​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ កីឡាករ ណូ​វ៉ាក់ ឌី​ចូ​កូវិក (Novak Djokovic) បាន​និយាយថា ការ​ឈ្នះ​ពាន Australian Open​លើក​ទី ១០ ដើម្បី​តាម​ស្មើ​កំណត់ត្រា​ឈ្នះ​ពានរង្វាន់ Grand Slam ចំនួន ២២ របស់​កីឡាករ រ៉ា​ហ្វា​អែល ណា​ដាល់ (Rafael Nadal)​គឺជា “​ជ័យជម្នះ​ដ៏​ធំ​បំផុត​” នៃ​ជីវិត​របស់​លោក​។​

​ឌី​ចូ​កូវិក អាយុ ៣៥ ឆ្នាំ​បាន​ផ្តួល​កីឡាករ ស្តេ​ហ្វា​ណូស ធី​ស៊ីត​ស៊ី​ផាស (Stefanos Tsitsipas) ក្នុង​ទីក្រុង​មែ​ល​ប៊​ន​ក្រោយ​ខកខាន​ព្រឹត្តិការណ៍​នេះ​កាលពី​ឆ្នាំ​មុន​បន្ទាប់ពី​ត្រូវ​បាន​និរទេស​ចេញពី​​ប្រទេស​អូស្ត្រាលី ដោយសារ​តែ​ស្ថានភាព​នៃ​ការចាក់​វ៉ាក់សាំង​កូវី​ដ​១៩ របស់ខ្លួន​។​

​រូបគេ​ក៏​ត្រូវ​ប្រឈមមុខ​នឹង​របួស​សរសៃពួរ​និង​រង​សម្ពាធ​ដោយសារ​ជម្លោះ​ជាប់​ពាក់ព័ន្ធ​នឹង​ឪពុក​របស់​គេ​ផងដែរ​។​

​កីឡាករ​សញ្ជាតិ​សែ​ប៊ី​រូបនេះ​បាន​និយាយថា “​មាន​តែ​ក្រុម​ការងារ​និង​ក្រុមគ្រួសារ​ប៉ុណ្ណោះ​ដែល​ដឹង​ពី​អ្វី​ដែល​យើង​បាន​ឆ្លងកាត់​ក្នុង​រយៈពេល​បួន​ឬ​ប្រាំ​សប្តាហ៍​ចុងក្រោយ​នេះ​”​។​

“​ខ្ញុំ​អាច​និយាយបាន​ថា នេះ​ប្រហែលជា​ជ័យជម្នះ​ដ៏​ធំ​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ ដោយ​គិត​ពី​កាលៈទេសៈ​ទាំងនោះ​”​។​

​ឌី​ចូ​កូវិ​ក​ត្រូវ​បាន​គ្របដណ្តប់​ដោយ​អារម្មណ៍​រំជើបរំជួល បន្ទាប់ពី​បាន​យកឈ្នះ​លើ​កីឡាករ​លេខ​បី​ក្រិក ធី​ស៊ីត​ស៊ី​ផាស នៅលើ​ទីលាន Rod Laver Arena​។​

​បន្ទាប់​ពី​ឡើងលើ​វេទិកា​ដើម្បី​អបអរ​ជាមួយ​ក្រុមការងារ​និង​ក្រុមគ្រួសារ​របស់​ខ្លួន រូបគេ​បាន​ស្រក់​ទឹកភ្នែក ហើយ​ដេក​យំ​ក្នុងចំណោម​ពួកគេ ខណៈ​ទំហំ​នៃ​សមិទ្ធិផល​របស់គេ​គឺ​ធំធេង​ពេក​។​

​ឌី​ចូ​កូវិក​បន្ត​យំ នៅ​ពេល​រូបគេ​ត្រឡប់​មក​កាន់​កៅអី​របស់​ខ្លួន​នៅ​ទីលាន​ប្រកួត​។​

​ជ័យជម្នះ​នេះ​បាន​ធ្វើឱ្យ​រូបគេ​វិល​មក​កាន់​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុង​ពិភពលោក​វិញ​សម្រាប់​សប្តាហ៍​ទី ៣៧៤ យូរ​បំផុត​មិន​ធ្លាប់​មាន គិត​ចាប់ពី​ថ្ងៃ​ចន្ទ​នេះ​ទៅ​៕

​ឌី​ចូ​កូវិក​ឈ្នះ​ពាន Australian Open លើក​ទី ១០ កាលពី​ថ្ងៃអាទិត្យ