ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
សិទ្ធិ
(សិត-ធិ ឬ សិត)
នាមសព្ទ
( សំ. បា. ) សេចក្ដីសម្រេច; សេចក្ដីសម្រេចផល ឬផលសម្រេច, ការសម្រេចប្រយោជន៍; ការដាច់ស្រេច; ការសមប្រកប, ការសមតាមបំណង; សេចក្ដីសុខ; សេចក្ដីចម្រើន; សេចក្ដីស័ក្ដិសិទ្ធិ; សេចក្ដីខ្លាំងពូកែ; សេចក្ដីសម្បូណ៌; សេចក្ដីសម្រេចតាមអំណាចច្បាប់; អំណាច, សេចក្ដីអង់អាច; មុខការដែលត្រូវសម្រេចលើខ្លួន ( ម. ព. សិទ្ធ ផង ) ។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សិត-ធិ, ដូចជា សិទ្ធិករ ដែលធ្វើឲ្យសម្រេច, ដែលឲ្យសម្រេចផលប្រយោជន៍ ។ សិទ្ធិការក (–រ៉ៈកៈ ឬ –រ៉ក់) អ្នកធ្វើឲ្យសម្រេចប្រយោជន៍ ( បើស្ត្រីជា សិទ្ធិការិកា ) ។ សិទ្ធការ្យ ( –កា ) ដំណើរធ្វើឲ្យសម្រេចប្រយោជន៍ ។ ខ្មែរបុរាណប្រើជាពាក្យផ្ដើមក្នុងក្បួនតម្រា, ជាពាក្យអធិដ្ឋានប្រសិទ្ធីសូមឲ្យសម្រេចប្រយោជន៍បានតាមប្រាថ្នា
សិទ្ធិការ្យអាចារ្យចែងសម្ដែងអំពីថ្នាំរម្ងាប់រោគផ្សេងៗ ដូចមានសេចក្ដីតទៅនេះ…។
សិទ្ធិក្សេត្រ ឬ –ភូមិ ទីកើតនៃសេចក្ដីសុខសេចក្ដីចម្រើន ។ សិទ្ធិគុណ គុណដែលនាំឲ្យសម្រេចប្រយោជន៍ ។ សិទ្ធិជ័យ ជម្នះដាច់ស្រេច ។ សិទ្ធិជោគ ឫក្សពារពេលាល្អដែលអាចញ៉ាំងប្រយោជន៍ឲ្យសម្រេចតាមបំណង ។ សិទ្ធិតេជ ឬ –តេជះ តេជះនៃសិទ្ធិ ។ សិទ្ធិទស្សី អ្នកដែលប្រមើលឃើញសេចក្ដីចម្រើនទៅខាងមុខ ( បើស្ត្រីជា សិទ្ធិទស្សិនី ) ។ សិទ្ធិពល កម្លាំងនៃសេចក្ដីអង់អាច ។ សិទ្ធិមគ្គ ឬ –មាគ៌ា ផ្លូវនៃសេចក្ដីចម្រើន ។ សិទ្ធិមន្ដ ឬ– មន្ដ្រ មន្ដស័ក្ដិសិទ្ធិ ( ប្រើជា សិទ្ធមន្ដ ឬ – មន្ដ្រ ក៏បាន ) ។ សិទ្ធិយោគ ការប្រើគ្រឿងស័ក្ដិសិទ្ធិ ។ សិទ្ធិស័ក្ដិ អំណាចនៃការសម្រេចប្រយោជន៍ ។ សិទ្ធិសួស្ដិ៍ ( –សួស ) សិទ្ធិនិងសួស្ដី; សួស្ដីនៃសិទ្ធិ ។ បុរាណប្រើពាក្យនេះជាការផ្ដើមនៃមន្ដអាគម, ដូចជាអាគមស្ដោះផ្លុំរម្ងាប់ពិសពស់ថា ឩមសិទ្ធិសួស្ដិ៍ កុំឲ្យជ្រួសជ្រលួសទៅរកការឃ្វាង សុំឲ្យប្រកបដោយការរាងចាលចាញ់ អញស្ដោះផ្លុំទៅឲ្យត្រូវលើអាសិរពិស ទ្រើសទ្រឹស្តិកំណាចចង្រៃ ឲ្យចាញ់តេជដៃនៃអញឯង ឲ្យប្រស្ដែងបាក់បបខ្លបខ្លាចអំណាចមន្ដគាថាចេស្ដាស័ក្ដិសិទ្ធិ ដូចទឹកអម្រឹតត្រជាក់ត្រជំ ឲ្យពិសចង្រៃឯងរលាយរសាយខ្ចាយបាត់សូន្យទៅឥឡូវនេះហោង…។ សិទ្ធីស្វរៈ ( សំ. សិទ្ធីឝ្វរ < សិទ្ធិ + ឦឝ្វរ ) អ្នកដែលជាធំក្នុងការធ្វើឲ្យសម្រេចប្រយោជន៍; សិវៈ ( ព្រះឥសូរ ) ។ ល ។
