ដោយៈ សុផល / ភ្នំពេញ៖ ក្នុងរយៈពេលជិត ៤ខែ គិតចាប់ពីដើមខែតុលា ឆ្នាំ២០២២ មកទល់ចុងខែមករា ឆ្នាំ២០២៣ នេះ មានយានយន្តធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវល្បឿនលឿន ប្រមាណជិត ១,៥ លានដង មានគ្រោះថ្នាក់ចរាចរណ៍ប្រមាណ ៧០ ករណី និងមិនមានការបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬបាត់បង់អាយុជីវិតឡើយ។ នេះបើតាមការឱ្យដឹង របស់លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនង សាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។
នេះបានបង្ហាញឱ្យឃើញពីលទ្ធផលជាវិជ្ជមាន កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយការចំណាយ កាត់បន្ថយពេលវេលាធ្វើដំណើរ និងដឹកជញ្ជូនទំនិញ ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ យ៉ាងមានប្រសិទ្ធភាព។
សូមជម្រាបជូនថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥ គ.ម មានច្រកចេញចូលចំនួន ៨ ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បង កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា និងលោក នាយករដ្ឋមន្ត្រីចិន៕/V