ប្រែសម្រួលៈបំណង(ស្ត្រេតថែមស)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)បានទៅដល់សិង្ហបុរីកាលពីថ្ងៃចន្ទទី៣០មករា សំរាប់ដំណើរទស្សនកិច្ចផ្លូវការនិងលើកដំបូងរបស់លោកនៅក្នុងបុរីរដ្ឋនេះចាប់តាំងពីពេលលោកស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីទីដប់កាលពីថ្ងៃ២៤វិច្ឆិកា។
ក្រោយពិធីបដិសណ្ឋារកិច្ចផ្លូវការមួយ លោកអាន់វ៉ា បានចូលជួបសម្តែងការគួរសមចំពោះប្រធានាធិបតី ហាលីម៉ា យ៉ាកុប(Halimah Yacob) បន្ទាប់មកជួបនាយករដ្ឋមន្ត្រី លី សៀនលុងនិងទទួលទានអាហារថ្ងៃត្រង់រួមគ្នា។
ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេលមួយថ្ងៃ លោកអាន់វ៉ានិងសមភាគីសិង្ហបុរី នឹងធ្វើជាសាក្សីនៃការចុះហត្ថលេខាចំនួនបីរវាងម៉ាឡេស៊ីនិងសិង្ហបុរី។ក្រោយការចុះកិច្ចព្រមព្រៀងអំពីសេដ្ឋកិច្ចបៃតងរវាងប្រទេសទាំងពីរ ភាពជាដៃគូនេះត្រូវរំពឹងថានឹងពង្រឹងកិច្ចសហការគ្នាលើការការបន្ថយការបញ្ចេញចោលឧស្ម័នកាបូនិចនៅតាមឧស្សាហកម្មនៃប្រទេសទាំងពីរ និងជួយក្រុមហ៊ុនព្រមទាំងកម្មករអោយចាប់យកឳកាសនៅក្នុងសេដ្ឋកិច្ចបៃតង។
កិច្ចព្រមព្រៀងមួយគឺអនុស្សរណៈនៃការយោគយល់គ្នាមួយស្តីពីកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យការពារទិន្នន័យបុគ្គល សន្តិសុខអ៊ីនធឺណិត និងសេដ្ឋកិច្ចឌីជីថលរវាងក្រសួងទូរគមនាគមន៍និងព័ត៌មានសិង្ហបុរី និងក្រសួងទូរគមនាគមន៍និងឌីជីថលម៉ាឡេស៊ី។
រដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្មនៃប្រទេសទាំងពីរក៏នឹងចុះហត្ថលេខាលើក្របខណ្ឌកិច្ចសហប្រតិបត្តិការចំនួនពីរសំរាប់សេដ្ឋកិច្ចឌីជីថលនិងសេដ្ឋកិច្ចបៃតង។
កិច្ចព្រមព្រៀងទាំងនេះបង្ហាញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជំរៅរវាងប្រទេសក្បែរខាងគ្នាទាំងពីរ និងជំរុញកិច្ចសហការសេដ្ឋកិច្ចឌីជីថលធំឡើងនៅក្នុងអាស៊ាន៕
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជួបប្រធានាធិបតី នាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការបរទេសសិង្ហបុរីក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃចន្ទ