ស្មា
នាមសព្ទ
ប៉ែកអវយវៈត្រង់ខាងលើគល់ដៃមនុស្សឬត្រង់ខាងលើគល់ជើងមុខសត្វតិរច្ឆាន
ស្មាគាង, ស្មាច្រឺប, ស្មាដាក់, ស្មាពូន ។
ព. ទ. បុ. មើលស្មាសិន សឹមឲ្យអម្រែក ត្រូវពិនិត្យមើលឲ្យច្បាស់សិនសឹមដាក់ការឲ្យធ្វើ ។ លើកអម្រែកមិនប្រមាណនឹងស្មា មិនស្គាល់ប្រមាណខ្លួន, ហ៊ានទទួលកិច្ចការហួសកម្លាំងខ្លួន ។ ព. កា. ថា
ចាស់ទុំលោកថា អម្រែកនិងស្មា ត្រូវស្រែកសួរគ្នា ថាអញនិងឯង ពុំក្រែងចេស្ដា ឯងធ្ងន់ប៉ុនណា អញខ្លាំងប៉ុននោះ ។ បើឯងធ្ងន់ជាង សង្កត់អញភ្លាង អញចាញ់ឯងស្មោះ បើអញខ្លាំងជាង អញរែករត់ផ្លោះ លឿនស្លៅឥតខ្ចោះ ហៅថាអញឈ្នះ ។
ស្ដាប់
(ជើង ដ)
កិរិយាសព្ទ
ប្រុងត្រចៀកទទួលចាំឮ
ស្ដាប់ធម៌, ស្ដាប់ភ្លេង ។
ទទួលឱវាទ ត្រងត្រាប់, យកពាក្យ, យកសម្ដី, ទទួលធ្វើតាម
ស្ដាប់ពាក្យប្រដៅ, ស្ដីមិនស្ដាប់ ។
ជឿស្ដាប់ ស្ដាប់ហើយជឿតាម, ទទួលប្រតិបត្តិតាម ។ ស្ដែងស្ដាប់ ( ម. ព. ស្ដែង ) ។
ស្ដាយ
(ជើង ដ)
កិរិយាសព្ទ
នឹកអាល័យ, នឹកឃើញហើយមិនអស់ចិត្ត មិនអស់អាល័យ, ជំពាក់ដោយអាល័យ
ស្ដាយទ្រព្យ; ខ្ញុំស្ដាយណាស់ដោយមិនបានទៅ . . .។
ស្ដាយក្រោយ នឹកឃើញហើយស្ដាយជាខាងក្រោយ, កើតក្ដៅក្រហាយចិត្តជាខាងក្រោយ ។ ស្ដាយគំនិត នឹកតូចចិត្ត ព្រោះធ្លោយហួសទៅហើយ ។ ស្ដាយស្រណោះ នឹកអាឡោះអាល័យ ស្រណោះដល់ . . . ។ល។ ( បើគ្រាន់តែស្ដាយ ឥតមានការយំសោកផងទេ កុំប្រើពាក្យថា សោកស្ដាយ ត្រូវប្រើត្រឹមតែ ស្ដាយ, នឹកស្ដាយ, គួរស្ដាយ, គួរឲ្យស្ដាយ ប៉ុណ្ណេះបានហើយ : ខ្ញុំនឹកស្ដាយណាស់ ) ។
ស្ដារ
(ជើង ដ)
កិរិយាសព្ទ
បាចឬដងយកទឹកចេញ ឲ្យស្រាល, ឲ្យស្អាត
ស្ដារទូក, ស្ដារអណ្ដូង ។
កកាយឬកើបយកចេញឲ្យអស់
ស្ដារបង្គន់, ស្ដារជង្រុក ( ស្រូវ ) ។
បាញ់លមើល ឲ្យអស់ច្រែះ, ឲ្យថ្នឹក ឲ្យស៊ាំសាច់
ស្ដារកាំភ្លើង ។
ព. ប្រ. ស្ដារកិលេស ជម្រះកិលេស ។ ស្ដារចិត្ត ជម្រះចិត្ត, ធ្វើចិត្តឲ្យបរិសុទ្ធ ។ល។