ដោយៈសុផល/ភ្នំពេញ៖សហគ្រិនវ័យក្មេងផ្នែកអប់រំគ្រោងនឹងបង្កើតសាលារៀនសហគមន៍២១ចំនួន២០០កន្លែងនៅតាមបណ្តាស្រុកទូទាំងប្រទេសដើម្បីជួយបណ្តុះ បណ្តាលដល់យុវជននៅតំបន់ជនបទឱ្យចេះជំនាញវិជ្ជាជីវៈខ្ពស់សំដៅចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចំរើនថែមទៀត។
ថ្លែងក្នុងពិធីផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេសAនិងវិធីប្រគល់វិញ្ញាបនប័ត្របញ្ចប់ការសិក្សាសិស្សថ្នាក់ទី១២ឆ្នាំសិក្សា២០២១-២០២២នៅព្រឹកថ្ងៃទី២៧ខែមករានៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយក បណ្តាញគ្រឹះអប់រំ វេសឡាញអេឌ្យូខេសិន គ្រុប(Education Group)បានមានប្រសាសន៍ ថាបច្ចុប្បន្នយើងបានបើក សាលារៀនសហគមន៍២១បានចំនួន៣ទីតាំងរួចមកហើយៗគ្រោងនឹងពង្រឹកឱ្យបាន២០០កន្លែងនៅតាមបណ្តាស្រុកទូទាំងប្រទេសដើម្បីចូល រួមលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងសហគមន៍ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។
លោកបានបន្តថាសាលានេះសិស្សអាចរៀនទូទៅចាប់ពីថ្នាក់មតេយ្យរហូតដល់ថ្នាក់ទី៩។ប៉ុន្តែចាប់ពីថ្នាក់ទី១០ទៅបង្រៀននូវជំនាញវិជ្ជាជីវៈផ្សេងៗទៅតាមសក្តានុពលសដ្ឋកិច្ចរបស់ស្រុកនីមួយៗដើម្បីធ្វើយ៉ាងណាពេលសិស្សរៀនចប់ថ្នាក់ទី១២អាចមានសមត្ថភាពរកការងារធ្វើនិងប្រកបអាជីវកម្មបានទទួលប្រាក់ខែសមរម្យសម្រាប់ចិញ្ចឹម ជីវិតខ្លួនឯងនិងផ្គត់ផ្គង់គ្រួសារនិងអាចរៀនបន្តទៅមហាវិទ្យាល័យបានផងដែរ។
លោកបន្តទៀតថាការរៀនជំនាញវិជ្ជាជីវៈមិនមែនជាជម្រើសចុងក្រោយឬសម្រាប់តែសិស្សរៀនខ្សោយនោះទេវាជាជំនាញមួយដែលមនុស្សម្នាក់ៗត្រូវតែមានសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃពិសេសដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិឱ្យរីកចំរើន។
លោកបានបញ្ជាក់ថាប្រទេសជាតិអាចរីកចំរើនទៅបានអាស្រ័យមានការចូលរួមពីយើងទាំងអស់គ្នាមិនមែនរាជរដ្ឋាភិបាលម្នាក់ឯងធ្វើទៅបាននោះទេពោលគឺធ្វើយ៉ាងណាយើងម្នាក់ៗក្លាយជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិទាំងសាលារៀនលោកគ្រូអ្នកគ្រូនិងមាតាបិតាសិស្សមានតួនាទីសំខាន់ក្នុងការបណ្តុះធនធាន មនុស្សឱ្យមានសក្តានុពលទៅថ្ងៃអនាគត។
សូមជម្រាបថា បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ផ្តល់សេវាកម្មអប់រំចំណេះទូទៅខ្មែរនិងភាសាអង់គ្លេសចាប់ពីកម្រិតមត្តេយ្យ រហូតដល់វិទ្យាល័យតាមស្តង់ជាតិ និងអន្តរជាតិ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ២០០៨បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញអេឌ្យូខេសិនគ្រុបមានសាលា រៀនវ៉េស្ទឡាញន៍ ១១សាខា សាលារៀនណត្សឡាញន៍ ១សាខា សាលាអន្តរជាតិ ហ្វររ៉េសហៀល ១សាខា សាលាភាសាអង់គ្លេសលីឌឺលែន ១សាខា សាលារៀនសហគមន៍ ៣សាខា និងវិទ្យាស្ថានអភវិឌ្ឍវិស័យអប់រំ ១សាខា៕Ph