៃឧបនិស្ស័យ ។ ឧបនិស្សយភាព ភាពនៃឧបនិស្ស័យ ។ ឧបនិស្សយសម្បត្តិ ការបរិបូណ៌ដោយឧបនិស្ស័យ ។ ឧបនិស្សយសម្បន្ន ( –សំប័ន ) អ្នកដែលបរិបូណ៌ដោយឧបនិស្ស័យ ( បើស្ត្រីជា ឧបនិស្សយសម្បន្នា ) ។ ល ។
ឧទ្ធច្ច
(អ៊ុត-ធ័ច-ចៈ)
នាមសព្ទ
( បា. ឧទ្ធច្ច; សំ. ឱទ្ធត្យ អ. ថ. អោ-ធ័ត-ត្យៈ ) សេចក្ដីរាយមាយ : មានឧទ្ធច្ចៈ ។ ឧទ្ធច្ចចិត្ត ចិត្តរាយមាយ ។ ឧទ្ធច្ចប្បហាន ការលះឧទ្ធច្ចៈ ។ឧទ្ធច្ចសន្និច្ច័យ ឬ –សន្និធិ ការអប់រំសន្សំឧទ្ធច្ចៈឲ្យចម្រើនក្នុងសន្ដាន ។ ឧទ្ធច្ចសម្បយុត្ត ចិត្តដែលប្រកបដោយឧទ្ធច្ចៈ ។ ល ។
ឧទ្ទិស
(អ៊ុត-ទឹស)
កិរិយាសព្ទ
( បា. ;សំ. ឧទ្ទិឝ ) សំដៅទៅរក, សំដៅចំពោះ, ឆ្ពោះត្រង់, តម្រង់ទៅរក; បម្រុងត្រង់, បម្រុងចំពោះ, ធ្វើបម្រុងឬដើម្បី
ឧទ្ទិសសង្ឃ ចំពោះសង្ឃ ។ ឧទ្ទិសផលបុណ្យចំពោះទៅមតកបុគ្គល បញ្ចេញវាចាផ្សាយផលបុណ្យចំពោះទៅអ្នកដែលធ្វើមរណកាលទៅហើយ ។
( ព. កា. )
ពុទ្ធសាសនា ឲ្យបុត្រធីតា ឬញាតិសន្ដាន ឧទ្ទិសភាគផល កុសលបុណ្យទាន ឆ្ពោះអ្នកចែកឋាន បាត់បង់ទៅហើយ ។
អសុចិ
(អៈសុ-ចិ)
គុណសព្ទ
( បា. ; សំ. អឝុចិ ) ដែលមិនស្អាត, មិនបរិសុទ្ធ; សោគ្រោក; កខ្វក់
ទីអសុចិ ។ ព. ផ្ទ. សុចិ ។
ន. ទឹកសុក្កៈ ; ទឹកកាម
ទឹកអសុចិ ។
អសុចិកម្ម អំពើមិនស្អាត, មិនបរិសុទ្ធ; អំពើអាក្រក់; អ្នកដែលមានអំពើមិនស្អាត (ព. ផ្ទ. សុចិកម្ម) ។ អសុចិគន្ធ (––គ័ន ឬ គន់ ) ក្លិនមិនល្អ (ព. ផ្ទ. សុចិគន្ធ) ។ អសុចិចរិត ចរិតមិនស្អាត; អ្នកដែលមានចរិតមិនស្អាត (ព. ផ្ទ. សុចិចរិត) ។ អសុចិចរិយា ចរិយាមិនស្អាត, ការប្រព្រឹត្ដខ្ជីខ្ជា (ព. ផ្ទ. សុចិចរិយា ) ។ អសុចិដ្ឋាន ឬ ––ភូមិ ឋានឬភូមិមិនស្អាត, ទី-កខ្វក់ (ព. ផ្ទ. សុចិដ្ឋាន ឬ សុចិភូមិ) ។ អសុចិទន្ត (––ទ័ន) ធ្មេញមិនស្អាត; អ្នកដែលមានធ្មេញមិនស្អាត (ព. ផ្ទ. សុចិទន្ត) ។ អសុចិភាព ភាពមិនស្អាត (ព. ផ្ទ. សុចិភាព) ។ អសុចិវត្ថុ វត្ថុមិនស្អាត (ព. ផ្ទ. សុចិវត្ថុ) ។ អសុចិសន្តាន សន្តានមិនស្អាត; អ្នកដែលមានសន្ដានមិនស្អាត (ព. ផ្ទ. សុចិសន្ដាន ) ។ អសុចិសភាព សភាពមិនល្អ, មិនបរិសុទ្ធ (ព. ផ្ទ. សុចិសភាព ) ។ ល ។
អាសវ
(—សៈវ៉ៈ)
នាមសព្ទ
( សំ. បា. អាសវ; ឬ សំ. អាស្រវ) គ្រឿងត្រាំ; ទឹកតម្រាំ; ទឹកដម; ស្រាត្រាំ គឺសុរាឬមេរ័យកើតពីទឹកអំពៅឬទឹកឃ្មុំ, ទឹកត្នោតជាដើមដែលត្រាំគ្រឿងផ្សំផ្សេងៗ; គ្រឿងជ្រក់, ទឹកជ្រក់; គ្រឿងសៅហ្មង, ហេតុមោះហ្មង; ឧបទ្រព, ចង្រៃ ។ ព. ពុ. កិលេសជាគ្រឿងត្រាំ គឺកិលេសធម៌ដែលត្រាំនៅក្នុងសន្ដាន, មាន ៤ យ៉ាងគឺ ១- កាម ហៅថា កាមាសវៈ; ២- ភព ហៅ ភវាសវៈ; ៣- ទិដ្ឋិ ហៅ ទិដ្ឋាសវៈ; ៤- អវិជ្ជា ហៅ អវិជ្ជាសវៈ; (ម. ព. ឱឃ ផង) ។ អាសវក្កិលេស កិលេសជាគ្រឿងត្រាំក្នុងសន្ដាន ។ អាសវក្ខ័យ ឬ អាស្រវក្ស័យ ការក្ស័យអាសវៈ គឺការអស់អាសវក្កិលេស ។ ល ។