ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ នគរបាលខណ្ឌឫស្សីកែវ កាលថ្ងៃទី២៨ ខែមករា កន្លងទៅនេះ បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យចំនួន ៨នាក់ ក្នុងចំណោមបក្ខពួក ១២ នាក់ ពាក់ព័ន្ធករណីហិង្សា ដោយប្រើកំាបិតប៉័ងតោ កាប់យុវជន ២ នាក់ បណ្តាលឲ្យរបួសធ្ងន់ នៅចំណុចផ្លូវបេតុង ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ហើយបន្ទាប់មក បានកសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត តាមនីតិវិធី។
យុវជនរងគ្រោះ ចំនួន២នាក់នោះ មាន ១- ឈ្មោះ គ្រី ណាសាការ ជនជាតិខ្មែរអ៊ីស្លាម មុខរបរសិស្ស ស្នាក់នៅសង្កាត់ច្រាំងចំរះទី២ ខណ្ឌឫស្សីកែវ និង ២-ឈ្មោះ រី ណារុន មានមុខរបរ សិស្ស ដូចគ្នា និងស្នាក់នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ជាមួយគ្នា។
ចំណែកជនសង្ស័យ ចំនួន ៨ នាក់ ដែលបានត្រូវឃាត់ខ្លួន ជាក្មេងប្រុសទំនើង រួមមានៈ
១- ឈ្មោះ សុខ ជា ស្នាក់នៅបន្ទប់ជួល ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ, ២- ឈ្មោះ តុង ម៉េងលី ស្នាក់នៅមិនពិតប្រាកដ, ៣- ឈ្មោះម៉ៅហឿន មិថុនា ស្នាក់នៅ មិនពិតប្រាកដ, ៤- ឈ្មោះ ហុក សុធារិទ្ធ ស្នាក់នៅបន្ទប់ជួល ភូមិទួលថ្ងាន់ សង្កាត់ ទួលសង្កែ២ ខណ្ឌឫស្សីកែវ, ៥- ឈ្មោះ ហួត ចាន់តារាពេជ្រ ស្នាក់នៅបន្ទប់ជួល ផ្លូវ១០៣ ក្រុម៧ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ, ៦- ឈ្មោះ យ៉េត រ៉ាវី ស្នាក់នៅផ្លូវរថភ្លើង សង្កាត់បឹងកក់ទី១ ខណ្ឌដូនពេញ, ៧- ឈ្មោះ សុគន្ធ បញ្ញា ស្នាក់នៅផ្លូវបេតុង ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ និង ៨- ឈ្មោះទឹម បញ្ញា ស្នាក់នៅផ្លូវ ៩០៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន កាំបិតប៉័ងតោ ចំនួន២, ម៉ូតូចំនួន ២ គ្រឿង (ម៉ាកស៊ុហ្ស៊ុយគី ស្មាស់វី ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 1IT-1915, ម៉កហុងដា ស្គូបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1W-0883 ) ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញ បានកំពុងឃាត់ខ្លួនជនសង្ស័យ និងរក្សាវត្ថុតាង ខាងលើ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕ V / N