ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រដ្ឋមន្ត្រីអូស្ត្រាលីនិងបារាំងនឹងជួបប្រជុំគ្នានៅថ្ងៃចន្ទនេះក្នុងការជំរុញថ្មីមួយដើម្បីជួសជុលទំនាក់ទំនងឡើងវិញពោលគឺ១៦ខែបន្ទាប់ពីរដ្ឋាភិបាលក្រុងកង់បេរ៉ាបានលុបចោលកិច្ចសន្យាទិញនាវាមុជទឹកដ៏ធំមួយដែលធ្វើឱ្យរដ្ឋាភិបាលក្រុងប៉ារីសខឹងច្រឡោត។
ជម្លោះដ៏ជូរចត់នេះបានផ្ទុះឡើងក្នុងខែកញ្ញា ឆ្នាំ ២០២១ នៅពេលនាយករដ្ឋមន្ត្រីមុនរបស់អូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison)បានលុបចោលកិច្ចសន្យាភ្លាមៗសម្រាប់បារាំងសាងសង់នាវាមុជទឹកដើរដោយថាមពលប្រេងម៉ាស៊ូតសំរាប់លក់អោយអូស្ត្រាលី និងបានប្រកាសកិច្ចព្រមព្រៀងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អាម៉េរិកឬអង់គ្លេសជំនួសវិញ។
ជម្លោះអំពីនាវាមុជទឹកនេះបានកើតឡើងជាផ្នែកនៃសន្ធិសញ្ញាសន្តិសុខថ្មីមួយរវាងអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាម៉េរិក ដែលគេហៅថា AUKUS ក្នុងគោលបំណងប្រឆាំងនឹងចិនដែលកំពុងកើនឡើងឥទ្ធិពល។
ជម្លោះនេះបានធ្វើឱ្យខូចដល់ទំនាក់ទំនងនិងគំរាមពន្លិចកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុបនិងអូស្ត្រាលី ប៉ុន្តែភាគីទាំងពីរបានចាប់ផ្តើមផ្សះផ្សា ចាប់តាំងពីនាយករដ្ឋមន្ត្រី អានថូនី អាល់បាណេស (Anthony Albanese) ឡើងកាន់អំណាចនៅទីក្រុងកង់បេរ៉ា ដោយប្តេជ្ញាជួសជុលទំនាក់ទំនងជាមួយរដ្ឋាភិបាលក្រុងប៉ារីស។
កាលពីខែវិច្ឆិកា ប្រធានាធិបតីបារាំងលោក អេមម៉ានុយអែល ម៉ាក្រុង បាននិយាយថា ការផ្តល់ជូននាវាមុជទឹករបស់ប្រទេសគាត់ “នៅតែមាននៅលើតុ”គឺមួយថ្ងៃគត់បន្ទាប់ពីបានជួបជាមួយលោកអាល់បាណេសក្នុងកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសឥណ្ឌូនេស៊ី។
លោកម៉ាក្រុងបាននិយាយថា នាវាមុជទឹកនឹងមានលក្ខណៈធម្មតា មិនមែនដើរដោយនុយក្លេអ៊ែរទេ ហើយនឹងត្រូវសាងសង់នៅក្នុងប្រទេសអូស្ត្រាលី។
លោកអាល់បាណេសបានសាទរចំពោះការចាប់ផ្តើមថ្មីនៃទំនាក់ទំនងនេះរួចហើយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីស ដោយសង្កត់ធ្ងន់ថាលោកនឹងធ្វើសកម្មភាពដោយ “ការជឿទុកចិត្ត ការគោរព និងភាពស្មោះត្រង់” ក្នុងទំនាក់ទំនងរបស់គាត់ជាមួយលោកម៉ាក្រុង៕
លោកម៉ាក្រុងនិងលោកអាល់បាណេសបានប៉ះប៉ូវទំនាក់ទំនងឡើងវិញ ក្រោយមានជម្លោះអំពីនាវាមុជទឹក