ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អានថូនី ប្លីងកិន បានមកដល់អេហ្ស៊ីបកាលពីថ្ងៃអាទិត្យ ទី២៩ មករានៅឯការចាប់ផ្តើមនៃដំណើរបំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ា ដែលក្នុងនោះលោកនឹងសម្លឹងកាត់បន្ថយភាពតានតឹងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន បន្ទាប់ពីការផ្ទុះអំពើហិង្សា។
លោកប្លីងកិន ដែលនឹងធ្វើដំណើរពីថ្ងៃចន្ទនិងថ្ងៃអង្គារទៅកាន់ទីក្រុងហ្ស៊េរុយសាឡិមនិងរ៉ាម៉ាល់ឡា (Ramallah) បន្ទាប់ពីឈប់សំចតនៅទីក្រុងគែរបានរៀបចំដំណើរទស្សនៈកិច្ចនេះជាយូរមកហើយដើម្បីជួបពិភាក្សាជាមួយរដ្ឋាភិបាលស្តាំនិយមថ្មីរបស់អ៊ីស្រាអែល ប៉ុន្តែការធ្វើដំណើរនេះធ្វើឡើងយ៉ាងតក់ក្រហល់ បន្ទាប់ពីមានអំពើហិង្សាដ៏អាក្រក់បំផុតកាលពីសប្តាហ៍មុន។
ខ្មាន់កាំភ្លើងប៉ាឡេស្ទីនម្នាក់កាលពីថ្ងៃសុក្របានសម្លាប់មនុស្សប្រាំពីរនាក់នៅខាងក្រៅសាលាប្រជុំមួយក្នុងសង្កាត់មួយនៃទីក្រុងហ្ស៊េរុយសាឡិមខាងកើតហើយការវាយប្រហារមួយទៀតបានកើតឡើងនៅថ្ងៃសៅរ៍។
មនុស្ស ១០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់របស់កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍លើជំរំជនភៀសខ្លួនជេនីន (Jenin)នៅតំបន់កាន់កាប់វេសប៊ែងនៅក្នុងប្រតិបត្តិការដ៏សាហាវបំផុតមិនធ្លាប់មានជាយូរមកហើយ។
អ៊ីស្រាអែលបាននិយាយថា ខ្លួនបានកំណត់គោលដៅទៅលើក្រុមសកម្មប្រយុទ្ធជីហាតអ៊ីស្លាម ហើយក្រោយមកបានវាយប្រហារទីតាំងនានានៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបដែលគ្រប់គ្រងដោយក្រុមហាម៉ាស ដើម្បីឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ុក្កែត។
អ្នកនាំពាក្យក្រសួងការបរទេស លោក វេដាន់ ផាថែល (Vedant Patel) បាននិយាយថា លោកប្លីងកិននឹងជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូនិងមេដឹកនាំប៉ាឡេស្ទីន លោក ម៉ាម៉ូដ អាប់បាស (Mahmud Abbas) ហើយអំពាវនាវ “យ៉ាងទូលំទូលាយឱ្យមានវិធានការនានាដើម្បីកាត់បន្ថយភាពតានតឹង” ខណៈលោកថ្កោលទោសការវាយប្រហារសាលាប្រជុំ “ដ៏គួរឱ្យរន្ធត់”។
លោកប្លីងកិនបានប្រាប់ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យជាមួយសារព័ត៌មាន Al Arabiya របស់អារ៉ាប៊ីសាអូឌីតថា”អ្វីដែលសំខាន់បំផុតក្នុងរយៈពេលដ៏ខ្លីខាងមុខនេះគឺការព្យាយាមធ្វើឱ្យមានភាពស្ងប់ស្ងាត់”។
អំពើហិង្សានេះក៏ទំនងជាមាននៅក្នុងកិច្ចពិភាក្សានៅថ្ងៃចន្ទនេះរវាងលោកប្លីងកិននិងប្រធានាធិបតីអេហ្ស៊ីបលោក អាប់ឌែល ហ្វាតតា អាល់ស៊ីស៊ី (Abdel Fattah al-Sisi) ផងដែរ ដែលតួនាទីជាប្រពៃណីរបស់ប្រទេសគាត់ក្នុងនាមជាអ្នកសម្របសម្រួលមជ្ឈិមបូព៌ា បានជួយគាត់ឱ្យនៅតែជាដៃគូដ៏សំខាន់របស់សហរដ្ឋអាម៉េរិក បើទោះបីជាប្រធានាធិបតី ចូ បៃដិនរិះគន់កំណត់ត្រាសិទ្ធិមនុស្សរបស់គាត់ក៏ដោយ៕
លោកប្លីងកិនត្រូវគេរំពឹងទុកក្នុងដំណើរទស្សនកិច្ចរបស់លោកដើម្បីបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាម៉េរិកចំពោះរដ្ឋប៉ាឡេស្ទីន