ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ក្នុងជំនួញនៅអាស៊ីនៅព្រឹកថ្ងៃចន្ទនេះ ថ្លៃប្រេងឆៅបានកើនឡើងចំពេលមានភាពតានតឹងនៅមជ្ឈិមបូព៌ាក្រោយកាវាយប្រហារដោយដ្រូនលើទីតាំងយោធាអ៊ីរ៉ង់និងបន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំងសន្យាកាលពីចុងសប្តាហ៍ថានឹងជំរុញការប្រើប្រាស់ ដែលសុទ្ធតែជាសញ្ញារុញថ្លៃប្រេងអោយកើនឡើង។
ប្រេងផ្សារBrentនៅអាស៊ីបានកើនឡើង៥៤សេន រហូតដល់ថ្លៃ៨៧,២ដុល្លារក្នុងមួយបារ៉ែល នៅពេលប្រេងនៅផ្សារWTIនៅអាម៉េរិកកើន៥៤សេនផងដែរ ដល់ថ្លៃ៨០,២២ដុល្លារក្នុងមួយបារ៉ែល។
អ៊ីស្រាអែលទំនងជានៅពីក្រោយការវាយប្រហារលើរោងចក្រយោធាអ៊ីរ៉ង់មួយកាលពីយប់ថ្ងៃសៅរ៍ នេះបើតាមមន្ត្រីអាម៉េរិកម្នាក់បានបញ្ជាក់កាលពីថ្ងៃអាទិត្យ។
ស្ទេហ្វាណូ ហ្ក្រាសសូ(Stefano Grasso)មន្ត្រីក្រុមហ៊ុនមួយនៅសិង្ហបុរីបាននិយាយថា« វានៅមិនទាន់ច្បាស់នៅឡើយថាអ្វីបានកើតឡើងនៅអ៊ីរ៉ង់ តែកំណើនភាពតានតឹងនៅទីនោះជះឥទ្ធិពលដល់ថ្លៃប្រេងឆៅលើទីផ្សារពិភពលោក»។
ក្នុងពេលជាមួយគ្នា ពួករដ្ឋមន្ត្រីនៃអង្គការប្រទេសនាំចេញប្រេងអូប៉ិច រួមទាំងសម្ពន្ធមិត្តដឹកនាំដោយរុស្ស៊ី ដែលគេស្គាល់ថាជាក្រុមអូប៉ិចបូក(OPEC+)ទំនងជានឹងមិនកែប្រែគោលនយោបាយស្តីពីទិន្នផលប្រេងរបស់ខ្លួនទេ នៅពេលពួកគេជួប្រជុំគ្នានៅថ្ងៃ១កុម្ភៈ។
កាលពីថ្ងៃសៅរ៍ គណៈរដ្ឋមន្ត្រីចិនបាននិយាយថា ខ្លួននឹងជំរុញការប្រើប្រាស់ក្នុងស្រុកអោយរើបរើឡើងវិញ ដោយសារវាជាគំនាស់សំខាន់មួយនៃកំណើនសេដ្ឋកិច្ចព្រមទាំងជំរុញការនាំចូល។
ចិនបានបន្តដំណើរការសេដ្ឋកិច្ចនិងសង្គមដូចធម្មតាវិញនៅសប្តាហ៍នេះក្រោយការឈប់សម្រាកចូលឆ្នាំថ្មី។ចំនួនការធ្វើដំណើរចាប់ពីពេលមុនរហូតដល់ពេលចូលឆ្នាំចិនថ្មីបានកើនឡើងហួសកំរិតចំនួនការធ្វើដំណើរនៅក្នុងអំឡុងពេលដូចគ្នាកាលពីពីរឆ្នាំកន្លងទៅ តែនៅទាបជាងឆ្នាំ២០១៩។
ជុំវិញការវាយប្រហារនៅអ៊ីរ៉ង់ អ៊ីស្រាអែលទំនងជានៅពីក្រោយការវាយប្រហារលើរោងចក្រយោធាមួយ។អ៊ីរ៉ង់បានស្ទាក់កំទេចដ្រូនចំនួនបីនៅអាគារមួយក្បែរទីក្រុង អ៊ីសហ្វាហាន(Isfahan)។ការវាយប្រហារនេះមិនបណ្តាលអោយស្លាប់មនុស្ស ឬបង្ការខូចខាតធំដុំទេ។
រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ នៅមិនទាន់បន្ទោសលើក្រុមឬប្រទេសណាជាផ្លូវការនៅឡើយទេ តែសមាជិកសភាម្នាក់បាននិយាយក្នុងទូរទស្សន៍រដ្ឋថា មានការសង្ស័យខ្លាំងថាអ៊ីស្រាអែលនៅពីក្រោយ។វាកើតឡើងចំពេលមានសេចក្តីរាយការណ៍មួយថា សហភាពអឺរ៉ុបប្រុងដាក់ក្រុមឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាក្រុមភេរវកម្មមួយ៕
ការវាយប្រហារដោយដ្រូវលើទីតាំងយោធាអ៊ីរ៉ង់កើតឡើងជាលើកដំបូងក្រោយលោកបេនចាមីន ណេតាន់យ៉ាហ៊ូ ចូលកាន់តំណែងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលកាលពីខែមុន