ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព របស់គម្រោងអភិវឌ្ឍន៍វិស័យអប់រំ មធ្យមសិក្សាទុតិយភូមិ (USESDP-II) ដើម្បីពិនិត្យមើលវឌ្ឍនភាពរួម នៃការអនុវត្តគម្រោង និងផែនការចុះគាំទ្រសាលារៀន។
គួរបញ្ជាក់ថា ពិធីនេះ បានប្រព្រឹត្តិទៅ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ដោយគេឃើញ មានការចូលរួម ជាអធិបតីភាព លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងសមាជិកគម្រោង សរុប ១៦ រូប។
ក្រសួងអប់រំ បានឱ្យដឹងដែរថាៈ គម្រោងអភិវឌ្ឍន៍វិស័យអប់រំ មធ្យមសិក្សាទុតិយភូមិទី២ (USESDP-II) បានការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ សង្ហារិម សម្ភារៈ និងថវិកា សម្រាប់ការបណ្ដុះបណ្ដាលស្ទែម បណ្ណាល័យ ពិសោធន៍វិទ្យាសាស្ត្រ បានរៀបចំ រួចហើយ។ ផែនការបន្ទាប់ គឺការរៀបចំក្របខណ្ឌ នៃការចុះអនុវត្តការគ្រប់គ្រង តាមសាលារៀន ដែលត្រូវរៀបចំជា ក្រុមការងារគ្រប់គ្រងទូទៅ ក្រុមការងារគ្រប់គ្រង បច្ចេកទេស ក្រុមគ្រូបង្គោល និងក្រុមគោលដៅ ។
ជាមួយគ្នានេះ ក្រសួងអប់រំ បានបញ្ជាក់បន្ថែមថាៈ កិច្ចប្រជុំបានពិភាក្សា និងសម្រេចពី ការរៀបចំរួមគ្នា ឱ្យទៅជាប្រព័ន្ធគាំទ្រសាលារៀនរួមគ្នា ដោយមានថ្នាក់ដឹកនាំក្រសួង និងមន្ត្រីអនុវត្តគម្រោង អង្កេតមើលផ្ទាល់ការបង្រៀននៅក្នុងថ្នាក់ ដើម្បីជំរុញដល់ ការអនុវត្តគម្រោង និងមានផលជះវិជ្ជមាន ដល់សាលារៀន។
គួរបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ មានការគាំទ្រផ្ដោតសំខាន់ដល់ វិទ្យាស្ថានជាតិអប់រំ វិទ្យាល័យមធ្យមសិក្សាធនធាន ទាំង៥០ និងវិទ្យាល័យបណ្ដាញ ៨៧ ៕/V