ដោយៈ គង់ហេង/ កំពង់ចាម៖ វត្តតុសិតារាម ហៅវត្តព្រែកសង្កែដែលស្ថាបនា លើផ្ទៃដី ៤៣.២០០ ម៉ែត្រការ៉េ ស្ថិតក្នុងភូមិកោះកណ្តាល ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ គឺមានប្រវត្តិជិត ១០០ ឆ្នាំហើយបច្ចុប្បន្នវត្តមួយនេះត្រូវបានសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅៗ និងសប្បុរសជនក្នុងនៅក្រៅប្រទេស បានជួយឧបត្ថម្ភ សាងសង់សមិទ្ធិផលថ្មីសរុបទឹកប្រាក់ប្រមាណជិត៤០ម៉ឺនដុល្លារ អាមេរិក ដែលនាំឱ្យមានពិធីសម្ពោធឆ្លងសមិទ្ធិផលក្នុងវត្ត ក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ហ៊ុន ម៉ានិត នៅព្រឹកថ្ងៃទី ៣០ មករានេះ។
នៅក្នុងសន្ទរកថាស្វាគមន៍របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ពីវិស័យព្រះពុទ្ធសាសនា ការដាក់ចេញនូវគោលនយោបាយអភវឌ្ឍន៍ប្រកបដោយចីរភាព និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ខេត្តកំពង់ចាមបាន និងកំពុងមានការរីកចម្រើន និងប្រែប្រួលជាបន្តបន្ទាប់ ពិសេសវិស័យកសិកម្មកំពុងមានការប្រែប្រួលថ្មី តាមរយៈការយល់ដឹងការប្រែប្រួលទម្លាប់អន់ថយ ការផលិតសម្រាប់ផ្ទត់ផ្គង់ទៅជាការផលិតសម្រាប់បម្រើឱ្យការនាំចេញ និងវិស័យអគ្គិសនីបានតភ្ជាប់បណ្តាញឱ្យប្រើប្រាស់ចំនួន ៩២១ ភូមិលើ ៩២៣ ភូមិស្មើនឹង ៩៩,៧៨ ភាគរយ ដែលមានប្រជាពលរដ្ឋប្រើប្រាស់ចំនួន ២១០.០២៩ ខ្នងផ្ទះ។
លោកអភិបាលខេត្តកំពង់ចាមបានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងប្រវត្តិនៃវត្តតុសិតារាម(ហៅវត្តព្រែកសង្កែ) បង្កើតឡើងនាទស្សវត្សឆ្នាំ១៩៤២ ដើមឡើយមានទីតាំងស្ថិតនៅភូមិដីដុះ ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ដោយគ្រោះធម្មជាតិបាក់ ច្រាំងទន្លេមេគង្គ វត្តនេះត្រូវបានរុះរើប្ដូរទីតាំងមកកសាងនៅកន្លែងសព្វថ្ងៃនេះ ស្ថិតនៅភូមិកោះកណ្តាល ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាទស្សវត្សឆ្នាំ១៩៥៨ គិតមកដល់សព្វថ្ងៃបច្ចុប្បន្ន វត្តនេះមានអាយុកាលជាងប៉ែតសិបឆ្នាំ មានផ្ទៃដីសរុបចំនួន ៤៣.២០០ ម៉ែត្រការ៉េ និងមានព្រះគ្រូ ចៅអធិការចំនួនបីព្រះអង្គ។ ព្រះគ្រូចៅអធិការទី១ ព្រះនាម ខៀវ សួន ព្រះអង្គដឹកនាំគ្រប់គ្រប់រហូត ដល់ឆ្នាំ១៩៧២ ព្រះអង្គបានអនិច្ចធម្ម បន្ទាប់មកព្រះគ្រូចៅអធិការទី២ ព្រះនាម ស្រេង ប៉ូវ ព្រះអង្គ ដឹកនាំព្រះសង្ឃ បរិស័ទ កសាងសមិទ្ធផលផ្សេងៗ រួមមាន ព្រះវិហារ កុដិ សាលាឆាន់។ល។ លុះមក ដល់អំឡុងទស្សវត្សឆ្នាំ១៩៧៥ ប្រទេសជាតិបានធ្លាក់ចុះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត វត្ត នេះពួក ប៉ុល ពត បានយកព្រះវិហារធ្វើជារោងបាយ រួមនិងកុដិ សាលា ធ្វើជាមន្ទីរដាក់កងចល័តទាំង អស់។ នៅថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ព្រះពុទ្ធសាសនាបានរស់រានឡើងវិញ វត្តតុសិតារាម ក៏ដូច វត្តអារាមទូទាំងប្រទេស បានរៀបចំកសាងនូវសមិទ្ធផលនានាឡើងវិញ។ ចៅអធិការទី២ បានបន្ត ដឹកនាំគ្រប់គ្រងរហូតដល់ឆ្នាំ១៩៨៧ ព្រះអង្គបានអនិច្ចធម្ម ដោយបានបន្សល់ទុកនូវស្នាព្រះហស្ថជា ច្រើនសម្រាប់សាសនា និងសង្គមជាតិ ។ ក្រោយពីព្រះគ្រូចៅអធិការទី២ អនិច្ចធម្មទៅ ព្រះគ្រូ ចៅអធិការទី៣ ព្រះនាមព្រះវិភទ្ទញ្ញាណ មុំ សុខគឿន សុវណ្ណជោតិ បានគ្រប់គ្រងដឹកនាំពុទ្ធបរិស័ទ ក្នុង និងក្រៅប្រទេស បន្តកសាងនូវសមិទ្ធផលផ្សេងៗរួមមាន ព្រះវិហារធំថ្មី និងឧបដ្ឋានសាលា ឧបត្ថម្ភកសាងដោយសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៕/R