ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ថ្ងៃនៃការដណ្តើមគ្នាអង្គុយកៅអីខាងមុខអាចនឹងចប់ក្នុងពេលឆាប់ៗនេះ ដោយសារក្រុមហ៊ុន BMWដែលបាននាំយកកៅអីខាងក្រោយទៅកាន់កម្រិតថ្មីមួយទៀតនៅក្នុងរថយន្តឆ្លាតវៃបច្ចេកវិជ្ជាខ្ពស់របស់ខ្លួនតម្លៃ ១១០.០០០ ផោន (១៣៦.០០០ ដុល្លារ )។
រថយន្តអគ្គិសនីពេញលេញថ្មី BMW i7គឺមានការតភ្ជាប់ប្រព័ន្ធ 5G ការបញ្ចេញពន្លឺសម្រាប់អារម្មណ៍នៅខាងក្នុងរថយន្ត និងអេក្រង់ភាពយន្តធំទូលាយនៅខាងក្រោយ។
អេក្រង់ 8K ដែលមានទំហំ ៣២x៩ អ៊ីញ នឹងលៀនចេញពីដំបូលនៅពេលចុចប៊ូតុងមួយ ហើយចាក់វីដេអូពី Netflix, YouTube និងបណ្តាញជាច្រើនទៀត។
BMW i7 ជាប្រភេទរថយន្តអគ្គិសនីថ្មីរបស់ស៊េរីរថយន្តត្រកូល BMW 7 ដែលត្រូវបានផលិតដោយក្រុមហ៊ុនរថយន្តអាល្លឺម៉ង់តាំងពីឆ្នាំ ១៩៧៧។
យោងតាមក្រុមហ៊ុននេះ រថយន្តថ្មីនេះបានកំណត់អត្ថន័យឡើងវិញនូវពាក្យប្រណីតភាព “ជាមួយនឹងកម្រិតថ្មីនៃថាមពលអគ្គិសនី និរន្តរភាព និងឌីជីថលភាវូបនីយកម្ម”។
ក្រុមហ៊ុន BMW បាននិយាយថា “ស៊េរីរថយន្ត BMW 7 ថ្មីតំណាងឱ្យការបោះជំហានយ៉ាងសំខាន់ពីស៊េរីរថយន្តជំនាន់មុនដ៏ល្បីរបស់វា ជាមួយនឹងលក្ខណៈពិសេសច្នៃប្រឌិតថ្មី ដែលរចនាឡើងដើម្បីផ្តល់នូវភាពរីករាយក្នុងការបើកបរដ៏មិនគួរឱ្យជឿ ការផ្តល់ផាសុកភាពក្នុងការបើកបរផ្លូវឆ្ងាយ និងបទពិសោធន៍ឌីជីថលដ៏ទំនើប”។
រហូតមកទល់ពេលនេះ លក្ខណៈពិសេសដែលមានមោទនភាពបំផុតរបស់រថយន្ត BMW i7 គឺ អេក្រង់ភាពយន្តទំហំ ៣២x៩ អ៊ីញ ដែលពិតជាធំទូលាយ មានរាងស្ទើរតែដូចបន្ទះឈើឬក្តារបន្ទះពិតៗ។
រថយន្តនេះអាចស្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងដោយប្រើពេល ៤,៧ វិនាទី ដោយសារម៉ូទ័រអគ្គិសនីចំនួនពីររបស់វា ដែលម៉ូទ័រមួយផ្តល់ថាមពលដល់កង់មុខ និង មួយទៀតផ្តល់ថាមពលដល់កង់ក្រោយ។
វាមានល្បឿនកំពូល ២៤៩ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចបើកបានចម្ងាយ ៦០០ គីឡូម៉ែត្រពេលសាកភ្លើងពេញ ដោយការសាកភ្លើងពេញម្តងៗចំណាយពេលត្រឹម ៣០ នាទីប៉ុណ្ណោះ៕
រថយន្តអគ្គិសនី BMW i7 មានអេក្រង់មើលកុននៅកៅអីក្រោយដ៏ប្រណីត