ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងទេសចរណ៍ បានប្រកាសជូនដំណឹងមួយ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នេះ ស្តីពីការរៀបចំពីធីបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next) ” ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ។
យោងតាមសេចក្តីជូនដំណឹងរបស់ខ្លួននោះ ក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថាៈ ដោយទទួលបានការអនុញ្ញាតដ៏ ខ្ពង់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ រួមសហការជាមួយនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងពាណិជ្ជកម្ម សាលាខេត្តកំពង់ធំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សភាពាណិជ្ជកម្មខេត្តកំពង់ធំ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន នឹងរៀបចំពីធីបុណ្យទន្លលើកទី៧ ក្រោមប្រធានបទ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ក្នុងគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយ សក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្មក្នុងការងារអភិវឌ្ឍន៍ទេសចរណ៍ សហគមន៍។
ពិធីបុណ្យទន្លេឆ្នាំនេះ នឹងផ្តល់ជូនសកម្មភាពសំខាន់ៗ ចំនួន ៣ ដូចខាងក្រោម៖
១. ការផ្សាយបន្តផ្ទាល់នូវការសម្ដែងទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រី ដោយមានការចូលរួមពីសំណាក់ ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិ និងការបាញ់កាំជ្រួច អបអរសាទរពិធីបុណ្យទន្លេ ។
២. មហោស្រពម្ហូបអាហារខ្មែរ និងអន្តរជាតិ ស្រា និងភេសជ្ជៈ ព្រមទាំងការបង្ហាញ ផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្ត តាមដងទន្លេ និង ការតាំងពិព័រណ៍ ផលិតផលកសិទេសចរណ៍ និងផលិតផលក្នុងស្រុក។
៣. សកម្មភាពកីឡា ដោយមានការចូលរួមពីសំណាក់កីឡាករ កីឡាកាវិនីជាតិ អន្តរជាតិ។
អាស្រ័យហេតុនេះ សូមអញ្ជើញភ្ញៀវទេសចរជាតិ អន្តរជាតិចូលរួមទស្សនា និងកម្សាន្តដោយមេត្រី។ ចំពោះក្រុមហ៊ុនឯកជន ធុរជន និងសិល្បករ សិល្បការិនី តារាចំរៀងជាតិ ដែលមានបំណងចូលរួម ក្នុងសកម្មភាពនានា នៃពិធីបុណ្យនេះ សូមទំនាក់ទំនងមក គណៈកម្មការ ដូចមានចែងក្នុងសេចក្ដីជូនដំណឹងនេះ៕/V