ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ស្ថានទូតអាម៉េរិកនៅតួកគីកាលពីថ្ងៃចន្ទបានព្រមានអំពីការវាយប្រហារភេរវកម្មដែលអាចកើតមាននៅព្រះវិហារ កន្លែងជួបជុំនិងស្ថានបេកកម្មការទូតនៅក្រុងអ៊ីស្តាន់ប៊ុល ។វាជាការព្រមានលើកទីពីរក្នុងរយៈពេលបួនថ្ងៃមកនេះ បន្ទាប់ពីមានហេតុការណ៍ដុតគម្ពីរកូអាននៅអឺរ៉ុប។
នៅក្នុងការព្រមានជាថ្មី ស្ថានទូតអាម៉េរិកបាននិយាយថា«អាចនឹងមានការវាយប្រហារសងសឹកក្នុងពេលឆាប់ៗដោយពួកភេរវករ»នៅតំបន់ដែលសំបូរជនលោកខាងលិច ជាពិសេសសង្កាត់Beyoglu, Galata, Taksim និង Istiklalរបស់ទីក្រុង។
អាជ្ញាធរតួកគីកំពុងស៊ើបអង្កេតបញ្ហានេះ។
កាលពីថ្ងៃសុក្រ ស្ថានទូតជាច្រើននៅក្រុងអង់ការ៉ាក្នុងប្រទេសតួកគី រួមមានស្ថានទូតអាម៉េរិក អាល្លឺម៉ង់ បារាំងនិងអ៊ីតាលីបានចេញការព្រមានអំពីការវាយប្រហារសងសឹកដែលអាចកើតមានលើទីតាំងសក្ការៈនានាក្រោយមានបាតុកម្មដុតសៀវភៅសាសនាអ៊ីស្លាមនៅស៊ុយអែត ហូឡង់និងដាណឺម៉ាក។
កាលពីថ្ងៃសៅរ៍ តួកគីក៏បានព្រមានពលរដ្ឋខ្លួនអំពីការវាយប្រហារប្រឆាំងសាសនាអ៊ីស្លាមឬសាសនានិងជនជាតិដទៃនិងការវាយប្រហារប្រកាន់ជាតិសាសន៍នៅអាម៉េរិកនិងអឺរ៉ុប។ក្រសួងការបរទេសស៊ុយអែតក៏បានណែនាំពលរដ្ឋខ្លួននៅតួកគីអោយជៀសវាងហ្វូងមនុស្សនិងបាតុកម្ម។
អ្នកនយោបាយប្រឆាំងអន្តោប្រវេសន៍និងក្រុមស្តាំកាលពីសប្តាហ៍មុនបានដុតគម្ពីរកូអានមួយនៅក្បែរស្ថានទូតតួកគីនៅទីក្រុងស្តុកខុម(Stockholm)ក្នុងអំឡុងពេលមានការតវ៉ាប្រឆាំងមួយ ដែលវារំលេចអំពីភាពតានតឹងរវាងតួកគីនិងស៊ុយអែត។
ការដុតសៀវភៅពិសិដ្ឋនៃសាសនាអ៊ីស្លាមន៏កើតមាននៅហូឡង់និងដាណឺម៉ាក ជាហេតុនាំអោយប្រទេសកាន់សាសនាអ៊ីស្លាមជាច្រើនក្នុងប្រតិកម្ម៕
ប្រជាជននៅទីក្រុងឡាហ័ររបស់ប៉ាគីស្ថានប្រឆាំងនឹងស៊ុយអែតក្រោយមានការដុតគម្ពីរសាសនាអ៊ីស្លាមនៅទីនោះ