ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឃាត់ខ្លួន បុរសខ្មែរអ៊ីស្លាមម្នាក់ ពាក់ព័ន្ធករណីល្បួងក្មេងស្រីម្នាក់ តាមហ្វេសប៊ុក ហើយបានណាត់ ក្មេងស្រី​នោះ ទៅដេកនៅផ្ទះសំណាក់នៅខេត្តបន្ទាយមានជ័យ។

បុរសរស់វ័យកណ្តាលម្នាក់ជាជនសង្ស័យមានចេតនា ហើយបានមធ្យោបាយនិងល្បិចទៅល្បួងក្មេងស្រីម្នាក់តាមហ្វេសប៊ុក​អោយទន់និងបាក់ចិត្តព្រមស្ម័គ្រ ហើយបានណាត់ ទៅដេកផ្ទះសំណាក់ ។

ប៉ុន្តែ ដោយបែកធ្លាយរឿង ក៏ត្រូវបងប្រុស របស់ក្មេងស្រីដឹងទាន់ ក៏បានប្តឹងកម្លាំងអាវុធហត្ថ ទៅចាប់ឃាត់ខ្លួនបានកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២៧ ខែមករា​ ឆ្នាំ២០២៣​ នៅចំណុចម្តុំបេនឡានក្រុងសិរីសោភ័ណ​ ស្ថិតនៅភូមិ៣​ សង្កាត់ព្រះពន្លា​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ។

លោកវរសេនីយ៍ត្រី យ៉ាន់សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថ្ងៃទី២៨ ខែមករា ថ្មីៗនេះថាៈ បុរសជាជនសង្ស័យ​ មានឈ្មោះ ហួត កើ អាយុ ៤៥ ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មានមុខរបរ ជាជាងធ្មេញ រស់នៅបណ្តោះអាសន្ន ក្នុងភូមិតាជើង ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

​លោកបានបន្តថាៈ នៅថ្ងៃកើតហេតុ កន្លងមក ឈ្មោះ ហួត កើ ជាជនសង្ស័យនោះ បានរកគ្រប់ល្បិច និងតាមហ្វេសប៊ុក​ ទៅល្បួងក្មេងស្រី ឈ្មោះ​ ជ​ ស ប​ អាយុ ១៧ ឆ្នាំ​ រស់នៅភូមិភ្នំរន្ទះ​ ឃុំអង្គប្រាសាទ​ ស្រុកគិរីវង់​ ខេត្តតាកែវ ដែលសព្វថ្ងៃ មករស់នៅ ជាមួយនឹងបង រហូតដល់ទន់ចិត្ត បាក់ចិត្តស្រឡាញ់ ហើយបានណាត់ជួបក្មេងស្រីនោះឲ្យ ជិះរថយន្ត មកខេត្តបន្ទាយមានជ័យ ។ តែក្មេងស្រីនោះមិនស្គាល់ច្បាស់ ក៏បានជិះហួស។
ពេលនោះ ក្មេងស្រីអ ស់លុយ បានឲ្យបងផ្ញើលុយឲ្យខ្លួនជិះរថយន្តមកវិញ ទើបបងបាន ដឹង តាមដំណើររឿង។

បងប្រុសក្មេងស្រីនោះ ឈ្មោះ ជា​ ភក្តី​ អាយុ ២៤ ឆ្នាំ​ រស់នៅភូមិតាង៉ែន​ ឃុំតាគ្រាម​ ស្រុកបាណន់​ ខេត្តបាត់ដំបង​ បានជិះរថយន្ត មកខេត្តបន្ទាយមានជ័យមុន ហើយបានប្តឹង កងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ ឲ្យត្រៀមស្ទាក់ចាប់ជនសង្ស័យ ហើយធ្វើបាន សម្រេច នៅចំណុចបេនឡាន ក្រុងសិរីសោភ័ណ។

នៅពេលនោះ អាវុធហត្ថក្រុងសិរីសោភ័ណ បានដកហូតវត្ថុតាង រួមមាន ម៉ូតូហុងដា​ សេរីឆ្នាំ២០០៥​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1K-5715​ មួយគ្រឿង , ទូរស័ព្ទ​ដៃ ២គ្រឿង​ហើយបញ្ជូនមកទីបញ្ជាកាកងរាជអាវុធខេត្តដើម្បីចាត់ការបន្ត។

ជនសង្ស័យ​ បានសារ​ភាពថាៈ ខ្លួនពិតជាបានប្រើប្រាស់​ គណនីហ្វេសប៊ុកក្លែងក្លាយ​ ឆបោកជនរងគ្រោះ ក្នុងចេតនាមិនល្អ លើនារីរងគ្រោះ ខាងលើពិតមែន ដ្បិតបានឮ សម្លេង និងឃើញរូបនាង នៅក្មេង ហើយស្អាតឆោមឆាយ ។

លោកវរសេនីយ៍ទោ ព្រហ្ម​ ថេង​ ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារ អនិតិជន បានឲ្យដឹងថា​: ដោយបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធី ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ជនសង្ស័យ ត្រូវបានកម្លាំង ការិយាល័យជំនាញ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៨ ខែមករា​ ឆ្នាំ​២០២៣ ដើម្បីចាត់ការតាមនីតិវិធី ៕ V / N