ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ចេស្ដា
(ចេស-ស្ដា ឬ ចែស-ស្ដា ជើង ដ)
នាមសព្ទ
(សំ. “សេចក្ដីខ្មីឃ្មាត, សង្វាត, ប្រឹងប្រែង; ដំណើរតាំងចិត្តប្រុងនឹងធ្វើ; ដំណើរកម្រើកអវយវៈតូចធំ មានលើកដៃជើង វាសដៃជើងឬងាកបែរជាដើម…”) ការសំដែងឫកពាឲ្យឃើញតេជះអំណាច, ការប្រើអំណាច, បញ្ចេញតេជះ ។ ព្រះចេស្ដា គឺតេជះអំណាចនៃព្រះមហាក្សត្រ (រ. ស.) ។
អចេស្ដា
(ជើង ដ, អៈចែស-ស្ដា)
នាមសព្ទ
( សំ. អចេឞ្ដា ) ដំណើរឥតចេស្ដា គឺដំណើរទន់ខ្សោយ, អស់កម្លាំង, អស់ការប្រឹងប្រែង; ដំណើរកម្រើកអវយវៈមិនកើត ។ ព. កា. ថា
បណ្ឌិតលោកថា រីអចេស្ដា នាំចិត្តនិងកាយ ឲ្យអន់ទន់ខ្សោយ រាយមាយរសាយ កិច្ចការទាំងឡាយ រមែងកើលគាំង ។ ព. ផ្ទ. ចេស្ដា ។
ចៅពញា
(ចៅព្ញា)
នាមសព្ទ
ឋានន្តរស័ក្តិនៃមន្ត្រីថ្នាក់ខ្ពស់ជាង ពញា គឺខ្ពស់ជាងថ្នាក់ ឧកញ៉ា ក្នុងរជ្ជកាលនាបុរាណសម័យក្នុងកម្ពុជរដ្ឋ, ជួនកាលព្រះរាជាទ្រង់ព្រះមេត្តាប្រោសព្រះរាជទានតាំងឲ្យឡើងដល់ទី សម្ដេច ក៏មាន, ក្នុងរជ្ជកាលនៃ ព្រះបាទសម្ដេចព្រះបរមរាជា (ពញាយ៉ាត) ទ្រង់តាំងលោកអ្នកឧកញ៉ា កែ ឲ្យឡើងជា សម្ដេចចៅពញា (ក្នុងខាងចុងនៃពុទ្ធសតវត្សរ៍ទី ២០, ចុល្លសតវត្សរ៍ទី ៨, គ្រិស្ដសតវត្សរ៍ទី ១១) ។ ក្នុងរជ្ជកាលនៃ ព្រះបាទសម្ដេចព្រះជ័យចេស្ដា (ពុទ្ធសតវត្សរ៍ទី ២៣) ព្រះរាជាទ្រង់ព្រះមេត្តាប្រោសតាំង ឧកញ៉ាភក្ដីសង្គ្រាម ហុក ឲ្យឡើងជា ចៅពញាភក្ដីសង្គ្រាម ជាមេទ័ពធំរបស់ប្រទេសកម្ពុជា, ចៅពញាភក្ដីសង្គ្រាម (ហុក) នេះជាមេទ័ពជំនាញជាញជ័យមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងរជ្ជកាលនោះ ។ ល ។ (ម. ព. ពញា ទៀតផង) ។
ត្រើយត្រាណ
នាមសព្ទ
ដូចគ្នានឹង ត្រាណត្រើយ ដែរ គ្រាន់តែប្រើត្រឡប់យកមុនជាក្រោយថា ត្រាណត្រើយ ឬ ត្រើយត្រាណ សម្រួលតាមសម្ផស្សចួនរបស់កាព្យប៉ុណ្ណោះ (ព. កា.)
ឱព្រះត្រើយត្រាណ ធ្វើម្ដេចនឹងបាន វិលមកវិញរ៉ា ទោះផ្ដាំនឹងខ្យល់** ខ្យល់ឥតប្រាប់ថា ព្រះបាទចេស្ដា សុខឬទុក្ខឡើយ ។ ម. ព. ត្រាណ និង ត្រាណត្រើយ ទៀតផង ។
**ពាក្យ “ខ្យល់” ត្រូវបានកែតម្រូវពីពាក្យដើម “ខ្យល” ដោយហេតុថាពុំមានពាក្យ “ខ្យល” ទេ អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។
ទម្រង់ការ
នាមសព្ទ
របៀបធ្វើមង្គលការអាពាហ៍ពិពាហ៍
ទម្រង់ការព្រះជ័យចេស្ដា របៀបមង្គលការអាពាហ៍ពិពាហ៍ដែលព្រះបាទសម្តេចព្រះជ័យចេស្តា ទ្រង់មានព្រះរាជបញ្ជាឲ្យរៀបរៀង ។